(កំពង់ឆ្នាំង)៖ អតីតគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទ ចំនួន ១៦៧នាក់ ដែលចំណុះជើងវត្តទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង ស្ថិតក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយផ្ទុះអធិករណ៍ ជាមួយនឹងព្រះចៅអធិការវត្ត ព្រះនាម ពេជ្រ វេហា ដែលទើបបានតែងតាំងជាព្រះចៅអធិការថ្មី ក៏បាននាំគ្នាផ្ដិតមេដៃស្នើសុំឱ្យថ្នាក់ដឹកនាំ ពិសេសរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចុះធ្វើអធិការកិច្ច និងសុំឲ្យដកព្រេះចៅអធិការអង្គនេះចេញពីវត្ត ដោយជ្រើសរើសព្រះចៅអធិការថ្មី។
មូលហេតុដែលស្នើបែបនេះ ក៏ព្រោះតែព្រះចៅអធិការថ្មី កាប់ដើមឈើធំៗអាយុកាលរាប់រយឆ្នាំជាច្រើនដើមយកទៅលក់ បង្កភាពក្ដៅក្រហាយដល់ពុទ្ធបរិស័ទម្ដងជាពីរដង ហើយមានទាំងធ្លាប់ដាក់ឧបករណ៍បំពងសំឡេងដៀលគណៈកម្មការចាស់ និងប្រជាជនដែលមិនពេញចិត្តនឹងទង្វើព្រះសង្ឃខាងលើទៀតផង។ បើតាមការអះអាង របស់អតីតគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទិត្តំរង្សី ទាល់តែដកតំណែងចៅអធិការវត្តចេញ ទើបវត្តនេះមានប្រជាពុទ្ធបរិស័ទ ចូលធ្វើបុណ្យធ្វើទានដូចដើមឡើងវិញ។
លោក ញ៉េប ជា អតីតប្រធានគណៈកម្មការវត្ត ទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង បានរៀបរាប់ថា ចាប់តាំងពីព្រះចៅអធិការវត្តពីមុនបានលាចាកសិក្ខាបទទៅ ក៏ត្រូវបានតែងតាំងព្រះចៅអធិការថ្មី ព្រះនាម ពេជ្រ វេហា ព្រះជន្ម២៤ព្រះវស្សា មកគង់នៅក្នុងវត្តនេះទើបតែមានរយៈពេលជាង ១ឆ្នាំតែប៉ុណ្ណោះ បានធ្វើឲ្យប្រជាពុទ្ធបរិស័ទចំណុះជើងវត្តភាគច្រើនមិនពេញចិត្តជាមួយព្រះអង្គ ព្រោះតែចរិត ឫកពារ និងសកម្មភាពមួយចំនួនរបស់ព្រះអង្គ បានធ្វើឱ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយមិនពេញចិត្ត។
ចាប់តាំងពីព្រះគ្រូចៅអធិការអង្គនេះ ចូលមកគង់នៅក្នុងវត្តភ្លាម ព្រះចៅអធិការក៏បានរើសគណៈកម្មការអាចារ្យថ្មី និងបានបញ្ឈប់គណៈកម្មការអាចារ្យវត្តចាស់ៗពីមុនមកទាំងអស់ ដែលពួកគាត់ទាំងអស់នោះធ្លាប់មានស្នាដៃ ក្នុងការកសាងវត្តនេះជាមួយនឹងលោកគ្រូព្រះចៅអធិការវត្តមុន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តតាំង ពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០២៣ ដែលបានខិតខំកសាងតាំងពីបាតដៃទទេរហូតក្នុងវត្តនេះ ដោយបច្ចុប្បន្នមានសមិទ្ធផលជា ច្រើនដូចជា