(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កងទ័ពជាង ២០០នាក់ បានដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលនឹងរៀបចំឡើនាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ៤០០នាក់។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការហាត់ក្បាច់គុនជាការចូលរួមអភិរក្ស និងលើកស្ទួយក្បាច់គុនដែលបុព្វបុរសបានបន្សល់ទុក ក្បាច់គុន ល្បុក្កតោ យុទ្ធគុនខម គឺជាក្បាច់គុនប្រយុទ្ធ មិនមែនជាក្បាច់គុនសម្តែងនោះទេ។ ជាមួយគ្នានោះកងយុទ្ធពលខេរៈភូមិន្ទគឺបានប្រមូលផ្តុំក្បាច់គុន៣ មាន៖ យុទ្ធគុនខម ល្បុក្កតោ និងគុនខ្មែរបញ្ជូលគ្នា ដើម្បីរៀបចំចងក្រងក្នុងការហ្វឹកហាត់ផងដែរ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យុទ្ធគុនខម ល្បុក្កតោ និងគុនខ្មែរ មិនមែនសម្រាប់សម្តែងនោះទេគឺជាក្បាច់គុនដែលដូនតាបានប្រើប្រាសសម្រាប់ការប្រយុទ្ធលើសមរភូមិ ជាពិសេសគឺការប្រយុទ្ធគៀកតែម្តង។ ការរៀបចំចងក្រងក្បាច់គុណរបស់កងយុទ្ធពលខេរៈភូមិន្ទនេះ គឺបម្រើទាំងយុទ្ធវិធី និងសុខភាព ហើយទាំងឱ្យកងទ័ពខ្មែរជំនាន់ក្រោយ មានឱកាសចូលរួមដោយផ្ទាល់ក្នុងការអភិរក្ស និងជួយជម្រុញាការផ្សព្វផ្សាយ និងជួយលើកតម្កើងនូវក្បាច់គុន ដែលបុព្វបុរសបានបង្កើតឡើងនៅក្នុងសម័យសង្គ្រាមពីមុនមក។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា «នៅថ្ងៃទី១៨- ២០ ខែតុលានេះ យើងនឹងមានការប្រកួតលើកដំបូងចម្រុះតែម្តងគ្រប់ក្បាច់គុនឲ្យតែបុរាណខ្មែរ ចូលប្រកួតបាន ហើយមានកងទ័ពយើងបានចុះឈ្មោះជាង ២០០នាក់ ក្នុងចំណោមអ្នកប្រកួតជាង ៤០០នាក់»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យសាលាកងទ័ព និងអង្គភាពទ័ព ជម្រុញការហ្វឹកហ្វឺននេះបន្ថែមទៀតឱ្យបានទូទាំងកងទ័ព។ ក្រៅពីនេះកងរាជអាវុធហត្ថ កងនគរបាលជាតិ ក៏ប្រើប្រាស់ក្បាច់គុនដូចនេះ ដូចនេះត្រូវជួយជម្រុញក្បាច់គុនរបស់ដូនតាយើង និងរួមគ្នាផ្សព្វផ្សាយ ហ្វឹកហ្វឺនឱ្យច្រើន ដែលនេះគឺជាអ្វីដែលយើងរួមគ្នា មិនត្រឹមតែការពារ បង្កើនសមត្ថភាពនោះទេ តែក៏ជាការចូលរួមអភិរក្ស និងអភិវឌ្ឍន៍នូវអ្វីដែលជាកេរ្តិ៍ដំណែលពីដូនតាបន្សល់ទុកឱ្យផងដែរ។
សូមបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» (គ.ច.យ.ខ.ព) បានឱ្យដឹងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» នឹងរៀបចំឡើនាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ខាងមុខ ដែលការប្រកួតបែងចែកជា៣ មាន៖ អាជីព ស្ម័គ្រចិត្ត និងសម្ដែង លើវិញ្ញាសាសរុបចំនួន១២ ដែលនឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណនេះនឹងក្លាយជាការគាស់រំលេចនូវក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ទីកន្លែង សម្រាប់ផ្ដល់នូវក្ដីសង្ឃឹមថ្មីមួយទៀត ដល់កូនខ្មែរគ្រប់ជំនាន់ បានស្គាល់កាន់តែច្បាស់ពីប្រវត្តិសារបាននៃក្បាច់គុនបុព្វបុរសរបស់ខ្លួនផងដែរ៕