(រតនគិរី)៖ លោក គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងអូរមួយកន្លែង ដែលគ្រោងសាងសង់ស្ពានបណ្តែតទឹកជូនប្រជាពលរដ្ឋ២ភូមិ ក្នុងស្រុកចំនួន២ គឺស្រុកកូនមុំ និងស្រុកលំផាត់ នៃខេត្តរតនគិរី។
លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងថា ស្ពានបណ្តែតទឹកដែលគ្រោងសាងសង់នេះស្ថិតនៅចំណុចអូរទទឹង ចន្លោះភូមិសាមខា ស្ថិតក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ស្ថិតក្នុងឃុំសិរីមង្គល ស្រុកកូនមុំ កន្លងមកប្រជាពលរដ្ឋទាំង២ភូមិ មិនមានស្ពានឆ្លងកាត់ទៅមកនោះទេ ពោលគឺពេលទៅមករកគ្នាពួកគាត់ជិះទូកដរ ចម្លងដោយចំណាយថវិកាជារៀងរាល់ថ្ងៃ។
លោកថា ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ លោក គិត ទ្រី រួមនិងអាជ្ញាធរស្រុកទាំង២ បានឯកភាពស្នើសុំមករដ្ឋបាលខេត្តពិនិត្យលទ្ធភាពជួយសាងសង់ស្ពានបណ្តែតទឹកប្រវែង១៥ម៉ែត្រ ទទឹង៤ម៉ែត្រ ជូនប្រជាពលរដ្ឋទាំង២ភូមិបានធ្វើដំណើរឆ្លងកាត់។
នៅក្នុងឱកាសនេះ លោក គិត ទ្រី សំណូមពរ ដល់អាជ្ញាធរខេត្តធ្វើយ៉ាងណាសូមពន្លឿនគម្រោងស្ពានដែលស្រុកទាំង២ បានស្នើសុំឲ្យបានលឿន និងពេលដែលរដ្ឋបាលខេត្តអនុម័ត ហើយអាជ្ញាស្រុកទាំង២ត្រូវអនុវត្ត ការសាងសង់ភ្លាម ពីព្រោះស្ពាននេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋស្រុកលំផាត់និងស្រុកកូនមុំ និយាយរួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋ ភូមិសាមខានិងភូមិនាងដីតែម្តង៕