(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការក្នុងខេត្ត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានធ្វើពិធីក្រុងពាលីបួងសួងនៅមុខរូបសំណាកលោកតាដំបងគ្រញូង សុំសេចក្តីសុខក្នុងឱកាសពេលបុណ្យអុំទូក បណ្តែតប្រទីប ក្នុងថ្ងៃចេញព្រះវស្សា ដែលមានរយ:ពេល២ថ្ងៃ គឺទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។
លោក សុខ លូ បានសំណេះសំណាលប្រាប់កីឡាករអុំទូកទាំងអស់ថា ឈ្នះចាញ់ជារឿងមួយ តែរឿងសំខាន់នោះគឺការគោរពវិន័យកិត្តិយស សេចក្តីថ្លៃថ្នូកិត្តិយសនិងបានសប្បាយរីករាយទាំងអស់គ្នា ក្នុងឱកាសសំណេះសំណាលជាមួយកីឡាករអ៊ុំទូកទូទាំងខេត្តនៅក្នុងសាលាខេត្ត និងមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរនានាជុំវិញខេត្តចូលរួមជាច្រើនរូបទៀយផងដែរ។
លោកអភិបាលខេត្តបានបន្តថា កម្មវិធីអុំទូកប្រពៃណីថ្នាក់ខេត្តនេះ បានចាប់ផ្តើមដំបូងធ្វើឡើងតាំងពីឆ្នាំ២០០០មកម្លេះ ឆ្នាំនេះគឺជាលើកទី២៥ ហើយទើបតែខកខាន២ឆ្នាំ ជំនាន់កូវីដ១៩ ឆ្នាំ២០១៩-
២០២០ កន្លងមកប៉ុណ្ណោះ តែឆ្នាំនេះយើងចាប់ផ្តើមអុំទូកតាមប្រពៃណីខេត្តជាបន្តទៀត ក្នុងថ្ងៃបុណ្យចេញព្រះវស្សារៀងរាល់ឆ្នាំ។ ក្នុងឱកានោះ លោកអភិបាលខេត្តក៏បានជូនអំណោយជាស្បៀងអាហារ មានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ សម្រាប់ហូបនៅពេលហ្វឹកហាត់ និងនៅពេលបុណ្យអុំទូកផងដែរ។
សូមបញ្ជាក់ថា ប្រភេទទូកដែលត្រូវប្រណាំងរយ:ពេល២ថ្ងៃនេះ មានទូក៥ប្រភេទ,សរុបទូកចំនួន៤២ទូក,កីឡាករសរុប១,៤៩០នាក់(ស្រី៦០នាក់)ក្នុងនោះកីឡាករពេញសិទ្ធចំនួន១,០៩៣នាក់(ស្រី៤៤នាក់),កីឡាករបំរ៉ុងចំនួន៣៩៧នាក់(ស្រី១៦នាក់)៕