(ប៉ារីស, បារាំង)៖ បន្ទាប់ពីបានធ្វើដំណើរលើចម្ងាយផ្លូវដ៏វែងឆ្ងាយដោយផ្តើមចេញពីរោងចក្រនៅក្រុងឆុងឈីង ប្រទេសចិន រថយន្តអគ្គិសនីដ៏ប្រណិតចំនួន៣ប្រភេទ របស់ក្រុមហ៊ុន AITO បានធ្វើដំណើរដល់ក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានបង្ហាញវត្តមានជាមួយប្រណិត និងរឹងមាំ នៅក្នុងពិព័រណ៍រថយន្តលើកទី៩០ នៅកណ្តាលក្រុងប៉ារីស ប្រទេសបារាំង។
នៅថ្ងៃទី១៤ ខែតុលា ក្រោមប្រធានបទ «ភាពឆ្លាតវៃ ការច្នៃប្រឌិត ប្រណិតភាព (Intelligence Redefining Luxury)» AITO បានតាំងបង្ហាញផលិតផលឧស្សាហកម្មឈានមុខគេ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ លោក លី បូ អនុប្រធានក្រុមហ៊ុន AITO គ្រុប បានឱ្យដឹងថា មុននឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៍រថយន្តនៅក្រុងប៉ារីស រថយន្តអគ្គិសនីរបស់ AITO ដែលរួមមានរថយន្ត AITO 9, AITO 7 និង AITO 5 បានធ្វើដំណើរឆ្លងកាត់ទ្វីបអឺរ៉ុប ក្នុងចម្ងាយផ្លូវ ១៥,០០០គីឡូម៉ែត្រ ដោយប្រើពេល៣៨ថ្ងៃ និងឆ្លងកាត់បណ្តាប្រទេសចំនួន១២។
កាន់តែពិសេសនោះ គឺរថយន្តម៉ាក AITO 9 ដែលជាសមាជិកសំខាន់នៅក្នុងកម្មវិធី «Eurasian Tour with AITO» ត្រូវបានដាក់តាំងបង្ហាញ។ AITO 9 បានបំពេញបេសកកម្មដ៏វែងឆ្ងាយពីទីក្រុងឆុងឈីង ប្រទេសចិន ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយការបង្ហាញពីសមត្ថភាពយ៉ាងអស្ចារ្យនៃម៉ាករថយន្ដរបស់ AITO ដែលបានបើកឆ្លងកាត់ស្ថានភាពផ្លូវស្មុគស្មាញ និងស្ថានភាពលំបាក។
ជាពិសេសនៅក្នុងតំបន់ដែលពិបាករកកន្លែងបញ្ចូលភ្លើង រថយន្ដអាចរក្សាបានការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន ដែលជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់រថយន្តអគ្គិសនី ក្នុងអំឡុងព្រឹតិ្តការណ៍ «Eurasian Tour with AITO»។ តែទោះជាយ៉ាងណា បច្ចេកវិទ្យា Range-extender របស់ AITO បានជម្នះលើដែនកំណត់នៃការបញ្ចូលភ្លើង ហើយផ្តល់នូវបទពិសោធន៍នៃការបើកបររថយន្តអគ្គិសនីសុទ្ធ។ វាបានដោះស្រាយការព្រួយបារម្ភជាមួយមុខងារបើកបរផ្លូវឆ្ងាយ ដោយសារតែមានបំពាក់ រចនាសម្ព័ន្ធរូបរាងដ៏រឹងមាំអាគុយ 5-layer battery insulation រួមទាំងមុខងារសុវត្ថិភាពសកម្មចំនួន២០ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវប្រកបដោយសុវត្ថិភាព។
បច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ AITO បានបង្ហាញនូវសារៈសំខាន់សម្រួលដល់អ្នកបើកបរ និងជួយសម្រាលភាពនឿយហត់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយលើរយៈចម្ងាយផ្លូវ ៨,៨០០គីឡូម៉ែត្រនៃការធ្វើដំណើរសរុប ១៥,០០០គីឡូម៉ែត្រ។ ជាងនេះទៅទៀត ប្រព័ន្ធចតរថយន្តឆ្លាតវៃរបស់ AITO បានបង្ហាញនូវដំណើរការដ៏ប៉ិនប្រសប់ដោយធ្វើឱ្យអ្នកបើកបរងាយស្រួលក្នុងការចតរថយន្ត ទោះកន្លែងចតតូចចង្អៀតក៏ដោយ។ ជាមួយជំនួយបញ្ជាការចតពីចម្ងាយ អ្នកបើកបរអាចជ្រើសរើសកន្លែងចតរថយន្ត និងអនុញ្ញាតឱ្យរថយន្តបញ្ចប់ដំណើរការដោយស្វ័យប្រវត្តិ ដែលជាមុខងារមួយបានទាក់ទាញការចំណាប់អារម្មពីប្រជាជននៅតាមតំបន់ដែលកម្មវិធីដំណើរកម្សាន្តត្រូវឆ្លងកាត់។
