(កំពង់ធំ)៖ លោក ម៉េង លីនណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ បាននាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារសពលោក មុត ហាន នៅភូមិ កំពងើវាំង ឃុំប្រឡាយ ស្រុកស្ទោង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
លោក ម៉េង លីនណា បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារសព មានជីវភាពខ្វះខាត ដូចនេះហើយទើបក្រុមការងារ ស.ស.យ.ក ឃុំប្រឡាយ ដោយមានកិច្ចសហការជាមួយលោកនាយរងប៉ុស្តិ៍ លោកស្រីមេភូមិ នាំយកអំណោយមកផ្ដល់ជូននៅពេលនេះដែលជាការចូលរួមនូវមរណៈទុក្ខ និងជាការចូលរួមបានមួយចំណែក ទោះបីជាអំណោយដែលបានចែកជូននៅពេលនេះមិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាប្រធាន ស.ស.យ.ក ស្រុក និងអាជ្ញាធរមូលដ្ឋាននៅតែមើលឃើញ នឹងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារដែលងាយរងគ្រោះ ខ្វះខាត ជានិច្ច។
លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងខ្វះខាតខ្លាំង ព្រោះអំណោយនិងថវិកា ដែលប្រមូលបានជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ជួបការលំបាក ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។
លោកបានជំរុញគ្រួសារសពត្រូវប្រឹងតស៊ូបន្តទៀត ជំរុញឲ្យកូនរបស់សព ត្រូវប្រឹងរៀនសូត្រ ត្រូវថែទាំសុខភាពឲ្យបានល្អនិងមានអនាម័យខ្ពស់ និងគ្រួសារផ្សេងទៀតដោយអនុវត្តនៅវិធានការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិសេសមេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់គ្រួសារសព ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារ ស ស យ ក ក្នុងការចូលរួមសហការគ្នាស្វែងរកមោធិសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមានអង្ករ ១បេ ទឹកសុទ្ធ១០យួរ ថវិកា ១៦ម៉ឺនរៀល ជា ថវិកា របស់ ស.ស.យ.ក និងសប្បុរសជន៕