(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រុមជ្រុលនិយម ឆ្លៀតឱកាសព្រួយបារម្ភរបស់ពលរដ្ឋអំពីបញ្ហាទឹកដី រុញដើម្បីឲ្យមានភ្លើងសង្គ្រាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
បើតាមប្រសាសន៍សម្តេចបវរធិបតី នៅថ្ងៃទី១៨ ខែសីហា បើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់បានទេនោះ ច្បាស់ណាស់ នឹងអាចបែកបាក់សាមគ្គីជាតិឡើងវិញ។
ថ្លែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងទ័ពបានដើរតួនាទីសំខាន់ នៅក្នុងការធានា ថែរក្សា សុខសន្តិភាព និងនិរន្តរភាព តាមរយៈការទប់ស្កាត់នូវការប៉ុនប៉ងទាំងឡាយ ដែលអាចធ្វើឲ្យប្រទេសបែកបាក់ទៅវិញ។ ចុងក្រោយនេះ គឺការប្រុងប្រៀប និងជំរុញព្រឹត្តិការណ៍ថ្ងៃ ១៨ សីហា ដែលដុតដោយក្រុមជ្រុលនិយម មួយចំនួនតូច ដែលចង់យកឱកាសនៃការព្រួយបារម្ភរបស់ពលរដ្ឋយើង រឿងទឹកដី ពាក់ព័ន្ធនឹង CLV-DTA ដើម្បីរុញឲ្យប្រទេសឆេះ [...] ១៨ សីហា បើយើងទប់មិនជាប់អាចធ្វើឲ្យយើងបែកបាក់សាមគ្គីជាតិឡើងវិញ ដោយមនុស្សមួយក្រុមតូចឆ្លៀតឱកាសបែបនេះ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា កងកម្លាំងប្រដាប់អាវុធបានចូលរួមទប់ស្កាត់ មិនឲ្យប្រទេសជាតិមានការបែកបាក់ឡើងវិញ ក្នុងផែនការរបស់ក្រុមប្រឆាំងជ្រុលនិយម។ សម្តេច បានថ្លែងអំណរគុណដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ ក្នុងការការពារជាតិមិនឲ្យបែកបាក់ ដើម្បីស្ថិរភាពជូនប្រជាពលរដ្ឋ និងស្នើសូមឲ្យបន្ដស្មារតីទទួលខុសត្រូវនេះ។
សូមជម្រាបថា ក្រុមជ្រុលនិយម គ្រោងបង្កអសន្តិសុខសង្គម ជាពិសេសគឺផែនការចូលរួមនៅក្នុងការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ CLV-DTA ។ ប៉ុន្តែ គម្រោងនោះ ត្រូវបានបរាជ័យក្រោយរាជរដ្ឋាភិបាល ប្តេជ្ញាការពារចំពោះសកម្មភាពខុសច្បាប់ទាំងឡាយ។
ក្នុងគម្រោងបាតុកម្មខុសច្បាប់ ១៨ សីហា មានមនុស្សជាច្រើននាកក់ត្រូវបានឃាត់ខ្លួន ខណៈមានមួយចំនួនបានដឹងកំហុស ហើយត្រូវបានដោះលែងវិញ ប៉ុន្តែចំពោះមេក្លោង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី៕