ក្នុងនាមជារថយន្ដអគ្គិសនីឆ្លាតវៃ AITO 9 បានបង្ហាញពីដំណើរការដ៏អស្ចារ្យរបស់ខ្លួននៅក្នុងស្ថានភាពដ៏លំបាកអំឡុងការធ្វើដំណើរ។ រថយន្ដនេះបានប្រឈមមុខនឹងកាលៈទេសៈ លំបាកៗ ស្ថានភាពស្មុគស្មាញ សីតុណ្ហភាពក្ដៅ និងតំបន់ខ្ពង់រាប រហូតដល់តំបន់វាលខ្សាច់។ ដោយមានបំពាក់បច្ចេកវិទ្យាទំនើប និងមុខងារសុវត្ថិភាពដ៏ទូលំទូលាយ សមត្ថភាព របស់ AITO 9 បានឆ្លងកាត់ការធ្វើតេស្ដយ៉ាងហ្មត់ចត់។ ដោយទទួលបានការគាំទ្រពីអតិថិជន និងទីផ្សារ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរថយន្ដ AITO 9 ច្រើនជាង ១៤០,០០០គ្រឿង ហើយក្នុងនោះមាន ១០០,០០០គ្រឿង ត្រូវបានលក់ចេញក្នុងរយៈពេល៩ខែ បន្ទាប់ពីប្រកាសដាក់លក់ ដោយជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការលក់ក្នុងចំណោម ម៉ូដែលដែលមានតម្លៃលើសពី ៦០,០០០អឺរ៉ូក្នុងទីផ្សាររបស់ចិន។
ដោយឡែក រថយន្ដ AITO 7 វិញ អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងគ្រប់ស្ថានភាពនៃការធ្វើដំណើរជាលក្ខណៈគ្រួសារ។ មានការកោតសរសើរយ៉ាងខ្លាំង ក្នុងអំឡុងព្រឹត្តិការណ៍ «Eurasian Tour with AITO» សម្រាប់សម្រាប់កន្លែងអង្គុយប្រកបដោយផាសុខភាព ដោយភ្ជាប់ជាមួយនូវកៅអីម៉ាស្សាទាំងមុខ និងទាំងក្រោយ ដែលអាចកាត់បន្ថយភាពអស់កម្លាំងនៅពេលបើកបរតាមផ្លូវ។ រថយន្តនេះមានបំពាក់ពោងសុវត្ថិភាពចំនួន៨ និងអាគុយមានសមត្ថភាពខ្ពស់ ដើម្បីធានាសុវត្ថិភាព ក្នុងគ្រប់លក្ខខណ្ឌទាំងអស់។
សម្រាប់ AITO 5 គឺជារថយន្តប្រភេទ Sport SUV ធុនកណ្តាលទាន់សម័យ ដែលមានការរចនាម៉ូតបែបស្ព័រ និងមាននឹងរូបរាងស្អាត ហើយមានកម្លាំងខ្លាំង។ រថយន្ដនេះអាចការបង្កើនល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៥វិនាទី។ ទាក់ទងនឹងលក្ខណៈពិសេសដ៏ឆ្លាតវៃ រថយន្ដនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយអ្នកបើកបរ ការចតដោយស្វ័យប្រវត្តិ កំណត់កន្លែងចតពីចម្ងាយដែលនាំឱ្យអ្នកបើកបរទាំងមានភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរឡើង។
រថយន្ដរបស់ AITO មានលក្ខណៈពិសេសស្នូលចំនួន៤រួមមាន៖ សុវត្ថិភាព និងឆ្លាតវៃ, ថាមពលអគ្គិសនីចម្រុះ, កន្លែងអង្គុយអាចផ្លាស់ប្ដូរបាន និងភាពវៃឆ្លាតឈានមុខ។ កម្មវិធីទាំងនេះគាំទ្រ ជម្រើសថាមពលច្រើនក្នុងរួមមាន Super Range-extended Electric, Battery Electric និង Ultra Hybrid។ វាគឺកម្មវិធីតែមួយគត់នៅក្នុងឧស្សាហកម្ម ដែលអាចប្រើបាន ជាមួយប្រព័ន្ធថាមពលថ្មីទាំង៣ ដែលផ្តល់នូវបទពិសោធន៍នៃការបើកបរដោយ «រីករាយ ងាយស្រួល និងសុវត្ថិភាព» សម្រាប់អ្នកបើកបរ។
សូមបញ្ជាក់ថា ជាមួយនឹងការបង្ហាញវត្តមានលើទឹកដីអឺរ៉ុប ក៏ដូចជាក្នុងពិព័រណ៍រថយន្តក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនេះ ក្រុមហ៊ុន AITO នឹងចាប់ផ្តើមបើកលក់រថយន្តអគ្គិសនីដ៏ប្រណិត ជាមួយបច្ចេកវិទ្យាដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន SDB ដែលជាក្រុមហ៊ុនចែកចាយរថយន្តប្រណីតៗនៅក្នុងប្រទេសកម្ពុជា៕