ព្រះវិហារ, សាលាឆាន់, របងវត្ត, របងព្រះវិហារ, ផ្លូវចូលក្នុងវត្ត, កុដិសម្រាប់ព្រះសង្ឃគង់នៅ, ស្រះទឹកចំនួន២ ជាពិសេសគឺខ្លោងទ្វារវត្ត ដែលជាទឹកចិត្តជ្រះថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចំណាយថវិកាក្នុងការកសាង តាមរយៈលោកគ្រូព្រះចៅអធិការ គណៈកម្មការអាចារ្យពីមុន។នៅមានសមិទ្ធផលជាច្រើនទៀត ដែលជាស្នាដៃរបស់អតីតព្រះគ្រូចៅអធិការអគណៈកម្មការ អាចារ្យ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុងការសាមគ្គីគ្នាកសាងវត្តទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង រយៈ ពេលជាង ២០ឆ្នាំកន្លងមកនេះ។
លោកបានបបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ដើម្បីឲ្យប្រជាពុទ្ធបរិស័ទបានចូលធ្វើបុណ្យទានក្នុងវត្ត ទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង ដូចពីពេលមុនៗឡើងវិញនោះ ក្នុងនាមលោកជាអតីតប្រធានគណៈកម្មការដែលត្រូវបានព្រះចៅអធិការថ្មី ខាងលើនេះបណ្ដេញចេញ លោកបានគោរពស្នើសុំដល់លោកប្រធានមន្ទីរធម្មការខេត្ត លោកអភិបាលខេត្ត ពិសេសរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មេត្តាចុះធ្វើអធិការកិច្ច និងប្ដូរព្រះចៅអធិការវត្តដែលទើបតែងតាំងថ្មីនេះចេញតាមសំណើ និងសំណូមពររបស់ប្រជាពុទ្ធបរិស័ទដោយក្តីអនុគ្រោះ។
លោក ឈុំ ឡេង បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា លោកក៏ជាអតីតគណៈកម្មការវត្តខាងលើនេះ ដែលត្រូវបានព្រះចៅអធិការអង្គនេះបណ្ដេញចេញផងដែរ តែលោកពុំមានការថ្នាំងថ្នាក់ចំពោះការបណ្ដេញចេញរបស់ព្រះចៅអធិការអង្គនេះនោះឡើយ។ ប៉ុន្តែ លោកមានការសោកស្ដាយយ៉ាងពន់ពេកចំពោះការកាប់បំផ្លាញដើមស្វាយធំៗ និងដើមឈើមួយចំនួនទៀត នៅក្នុងវត្តដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ព្រោះដើមស្វាយទាំងអស់នេះជាមរតកពីដូនតា ដែលបានបន្សល់ទុកជាម្លប់សម្រាប់ប្រជាពុទ្ធបរិស័ទជំនាន់ក្រោយជ្រក នៅពេលចូលមកធ្វើបុណ្យទាននៅក្នុងវត្តម្ដងៗ។
មិនតែប៉ុណ្ណោះព្រះចៅអធិការថ្មីនេះមានចរិតឫកពារ និងអាកប្បកិរិយាមិនសមរម្យ ដែលធ្វើឲ្យប្រជាពុទ្ធបរិស័ទមិនចូលចិត្ត និងមិនហ៊ានចូលទៅធ្វើបុណ្យទាននៅក្នុងវត្តដូចពីពេលមុនៗ។ បច្ចុប្បន្ន វត្តនេះមានការបែងចែកបក្ស ចែកពួក រវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តដែលធ្វើឲ្យមើលមុខគ្នាមិនត្រង់ទៀតផង។
