(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ស ថេន លោកឧត្តមសេនីយ៍ទោ សរ សំណាង ដែលជាស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវន្ត័ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារការពារសន្តិសុខរក្សាសណ្តាប់សុវត្ថិភាពសង្គម ប្រចាំខែតុលា លើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចប្រជុំធ្វើឡើងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយបានការអនុញ្ញាតពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍។

កិច្ចប្រជុំក៏បាន៖

១៖ លើកឡើងអំពី បញ្ហាប្រឈម និងសំណូមពរ លោក-លោកស្រីអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ទាំង៧
២៖ ផ្សព្វផ្សាយខ្លឹមសារប្រជុំ របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤
៣៖ ការបែងចែកតួនាទីភារកិច្ច លោក-លោកស្រីអធិការរង និងការកត់ត្រារាល់សភាពការណ៍ ក្នុងសៀវភៅកំណត់ហេតុប្រចាំបញ្ជានិងអធិការរងដឹកនាំវេនល្បាត។

លោកស្នងការរង បានលើកឡើងនិងមានការវាយតម្លៃខ្ពស់អំពីសភាពការសន្តិសុខ ប្រចាំខែតុលា ប្រព្រឹត្តទៅបានល្អ ដែលមានការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោស្មារតីទទួលខុសត្រូវខ្ពស់របស់កម្លាំងនគរបាលខណ្ឌបឹងកេងកង ដែលនាំសភាពការណ៍សន្តិសុខនាំមកសុខសុវត្ថិភាពល្អ។តែទោះជាយ៉ាងណា លោកស្នើអធិការរង, លោកនាយផ្នែក និងនាយប៉ុស្តិ៍ទាំង៧ បន្តយកចិត្តទុកដាក់ លើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ការការពារថ្នាក់ដឹកនាំឲ្យបានល្អនិងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ សរសេររបាយការណ៍សភាពការណ៍ ក្នុងសៀវភៅកំណត់ហេតុ ផ្លាស់ប្តូរវេនប្រចាំបញ្ជាវេនល្បាត និងប្រចាំការ ឲ្យបានទៀងទាត់ និងបានផ្សព្វផ្សាយនូវ អនុក្រឹត្យ ស្តីពីការសុំអនុញ្ញាតច្បាប់ឈប់សម្រាករបស់កងកម្លាំង និងវិន័យកងកម្លាំងដែលថ្នាក់ដឹកនាំកំពូលបានដាក់ចេញ គឺធ្វើយ៉ាងណាឲ្យកងកម្លាំងយកមកអនុវត្ត ក្នុងកិច្ចការ កែលម្អឲ្យស្របតាម អភិក្រម របស់រាជរដ្ឋាភិបាលដាក់ចេញកន្លងមក ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