(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅក្រៅកិច្ចប្រជុំសហភាពអន្តរសភា (IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។

កិច្ចពិភាក្សា បានផ្តោតសំខាន់លើវឌ្ឍនភាពនៃភាពជាប្រធានរបស់កម្ពុជា និងដំណើរឆ្ពោះធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ជាមួយគ្នានោះ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ចូលរួមភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗដទៃទៀតដែលកម្ពុជានឹងរៀបចំ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein បានសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយព្រះអង្គម្ចាស់ បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ៕