(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បុគ្គលឈ្មោះ ជូ ស៉ីជៀ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល លើថ្នាំញៀនដែលបានដកហូតពីឈ្មោះ ជូ ស៊ីជៀ មានទម្ងន់ធាតុសុទ្ធ៥.១៨ក្រាម ហើយឈ្មោះនេះបានសហការសារភាព នាំឲ្យទៅចាប់ដកថ្នាំជាច្រើននៅខុនដូរបស់ឈ្មោះ អ៊ួយ។
ការចេញមកបញ្ជាក់បែបនេះ បន្ទាប់មានពីការបង្ហោះចែកចាយព័ត៌មាននៅលើបណ្ដាញសង្គម ដោយយល់ខុសអំពីការអនុវត្តទោសលើបុគ្គលឈ្មោះ ជូ ស៉ីជៀ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ដំណាក់កាលស៊ើបសួរ ដោយឈ្មោះ អ៊ួយ មិនមានសាវតាគ្រប់គ្រាន់ ចៅក្រមស៊ើបសួរបានសម្រេច លើកលែងចោទប្រកាន់។
ក្រោយមកឈ្មោះ អ៊ួយ នេះត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយទៀត ដែលអង្គហេតុប្រព្រឹត្តអំឡុងពេលឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ ពេលវេលានេះបានក្តោបទាំងពេលវេលានៃការប្រព្រឹត្តនៅខុនដូរ The star Polaris 23 ផងដែរហើយ ឈ្មោះ អ៊ួយ ហៅ Yang Chin Chong ហៅ Yang Jing Zhong នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងកំពុងអនុវត្តទោសនៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ម១)។
នៅពេលសវនការ ឈ្មោះ អ៊ួយ ក៏បានឆ្លើយទទួលស្គាល់ថាថ្នាំច្រើន ដែលចាប់ដកហូតនៅទីតាំងទី២ ខុនដូរ The Star Polaris 23 ជារបស់ខ្លួន គឺមិនមែនរបស់ឈ្មោះ ជូ ស៉ីជៀ នោះទេ។ ដូចនេះចំពោះព័ត៌មានដែលចុះថា ថ្នាំចំនួន២១គីឡូក្រាមផ្តន្ទាទោស២ឆ្នាំ និងពិន័យ៤លានរៀល លើឈ្មោះ ជូ ស៉ីជៀ គឺជាការមិនត្រឹមត្រូវនោះទេ៕