(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគម្រោងក្នុងការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ អង្គកឋិនទាននេះ នឹងមានការដឹកនាំដោយផ្ទាល់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង។
លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា «ការដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម» មិនបានធ្វើខុសទៅហ្នឹងច្បាប់អន្តរជាតិ ឬ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាមនោះទេ តែផ្ទុយទៅវិញ អង្គកឋិនទាន ដ៏ធំមួយនេះ ធ្វើឡើងដោយស្របនឹងច្បាប់អន្តរជាតិ និងបានគោរពទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋថែមទៀតផង។
ការបញ្ជាក់របស់លោកបណ្ឌិត ដៀប សុផល បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ តើ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរក្រោម មានតម្លៃ និងសារសំខាន់យ៉ាងណាសម្រាប់ពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា?
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