(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមតាំងពិព័រណ៍ ក្នុងកម្មវិធី Minato Citizen Festival-International Friendship រៀបចំឡើងដោយសាលាខណ្ឌមីណាតុ ដើម្បីចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ តំបន់ទេសចរណ៍ និងផលិតផលកម្ពុជា ដល់មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យាន Shiba Koen ទីក្រុងតូក្យូ។

ក្នុងឱកាសនោះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងសហការី បានទទួលស្វាគមន៍ លោកស្រី SEIKE Ai អភិបាលខណ្ឌមីណាតុ ដែលបានផ្តល់កិត្តិយស មកទស្សនាស្តង់ស្ថានទូតកម្ពុជាដោយផ្ទាល់ និងបានផ្តល់ជូនលោកស្រីអភិបាលខណ្ឌនូវ វត្ថុអនុស្សាវរីយ៍ និងផលិតផលខ្មែរមួយចំនួន។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានរៀបចំឱ្យមានការបង្ហាញអំពីសិល្បៈរបស់កម្ពុជា ដែលសម្តែងដោយសិល្បៈករ ជាកុមារា កុមារី យុវជន និងយុវតី មកពីសហគមន៍ខ្មែរយើងដែលរស់នៅក្នុងប្រទេសជប៉ុនផងដែរ។

គួររំលឹកផងដែរថា កម្មវិធី Minato Citizen Festival-International Friendship ជាកម្មវិធីតាំងពិព័រណ៍ដ៏ធំប្រចាំឆ្នាំរបស់សាលាខណ្ឌមីណាតុដែលមានការចូលរួមពីបណ្តាសមាគម សាលារៀន ក្រុមហ៊ុនឯកជន និងបណ្តាស្ថានទូត នៅក្នុងតំបន់មីណាតុ ចំនួនរាប់រយស្តង់ ដែលក្នុងឆ្នាំ ២០២៤ នេះ មានស្តង់សរុបប្រមាណ ១៨០ និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់៕