ចំពោះការកសាងនូវសមិទ្ធផលជាច្រើន នៅក្នុងវត្តនៅមុនពេលដែលព្រះគ្រូចៅអធិការមុនសឹកទៅនោះ គឺទាំងលោកគ្រូចៅអធិការ ទាំងគណៈកម្មការអាចារ្យ បានឯកភាពគ្នាដោយទទួលដឹងឮ ចំពោះការជំពាក់ប្រាក់ថ្លៃជាងក្នុងការកសាងនូវសមិទ្ធផលផ្សេងៗនៅក្នុងវត្តពីមុនមក ដែលសរុបមានចំនួន២២លានរៀល ជាប្រាក់ជំពាក់ថ្លៃជាង។ ប្រាក់ទាំងអស់នេះ បានឯកភាពគ្នាដោយមានទាំងការបញ្ជាក់ត្រា ទទួលដឹងឮពីព្រះចៅអធិការដែលទើបតែងតាំងថ្មីព្រះ នាម ពេជ្រ វេហា ផងដែរ។
លុះដល់ពេលសងថ្លៃជាង បែរជាព្រះចៅអធិការថ្មីអង្គនេះបដិសេធមិនទទួលស្គាល់ត្រានិងការចុះហត្ថ លេខារបស់ព្រះអង្គទៅវិញ ដែលធ្វើឱ្យផ្ទុះអធិករណ៍កាន់តែធំ រវាងព្រះចៅអធិការជាមួយអតីតគណៈកម្មការអាចារ្យ និងប្រជាពលបរិស័ទ។ លុះក្រោយមក ដោយមានការសម្របសម្រួលគ្នា ក៏បានយល់ព្រមជួយចេញសងថ្លៃជាងតែត្រឹម ១០ លានរៀល ចំណែក ១២លានរៀលទៀតទុកឲ្យគណៈកម្មការ និងអាចារ្យចាស់ជាអ្នកចេញសង តែមកដល់ពេលនេះទើបតែជួយសងបានចំនួនតែ ៥លានរៀលតែប៉ុណ្ណោះ ក៏ស្ងាត់ឈឹងរហូត។
លោកសំណូមពរសុំឲ្យថ្នាក់ដឹកនាំ និងលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ជួយដោះស្រាយសម្របសម្រួល ករណីជំពាក់ថ្លៃជាងដែលនៅសល់ចំនួន ១៧លានរៀលទៀត ព្រោះបើបច្ចុប្បន្នគណៈកម្មការ អាចារ្យពីមុនមក ត្រូវបានព្រះចៅអធិការអង្គនេះ បញ្ឈប់ការងារអស់ហើយ។
ពាក់ព័ន្ធករណីការកាប់បំផ្លាញដើមឈើនៅក្នុងវត្តខាងលើ នេះលោក ម៉ៅ សារឿន មេភូមិជ្រលងកក់ ដែលទីតាំងវត្តនេះ ស្ថិតក្នុងការគ្រប់គ្រងរបស់លោក បានបញ្ជាក់នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ ឲ្យដឹងថា ករណីដែលលោកគ្រូចៅអធិការវត្តកាប់ដើមឈើធំៗក្នុងវត្តអស់ជាច្រើនដើមខាងលើនេះ លោកមិនបានដឹងនោះទេ តែកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកព្រះចៅអធិការថ្មីនេះ បានមកស្នើសុំលោកកាប់ដើមត្នោតចំនួន ២ ដើម និងដើមស្វាយងាប់ ១ដើម នៅពីខាងក្រោយកុដិតែប៉ុណ្ណោះ។
កាលនោះលោកក៏បានចុះហត្ថលេខាលើលិខិតស្នើសុំ ដោយទទួលស្គាល់ត្រឹមតែ ៣ដើមដូចការស្នើសុំខាងលើ នេះផងដែរ ក្រោយមក ការកាប់ដើមស្វាយធំៗដើមដូង និងដើមអំពិល អស់ជាច្រើនដើមនៅក្នុងវត្តនោះ គឺលោកមិនបានអនុញ្ញាតឲ្យកាប់នោះទេ ចំពោះលិខិតស្នើសុំកាប់ដើមឈើក្នុងវត្តមានចំនួនរហូតដល់ ៣០ដើម គឺលោកមិនបានដឹង និងមិនទទួលស្គាល់នោះដែរ។
