(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែណែនាំឲ្យឲ្យកងទ័ព ត្រៀមចូលរួមជាមួយអាវុធហត្ថ និងនគរបាល ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ទាំងធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ។ ជាក់ស្ដែងរយៈពេល៦ខែមកនេះ កងទ័ពជើងគោក បានចូលរួមជាមួយស្ថាប័ន មានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។
ការថ្លែងណែនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី បានអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កងយោពលខេមរភូមិន្ទ ជាពិសេសកងទពជើងគោក សូមត្រៀមលក្ខខណៈ ដើម្បីចូលរួមគាំទ្រ ដល់កងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសធំៗដែលប៉ះពាល់ដល់សន្ដិសុខជាតិ នៅពេលខាងមុខ។
សម្ដេចបវរធិបតីបានបន្ដថា «ក្នុងនោះរួមមានបទល្មើសធនធានធម្មជាតិ, ការជួញដូរគ្រឿងញៀនឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ កិច្ចការងារនេះជាកិច្ចការងារដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ មន្រ្ដីអនុវត្តន៍ របស់យើង ពិសេសកងកម្លាំងអនុវត្តច្បាប់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ បានបំពេញភារកិច្ចយ៉ាងល្អ ប៉ុន្ដែស្ថានភាព និងការប្រែប្រួលតម្រូវការ ត្រូវបង្កើនកម្លាំង ព្រោះនេះជាហានិភ័យសម្រាប់សន្ដិសុខជាតិ និងសន្ដិសុខសង្គមរបស់ប្រជាពលរដ្ឋ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឥឡូវនេះយើងគ្មានសង្គ្រាមនោះទេ យើងរក្សាបាននូវសុខសន្ដិភាពទប់ស្កាត់ កុំឲ្យផែនការជ្រុលនិយម អាចដុតប្រទេសយើងបាន ប៉ុន្ដែពេលជាមួយគ្នានេះយើងក៏ត្រូវប្រឈម ជាមួយបញ្ហាហានិភ័យសន្ដិសុខ បទល្មើសបំផ្លាញ និងទន្ទ្រានធនធានធម្មជាតិ ព្រៃឈើរបស់យើង ការទប់ស្កាត់គ្រឿងញៀន និងការឈានចូលដល់ការរៀបចំ បង្កើនយុទ្ធនាការ និងប្រសិទ្ធិភាពក្នុងការប្រយុទ្ធ និងការឈរ បោកតាមអនឡាញនាពេលខាងមុខ ដែលទាមទារត្រូវបង្កើនកម្លាំង កងទ័ពជើងគោកក៏ដូចជាកងយោពលខេមរភូមិន្ទ ដើម្បីគាំទ្រដល់កងកម្លាំង នគរបាលយុត្តិធម៌ ដែលកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានអនុវត្តយ៉ាងសកម្ម។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះយើងបានសាកល្បងរួចមកហើយ ក្នុងរយៈពេល៦ខែមកនេះ កងកម្លាំង និងកងទ័ពជើងគោកក៏បានចូលរួមបង្កើនសកម្មភាព ទោះបីជាមិនមានក្នុងផែនការ ផ្លូវការក៏ដោយ ក្នុងការចូលរួមគ្រប់គ្រង តំបន់ទន្រ្ទានការកាប់ព្រៃឈើ កន្លងទៅយើងមានគណកម្មាការដឹកនាំប្រយុទ្ធប្រឆាំង ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ជាមួយអាជ្ញាធរដែនដី ជាមួយនឹងជំនាញបរិស្ថាន និងក្រសួងពាក់ព័ន្ធ។
សម្ដេចបវរធិបតីបានថ្លែងបន្ដថា «ដូច្នេះការប្រយុទ្ធប្រឆាំង ជាមួយគ្រោះហានិភ័យ ទៅដល់ប្រទេសជាតិ មិនមែនមានតែសង្គ្រាមប្រដាប់អាវុធនោះទេ មិនមែនមានតែការបំផ្លិចបំផ្លាញសុខសន្ដិភាពប៉ុណ្ណោះនោះទេ ប៉ុន្ដែការបំផ្លាញប្រទេសកម្ពុជា តាមរយៈការបំផ្លាញសន្ដិសុខសង្គមតាម ការបំផ្លាញធនធានធម្មជាតិ ឧក្រិដកម្មឆ្លងកាត់ព្រំដែន ពិសេសគ្រឿងញៀននេះ [.....] និងការឈរបោកអនឡាញ ជាគ្រោះហានិភ័យ ទៅដល់ប្រទេសជាតិផងដែរ៕