(កំពង់ធំ)៖ លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាល ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនក្រុមកីឡាករទូកក្នុងឃុំក្តីដូង និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ នៅវត្តឌួងសូរិយ៉ា ហៅវត្តក្តីដូង ត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អ៊ុទូក «ង» ថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ការប្រណាំងទូកនានេះផ្ដើមចេញពីសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅបានសុខសាន្ត មានឱកាសបានជួបជុំគ្នាសប្បាយរីករាយ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានគ្រប់ពេលវេលា ពិសេសបានថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយ និងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែង និងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយ កុំឲ្យបាត់បង់ និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរយើង ដែលបានរក្សា និងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។

លោកស្រីបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការដែលបានផ្តួចផ្តើមកសាងទូក «ង» នេះឡើងដោយបានកៀរគររកបច្ច័យកាសងបានរួចរាល់ជាស្ថាពរ ហើយការលេងកីឡាដែលអាចទទួលបាននូវសុខភាពល្អ មានទំនាក់ទំនង មានមេត្រីភាព និងមានសាមគ្គីភាពព្រមទាំង ដើម្បីចៀសឱ្យផុតពីគ្រឿងញៀន លួចឆក់ប្លន់ ដែលបង្កឱ្យមានអសន្តិសុខដល់សង្គម។

លោកស្រី ឃួន ឃុនឌីបញ្ជាក់ថា ដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តិទៅមានភាពរលូន និងល្អប្រសើរជូនប្រជាពលរដ្ឋកំសាន្តកាន់តែសប្បាយរីករាយ សូមឲ្យកីឡាករទាំងអស់ គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ។ ក្នុងនោះលោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី បាននាំយកសម្ភារគ្រឿងឧបភោកបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនទូកទាំង៣ផងដែរ។

គួរបញ្ជាក់ថា ទូក២ នៅឃុំក្តីដូង មានឈ្មោះឌួងសូរិយាបុប្ផាស្ទឹងសែន និងឌួងសូរិយាបុប្ផាក្តីដូងឃុំកំពង់ស្វាយ ទូកឈ្មោះ ទូកង តាព្រហ្មសែនជ័យបារមីវត្តកោះរការ៕