(ភ្នំពេញ)៖ ពិព័រណ៍អាជីវកម្មកម្ពុជា ឆ្នាំ២០២៤ ជាមួយនឹងការបើកឱកាសឱ្យមានផលិតផលគ្រប់ប្រភេទចូលរួមធ្វើទីផ្សារ តាំងបង្ហាញពីស្នាដៃ ផលិតផល និងសេវាកម្មរបស់ខ្លួន ជាពិសេសការ​ចែករំលែក​បទពិសោធន៍​​ពីម្ចាស់អាជីវកម្ម ក្នុងគោលបំណងដើម្បីជួយលើកស្ទួយផលិតផលខ្មែរ និងបង្ហាញពីគំនិតរកស៊ីដ៏អស្ចារ្យរបស់កូនខ្មែរ និងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី០៧ -០៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ជាមួយនឹងការរំពឹងខ្ពស់ដែលអាចមានអ្នកចូលរួម​ប្រមាណជាង ១០ម៉ឺននាក់។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សំ កុសល អ្នកផ្តួចផ្តើមបង្កើតការតាំងពិព័រណ័អាជីវកម្មកម្ពុជា ឆ្នាំ២០២៤ នៅក្នុងជំនួបដៃគូអាជីវកម្ម ពិព័រណ័អាជីវកម្មកម្ពុជាលើកទី៣ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីព ម៉ុង ២៧១ ដោយមានការចូលរួមពីលោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន CHIPMONG RETAIL រួមទាំងមានម្ចាស់អាជីវកម្មជាច្រើនរូបទៀត។

លោក សំ កុសល ស្ថាបនិក បក្សីមេឌា​ និងជាអ្នកផ្តួចផ្តើមពិព័រណ៍នេះ បានឱ្យដឹងទៀតថា ពិព័រណ័អាជីវកម្មកម្ពុជាឆ្នាំនេះនឹងធ្វើឡើងក្រោមកិច្ចសហការរវាង បក្សីមេឌា​ និង CHIPMONG RETAIL ដែលនឹងធ្វើឡើងនៅផ្សារទំនើប ជីព ម៉ុង ២៧១ ជាមួយនឹងការប្រមូលផ្តុំម្ចាស់អាជីវកម្មប្រមាណជាង ១០០ម៉ាកយីហោផ្សេងៗគ្នា ធ្វើការតាំងបង្ហាញពីស្នាដៃ ផលិតផល និងសេវាកម្មរបស់ខ្លួន ដោយមិនកំណត់​លើផលិតផលនោះទេឱ្យតែផលិតផលមានការទាក់ទាញ គឺអាចចូលរួមតាំងបង្ហាញបាន។

លោក សំ កុសល បានបញ្ជាក់ទៀតថា ចំណុចសំខាន់នៃការរៀបចំពិព័រណ៍អាជីវកម្មកម្ពុជា មិនមែនសំដៅតែទៅលើការលក់នោះទេ ប៉ុន្តែវាមានប្រយោជន៍យ៉ាងច្រើនដែលប្រយោជន៍ដែលធំនោះ គឺការរួមគ្នារវាង​ក្រុមអាជីវករ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នធំៗដ៏ទៃទៀត ដើម្បីលើកមុខមាត់អាជីវកម្មរបស់ខ្មែរទៅថ្ងៃអនាគត់ផងដែរ និងដើម្បីបង្ហាញពីផលិតផលខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ ក្នុងនោះក៏ដើម្បីជាការចូលទាក់ទាញផលិតផលរបស់ខ្មែរ មកដាក់លក់នៅក្នុងផ្សារទំនើបដែលបង្កើតឡើងដោយកូនខ្មែរផងដែរ។

លោក សំ កុសល ក៏បានបញ្ជាក់ដែរថា ពិព័រណ័អាជីវកម្មកម្ពុជា ឆ្នាំ២០២៤ គឺមានប្រភេទការកែរឆ្នៃខាងកសិកម្មម្ហូបអាហារ និងអាជីវកម្មផ្នែកបច្ចេកវិទ្យា និងមានផ្នែកអាជីវកម្មជាច្រើនទៀត ដែលសុទ្ធតែជាប្រភេទផលិតផលថ្មីៗ ប្លែក និងមិនធ្លាប់មានពីជំនាន់ដូនតាបានបន្សល់មកនោះទេ រួមទាំងមានផលិតផលអស្ចារ្យជាច្រើនមុខទៀតផងដែរ។

សូមបញ្ជាក់ដែរ ពិព័រណ៍អាជីវកម្មកម្ពុជា ឆ្នាំ២០២៤ នឹងរៀបចំនៅទីតាំង នៅផ្សារទំនើប ជីព ម៉ុង ២៧១ ដែលមានទីតាំងដ៏ធំទូលាយ ជាមួយនឹងការរំពឹងថា អាចទទួលបានអ្នកចូលពិព័រណ៍អាជីវកម្មនេះ​បានមានជាង ១០ម៉ឺននាក់។ អ្វីដែលពិសេសសម្រាប់ម្ចាស់អាជីវកម្ម ដែលនឹងចូលរួមយកផលិតផលរបស់ខ្លួនដើ​ម្បីធ្វើការតាំងបង្ហាញនៅក្នុងពិព័រណ៍ នឹងទទួលបានការជួយធ្វើវីដេអូប្រម៉ូតដោយផ្ទាល់ នៅលើបណ្តាញសង្គម ដើម្បីទទួលបានអតិថិជនកាន់តែច្រើនផងដែរ៕