(ភ្នំពេញ)៖ នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងបានរៀបចំបន្ថែម ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងដែលមានចំនួន១៤០នាក់ ជាលើកទី៣ ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តាខេត្តនាទិសឦសាន លើតម្រាយផ្លូវតាមបណ្តោយព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមា ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាស្ថាប័នពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងបញ្ជាការដ្ឋានកងវិស្វកម្ម ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ពីការងារខណ្ឌសីមាព្រំដែនគោក របស់កម្ពុជា និងប្រទេសជិតខាង។
ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់ នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា៕