(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក គឹម រស្មី តំណាងឲ្យនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញក្នុងពិធីក្រុងពាលីទូក-ង ចុះទឹកឈ្មោះ ពិសិដ្ឋមរកតអម្ពវ័ន តេជោសែនជ័យ និងសួរសុខទុក្ខកីឡាចំណុះទូក ស្ថិតនៅក្នុងមូលដ្ឋានភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតបុណ្យអ៊ុំទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងកីឡាករចំណុះទូក លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រោមម្លប់សន្តិភាព នៃសម្ធិផលដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសជាតិ កំពុងធ្វើដំណើរទៅមុខ ជាមួយនឹងការប្រកួតប្រជែងអភិវឌ្ឈន៍ទំនើបកម្មគ្រប់វិស័យ ទន្ទឹមគ្នានោះ វប្បធម៌ ប្រពៃណី និងសាសនា ក៏ត្រូវបានលើកតម្កើងថែរក្សា គួរជាទីមោទនៈ។
សូមបញ្ជាក់ថា ទូកងឈ្មោះ «ពិសិដ្ឋមរកតអម្ពវ័ន តេជោសែនជ័យ» គឺជាទូករបស់វត្តអម្ពវ័ន (វត្តព្រែកថ្មី) ក្រោមការជួយឧបត្ថម្ភទំនុកបម្រុងពីនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោកស្រី។ ទូកងនេះ ត្រូវបានពិនិត្យបច្ចេកទេស និងតុបតែងឡើងវិញ ដោយចំណាយថវិកាអស់ជាង៦ពាន់ដុល្លារ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក បាននាំនូវប្រសាសន៍ផ្តាំផ្ញើដល់កីឡាករអ៊ុំទូក ត្រូវគោរពឲ្យបានគោរពបទបញ្ជាលក្ខខណ្ឌ នៃការប្រកួតរបស់គណៈកម្មការរៀបចំ និងរក្សានូវក្រមសីលធម៌ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ និងថែរក្សាសុខភាព ការហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ចៀសវាងការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីសុវត្ថិភាព និងទទួលជោគជ័យ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានប្រគល់នូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជាថវិកា ៣លានរៀល ខោអាវ មួក ចំនួន ២០០សម្រាប់ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនធំ ដល់គណៈគ្របគ្រងទូកផងដែរ៕