(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តលើកឡើងជាថ្មីអំពីតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាព ហើយសម្តេចបានអំពាវនាវឱ្យកងទ័ព និងភាគីពាក់ព័ន្ធ ចូលរួមថែរក្សាសន្តិភាពដែលកម្ពុជា កំពុងមាននេះឱ្យខាងតែបានជាដាច់ខាត ដើម្បីកុំឱ្យបាត់បង់ឱ្យសោះ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា «សន្តិភាពដូចខ្យល់ យើងមើលមិនឃើញ អត់មានគិតលុយទេគឺ Free ប៉ុន្តែនៅជុំវិញខ្លួនយើង គឺមានតែខ្យល់ទេ ដែលមានតម្លៃធំបំផុត ហើយយើងដឹងតម្លៃខ្យល់នៅពេលណា គឺនៅពេលខ្យល់បានអវត្តមាន»។
ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ចាប់តាំងពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សង្គ្រាមបានផ្ទុះឡើងរវាងខ្មែរ និងខ្មែរ ហើយកម្ពុជាក៏ស្គាល់នូវរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយជ័យជំនះ៧មករា កម្ពុជាក៏នៅមិនទាន់បានសន្តិភាពពេញលេញនៅឡើយ ដោយប្រទេសកម្ពុជាមួយមានកម្លាំងត្រួតត្រា៤ ជាពិសេសកម្លាំងខ្មែរក្រហម។ បន្ទាប់មក ក្រោយដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ទើបកម្លាំងខ្មែរក្រហមត្រូវបានរំលាយ ហើយកម្ពុជាស្គាល់នូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។
ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «សន្តិភាពដូចគ្នា សន្តិភាព យើងអាចលឺ យើងអាចស្តាប់ អ្នកខ្លះរហូតដល់ធុញដោយការលើកឡើងថា យើងបានសន្តិភាព២០ឆ្នាំ អវត្តមាននៃសង្គ្រាមនៅលើទឹកដីរបស់យើង ប៉ុន្តែតម្លៃរបស់វា គឺនៅពេលដែលវាបាត់បង់ទៅវិញ»។
សម្តេចជំរុញឱ្យអ្នកដែលមិនយល់ពីសន្តិភាព សាកសួរទៅមនុស្សចាស់ជំនាន់មុន ដែលបានឆ្លងកាត់សង្រ្គាមថា តើសន្តិភាពមានតម្លៃយ៉ាងណា? សម្តេចក៏បានលើកឡើងដែរថា យុវជនដែលកើតជំនាន់ក្រោយឆ្នាំ១៩៩៨ អាចមិនយល់ពីសន្តិភាព ប៉ុន្តែសន្តិភាពមានតម្លៃដូចគ្នាសម្រាប់មនុស្សគ្រប់វ័យ គ្រប់ជំនាន់ មិនថាសាសនាណា ឬរស់នៅទីណា ក្រុងឬខេត្ត កងទ័ព ឬស៊ីវិលនោះទេ។
សម្តេចមហាបវរធិបតី ក៏បានលើកបន្តអំពីសម្តីរបស់យុទ្ធជនមួយចំនួន ដែលសិក្សា និងបំពេញបេសកកម្មនៅប្រទេសមួយចំនួនដែលកំពុងមានសង្គ្រាម ដែលបានអះអាងថា «ពួកគេបានស្គាល់ហើយនូវតម្លៃសន្តិភាព» នៅពេលដែលសង្គ្រាម និងការប្រយុទ្ធគ្នា ដែលកើតឡើងក្នុងប្រទេសទាំងនោះ ក្នុងនោះក៏មាននិស្សិតនៅប្រទេសអ៉ីស្រាអែល និងកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសកកម្ម នៅប្រទេសលីបង់កន្លងទៅផងដែរ។
បច្ចុប្បន្នកម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមសឹងតែវិនាសប្រទេស កំពុងខិតខំថែរក្សាសន្តិភាពរបស់ខ្លួនឱ្យបានគង់វង្ស ខណៈដែលប្រទេសមួយចំនួន ចាប់ផ្តើមផ្ទុះសង្គ្រាមជាថ្មី ក្នុងនោះមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សង្គ្រាមនៅមជ្ឈិមបូព៌ាផងដែរ។ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ក៏កំពុងតែបង្កភាពតានតឹងនៅតំបន់មួយចំនួនទៀត ដែលពិភពលោក កំពុងព្រួយបារម្ភ នោះគឺបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងឧបទ្វីបកូរ៉េជាដើម៕