(បារាំង)៖ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤។
ក្នុងវេទិកាពិភពលោកនេះ មន្រ្តីឧទ្យានុរក្ស បានពិភាក្សា សិក្សាស្វែងយល់ និងចែករំលែកនូវចំណេះដឹង ជំនាញថ្មីៗ ទាក់ទងនឹងការអភិរក្ស និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការបង្កើត និងបង្កើននូវទំនាក់ទំនងជាមួយមន្រ្តីឧទ្យានុរក្ស មកពីជុំវិញពិភពលោក ក្នុងបេសកកម្មតែមួយ គឺការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព ជាពិសេស លើកកម្ពស់ការងារមន្រ្តីឧទ្យានុរក្ស ឱ្យសម្រេចគោលដៅ 30x30 ( គីបង្កើនតំបន់ការពារ ដែនគោក ដែនទឹក ឱ្យសម្រេច ៣០% នៃផ្ទៃដីលើពិភពលោក)។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ សមាជ បានដាក់ចេញផែនការសកម្មភាពបង្កើតបរិយាកាសបើកចំហរសម្រាប់ឧទ្យានុរក្សក្នុងការបញ្ចេញមតិរួម និងស្តង់ដារសម្រាប់សមត្ថភាព ការងារសមភាព និងបង្កើតឧទ្យានុរក្សប្រកបដោយវិជ្ជាជីវះ គណនេយ្យភាព និងសមត្ថភាពខ្ពស់ ព្រមទាំងមានការទទួលស្គាល់ និងគោរពឱ្យតម្លៃសម្រាប់ការចូលរួមរបស់ពួកគេ។
សមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោក ឆ្នាំ២០២៤ មានមន្រ្តីឧទ្យានុរក្សមកពីជុំវិញពិភពលោក សរុបចំនួន ៤៦០នាក់ ក្នុងនោះមកពីអឺរ៉ុប ១៤៧នាក់ អាស៊ី ៧២នាក់ អូសេអានី ៧៩នាក់ អាហ្វ្រិក ៨២នាក់ អាមេរិកខាងជើង ៣៦នាក់ និងអាមេរិកខាងត្បូង ៤៤នាក់។ មន្ត្រីពីប្រទេសកម្ពុជា ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FF) សម្រាប់ការចូលរួមវេទិការនេះ។
សមាជឧទ្យានុរក្សពិភពលោកលើកទី១១ នឹងរៀបចំនៅប្រទេសអាហ្សង់ទីន នាឆ្នាំ២០២៧៕