(កាណាដា)៖ លោក សុខ ខាវ៉ាន់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សក្តាប់រួមទីក្រុងតូរ៉ុនតូ ញូវម៉ាខិត និងទីក្រុងដទៃទៀតនៃខេត្តអ៊ុនតារីយ៉ូ ប្រទេសកាណាដា និងសហការី បាននាំយកថវិកាប្រជាពលរដ្ឋខ្មែរនៅខេត្តអ៊ុនតារីយ៉ូចំនួន ១១,៥៥៥ដុល្លារកាណាដា ដើម្បីជួយកសាងហេដ្ឋារចនាសម្ពន្ធតាមព្រំដែន ជូនដល់លោក សេង ទៀង នាយករងខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្តាប់រួមទីក្រុងតូរ៉ុនតូ ញូវម៉ាខិត និងទីក្រុងដទៃទៀតនៃខេត្តអ៊ុនតូរីយ៉ូ ប្រទេសកាណាដា បានរៀបចំពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរ នាទីក្រុងតូរ៉ុនតូ ដើម្បីរៃអង្គាសថវិកាចូលរួមទ្រទ្រង់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ថវិកាដែលទទួលបានពីការចូលរួមនាពេលនោះមានចំនួនសរុប ១០,៧៤៥ដុល្លារកាណាដា។
ការចូលរួមបរិច្ចាគថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ តបតាមការប្រកាសអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ គឺផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារនិងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ៕