លោក ជា ប៉ី មេឃុំក្រាំងលាវ បានឲ្យដឹងដែរថា ការណ៍ដែលគណៈកម្មការ អាចារ្យ និងព្រះសង្ឃបានកាប់ដើមឈើធំៗមួយចំនួននៅក្នុងវត្តខាងលើនេះ ដោយសារតែព្រះអង្គព្រះចៅអធិការវត្តឃើញដើមឈើទាំងអស់នោះ មានសភាពពុកផុយ។ ម្យ៉ាងព្រះសង្ឃត្រូវការទីតាំងដើម្បីសាងសង់សំណង់ផ្សេងៗ ទើបបានប្រជុំឯកភាពគ្នាជាមួយគណៈកម្មការ អាចារ្យ និងព្រះសង្ឃគង់ក្នុងវត្ត និងបានស្នើសុំមកអាជ្ញាធរភូមិ ឃុំ លោកក៏បានឯកភាពឱ្យគណៈកម្មការអាចារ្យ និងព្រះសង្ឃកាប់ដើមឈើទាំងអស់នេះតាមការស្នើសុំផងដែរ។ ឯលិខិតសម្រេចឱ្យកាប់ដើមឈើខាងលើនេះ គឺធ្វើពីភូមិ មកប៉ុស្តិ៍រដ្ឋបាល និងបានបញ្ជូនមកត្រឹមតែលោកសម្រេចតែប៉ុណ្ណោះ មិនបានទៅដល់ស្រុកនោះទេ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ក៏បានឱ្យដឹងដែរថា ករណីនេះលោកអត់បានដឹងនោះទេ តែលោកនឹងចាត់ឲ្យក្រុមការងារចុះ ទៅពិនិត្យជាក់ស្ដែងនៅទីតាំងវត្តខាងលើនេះ ដើម្បីធ្វើការដោះស្រាយអធិករណ៍ជូនប្រជាពលរដ្ឋ។
លោក ស លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងផងដែរថា ករណីនេះ លោកនឹងចាត់ឱ្យលោកគ្រូអនុគណស្រុកសហការជាមួយអាជ្ញាធរស្រុករលាប្អៀរ និងការិយាល័យសង្គមកិច្ចស្រុក ដើម្បីចុះធ្វើកិច្ចការនេះរួមគ្នាមួយជំហានសិន បើការដោះស្រាយនេះត្រូវបានបញ្ចប់ក៏ចប់ទៅចុះ តែបើមិនទាន់ចប់លោកនឹងពិនិត្យហេតុផល ទៅតាមរបាយការណ៍បន្ទាប់មកលោកនឹងដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្ដែង និងធ្វើកិច្ចការនេះជាបន្តទៀត។ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះដើមឈើធំៗដែលមានអាយុ កាលចាប់ពី៥០ឆ្នាំឡើងទៅ គឺជាសម្បត្តិបេតិកភណ្ឌជាតិជាស្វ័យប្រវត្តិហើយ។
ជុំវិញករណីខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងផងដែរថា បើតាមផ្លូវច្បាប់ការកាប់ដើមឈើធំៗ ដែលមានអាយុកាលរាប់សិបឆ្នាំដូចខាងលើនេះ បើទោះជាដើមឈើនោះ ដុះនៅក្នុងភូមិឋានដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ឬនៅក្នុងទីវត្តអារាមក៏ដោយ មុននឹងកាប់ត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរស្រុក-ខេត្ត បន្ទាប់មកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្ដែងរួមគ្នា ថាតើដើមឈើនោះវាមានសភាពយ៉ាងដូចម្ដេច ដើមឈើងាប់, ពុកផុយ, ឬកាប់ដើមឈើនោះ ដើម្បីជាប្រយោជន៍សាធារណៈអ្វីមួយឱ្យពិតប្រាកដជាមុនសិន។
បន្ទាប់ពីពិនិត្យមានការឯកភាពគ្នាហើយនោះ ទើបធ្វើរបាយការណ៍រាយការណ៍រួមគ្នាជូនអភិបាលខេត្តធ្វើការសម្រេច។ ឯការកាប់ ដោយមិនមានច្បាប់ទម្លាប់ដូចខាងលើនេះ គឺជាការខុសច្បាប់ទាំងស្រុង៕