(សិង្ហបុរី)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្ដីពី «ភាពជោគជ័យនៃសហគមន៍» ក្រោមអធិបតីភាពលោក Tharman Shanmugaratnam ប្រធានាធិបតីនៃប្រទេសសិង្ហបុរី ដែលរៀបចំដោយក្រុមប្រឹក្សាមុស្លិមសិង្ហបុរី (MUIS)។
សន្និសីទលើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «បំផុសស្មារតីអនាគតអ្នកដឹកនាំតាមរយៈការកសាងជំនឿទុកចិត្ត និងពង្រឹងសមត្ថភាពសហគមន៍» ក្នុងគោលបំណង ដើម្បីឲ្យថ្នាក់ដឹកនាំឥស្លាម ជួបពិភាក្សាស្តីពីការអភិវឌ្ឍ ការបំផុសគំនិតរួមរស់ប្រកបដោយសុខសន្តិភាព និងការរួមចំណែកស្មើភាព មិនមានការរើសអើងជាតិសាសន៍ និងសាសនា ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាម នៃប្រទេសសិង្ហបុរី ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ដែលជាប្រទេសសមាជិក MABIMS និងកម្ពុជា ជាបេក្ខភាពបម្រុង (ដែលមានលោកបណ្ឌិត អូស្មាន ហាស្សាន់ ជាតំណាង) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសថៃ តំណាងមុស្លិម៥ខេត្តភាគខាងត្បូងនៃប្រទេសថៃ ដែលមានប្រជាជនជាង២លាននាក់ លោកបណ្ឌិត Maliki Osman បច្ចុប្បន្នជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី, ជារដ្ឋមន្ត្រីទី២ ក្រសួងអប់រំ និងជារដ្ឋមន្ត្រីទី២ ក្រសួងការបរទេស នៃប្រទេសសិង្ហបុរី រួមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលសិង្ហបុរី តំណាងទីភ្នាក់ងារឥស្លាម អង្គការក្រៅរដ្ឋាភិបាល យុវជន និស្សិត បញ្ញវន្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ប្រមាណ៥០០នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានចែករំលែកអំពីសមិទ្ធផលនៃសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបាន ដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងនោះសហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងបន្តថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក្នុងនោះសាសនាព្រះពុទ្ធ ចំនួន៩៣ភាគរយ សាសនាឥស្លាមប្រមាណ៥ភាគរយ និងមានសាសនាផ្សេងៗទៀត ដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានជម្លោះសាសនាឡើយ។
ជាមួយគ្នានេះ ប្រធានាធិបតីសិង្ហបុរី និងរដ្ឋមមន្ត្រីសមាជិក MABIMS បានកោតសរសើរកម្ពុជា អំពីភាពជោគជ័យ នៃសុខដុមនីយកម្មជាតិសាសន៍ និងសាសនាដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរឥស្លាម ហើយប្រទេសកម្ពុជាមិនធ្លាប់មានអំពើហិង្សា និងជម្លោះសាសនានោះទេ៕