(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាឲ្យគ្រប់គ្រងឲ្យបាន នូវការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ហើយអ្នកប្រើប្រាស់លេខឡាន ខ.ម គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។

ការបញ្ជាបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញក្រសួងការពារជាតិ, អគ្គសម្ភារបច្ចេកទេស ក៏បានចេញគោលការណ៍ណែនាំ រឿងឡាន ខ.ម សូមគ្រប់គ្រងឲ្យបាន ទាំងការចេញលេខឲ្យ ទាំងការប្រើប្រាស់ [...] ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ ដែលត្រូវប្រើ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា អ្នកខ្លះមិនមែនជានាយទាហានជាន់ខ្ពស់ ប៉ុន្ដែប្រើផ្លាកលេខឡាន ខ.ម និងមានការបើកបរសាហាវ ដែលធ្វើឲ្យខូចឈ្មោះ ដល់អ្នកពិតប្រាកដ ក្នុងការអាចប្រើផ្លាកលេខឡាន ខ.ម បាន។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យយកចិត្ដទុកដាក់ គ្រប់គ្រងទៅលើកិច្ចការងារ ប្រើផ្លាកលេខឡាន ខ.ម នេះ ហើយការគ្រប់គ្រងអាវុធគ្រាប់ នៅតាមបណ្ដាអង្គភាព ក៏ត្រូវយកចិត្ដទុកដាក់ពង្រឹង ហើយចំពោះឃ្លាំងអាវុធគ្រាប់ ត្រូវរៀបចំសន្ដិសុខ ឲ្យបានល្អផងដែរ៕