(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារកម្ពុជាតូច ដូច្នេះត្រូវតែបើកទ្វារធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្ដរជាតិ និងត្រូវតែបើកឱ្យមានការនាំចេញ និងនាំចូលនូវទំនិញរវាងគ្នាទៅវិញទៅមក មិនអាចបិទមិនឱ្យគេនាំចូលមកវិញបានទេ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
ការលើកឡើងរបស់សម្ដេចបវរធិបតី គឺឆ្លើយតបនឹងការចម្ងល់ថាតើ ហេតុអ្វីបានជាកម្ពុជា ត្រូវចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក មុននឹងពង្រឹងខ្លួនឯង?
សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសមាហរណកម្ម ដើម្បីពង្រឹងខ្លួនយើង ពិតណាស់បើយើងបិទទ្វារវាស្រួល ប៉ុន្តែមិនប្រាកដថាស្រួលពេកទេ ទី១ ទីផ្សារយើងតូច ឥលូវលោកឧកញ៉ា លោកអ្នកឧកញ៉ា និងឧកញ៉ា ម៉ុង ឬទ្ធីនៅទីនេះ បើសិនជា យើងមិនបើកពាណិជ្ជកម្មខាងក្រៅ តើផលិតផលអង្ករស្រូវរបស់យើងមួយឆ្នាំ ១០លានតោន ១២លានតោន តើយើងប្រើអស់ទេនៅក្នុងប្រទេស ហើយសល់យកទៅណា បើសិនជាអត់ទីផ្សារយើងក៏នឹងមិនអភិវឌ្ឍន៍ ដាំរហូតដល់ប៉ុណ្ណឹងទេ យើងប្រហែលជាដាំនៅតែមួយរស់ៗហ្នឹងទៅ តែដោយសារមានការបើកទីផ្សារនេះឯង»។
ជាមួយគ្នានេះ សម្តេចបានថ្លែងបញ្ជាក់ថា ក្នុងការបើកទីផ្សារធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ត្រូវតែចំហរឱ្យមានការនាំចេញ និងនាំចូលរវាងគ្នាទៅវិញទៅមក និងត្រូវតែហ៊ានធ្វើការប្រកួតប្រជែង ពោលគឺកម្ពុជាមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលមកនោះទេ។
សម្តេចមានប្រសាសន៍ថា នៅក្នុងទីលានប្រកួតប្រជែងមួយត្រូវតែមានការបើកចំហរ ព្រោះពេលដែលកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មអន្តរជាតិ កម្ពុជាមិនអាចដាក់លក្ខខណ្ឌមួយចំនួនសម្រាប់ការពារខ្លួនបានទេ ប្រសិនបើយើងបិទនូវលក្ខខណ្ឌណាមួយ បានន័យថាយើងមិនទទួលនូវលក្ខខណ្ឌបែបនេះនោះទេ ហើយគេក៏មិនទទួលរបស់យើងដែរ។ ដូច្នេះហើយការធ្វើពាណិជ្ជកម្ម គឺការបើកទ្វារទាំងសងខាង និងត្រូវសម្របសម្រួលខ្លួនទៅលក្ខខណ្ឌឬកាលៈទេសៈផ្សេងៗ។
សម្ដេចបវរធិបតី មានប្រសាសន៍ថា ការដាក់ទិសដៅ ក្នុងការបើកទីផ្សារនេះ មិនមែនគ្រាន់តែចាប់យកទីផ្សារនោះធំទេ តែត្រូវតែការផលិតរបស់កម្ពុជា ទាមទារត្រូវតែមានស្តង់ដា ដើម្បីនាំចូលទៅបណ្តាប្រទេសអភិឌ្ឍន៍ដែលត្រូវការស្តង់ដាផលិតផលស្តង់ដាខ្ពស់។ ដូច្នេះ ទាំងរដ្ឋ និងឯកជនត្រូវតែពង្រឹងខ្លួនឯង តាមរយៈប្រើប្រាស់ទាំងបច្ចេកវិទ្យា និងស្តង់ដាផ្សេង ដើម្បីបំពេញតម្រូវការទីផ្សារ ដែលធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ៕
(FB) នាទី៖ ១.០៥.៣៩ ដល់១.១០.៤៨