(ភ្នំពេញ)៖ ចំពោះពលរដ្ឋខ្មែរ គ្មានអ្នកណាម្នាក់ដែលមិនស្គាល់ស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យឡើយ។ ស្រុកអន្លង់វែង គឺជាអតីតទីតាំងដ៏ធំ និងរឹងមាំចុងក្រោយមួយរបស់អតីតកងកម្លាំងប្រដាប់អាវុធខ្មែរក្រហម និងជាតំបន់ដែលបានធ្វើសមាហរណកម្មចុងក្រោយបង្អស់ជាមួយនឹងរាជរដ្ឋាភិបាលកាលពីប្រមាណ២៦ឆ្នាំមុន។ តើអន្លង់វែង បានប្រែមុខមាត់យ៉ាងណាក្នុងរយៈពេល២៦ ឆ្នាំរួចមកនេះ? សូមទស្សនាសេចក្តីរាយការណ៍របស់ Fresh Exclusive៖
«ថ្ងៃនេះយើងបានមកដល់វិមានឈ្នះ-ឈ្នះ បើយើងនិយាយពីវិមានឈ្នះ-ឈ្នះ យើងត្រូវរំលឹកទៅដល់អតីតកាល ដែលកាលពី២៦ឆ្នាំមុននោះ គឺយើងមិនទាន់មានសន្តិភាពគ្រប់គ្រាន់ទេ។ ប៉ុន្តែដោយសារតែនយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្មនៅក្នុងតំបន់ធំៗ មួយចំនួនរបស់អតីតខ្មែរក្រហមគឺនៅសំឡូតផង គឺនៅក្នុងខេត្តប៉ៃលិនផង ជាពិសេសនៅតំបន់អតីតសំប៉ុកខ្មែរក្រហម គឺនៅអន្លង់វែងទៅតែម្តង ដែលធ្វើឲ្យយើងមានស្តូបវិមានអនុស្សារីយ៍ឈ្នះ-ឈ្នះនេះ ដែលជានិមិត្តរូបនៃតំណាងសន្តិភាពនៃប្រទេសកម្ពុជា។
ហើយនៅវេលាថ្ងៃនេះដែរ គឺក្រុម Fresh Exclusive នៃអង្គភាពព័ត៌មាន Fresh News នឹងធ្វើដំណើរទៅកាន់តំបន់អន្លង់វែង និងតំបន់ដទៃៗទៀត ដូចជានៅសំពៅលូន នៅកំរៀង ប៉ៃលិន សំឡូតជាបន្តបន្ទាប់ដើម្បីពិនិត្យមើលថាតើក្នុងរយ:ពេល២៦ឆ្នាំកន្លងមកនេះ ក្រោមនយោបាយឈុ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន តើមានអ្វីកើតឡើងនៅទីនោះ។ អញ្ចឹងសូមប្រិយមិត្តទាំងអស់គ្នាធ្វើដំណើរជាមួយ Fresh Exclusive ដើម្បីតាមដានមើល ថាតើនៅក្នុងអតីតតំបន់ធំៗរបស់ក្រុមខ្មែរក្រហម កាលពីអតីតកាលនោះមានអ្វីកើតឡើងក្រោមនយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោហ៊ុនសែន»។
ស្រុកអន្លង់វែង គឺជាស្រុកដែលដាច់ស្រយាលមួយចម្ងាយប្រមាណ៤៣៥គីឡូម៉ែត្រ ភាគខាងជើងប្រទេស និងជាស្រុកដែលលាតសន្ធឹងតាមជួរភ្នំដងរែកជាប់នឹងព្រំដែនថៃ។ អន្លង់វែង គឺជាស្រុកមួយរបស់ខេត្តឧត្តរមានជ័យ ដែលខេត្តនេះមានក្រុងរបស់ខ្លួនឈ្មោះក្រុងសំរោង និងស្រុកបួនទៀតគឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងស្រុកបន្ទាយអម្ពិល។
កាលពីអតីតកាលក្នុងពេលដែលស្រុកទេសមានសង្គ្រាមស៊ីវិលតំបន់អន្លង់វែង គឺជាតំបន់អសន្តិសុខ និងមិនសូវមានមនុស្សបានធ្វើដំណើរចេញចូលដោយស្រួលបួលបានឡើយ។ ស្រុកទេសដែលមានសង្គ្រាមពីអតីតកាល បានរារាំងពលរដ្ឋខ្មែរមិនអាចធ្វើដំណើរទៅកាន់តំបន់អន្លង់វែងបានឡើយ ម្យ៉ាងទៀតឧបសគ្គដ៏ធំនោះ គឺអន្លង់វែងក្នុងសម័យនោះគឺជាតំបន់គ្រប់គ្រងដោយកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជាក្រុមខ្មែរក្រហមថែមទៀត។
តំបន់អន្លង់វែង គឺជាទីតាំងដ៏ធំនិងជាសំបុកលាក់ខ្លួនចុងក្រោយបង្អស់របស់មេដឹកនាំខ្មែរក្រហមធំៗ ដូចជាប៉ុលពត, នួនជា, អៀង សារី, សុន សេន និង តាម៉ុក ជាដើម។ ទីតាំងនៃសំបុកចុងក្រោយរបស់ក្រុមខ្មែរក្រហមនេះ គឺនៅចុងឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្ត្រDIFID នៃនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្រុមខ្មែរក្រហមនៅទីតាំងអន្លង់វែងនោះ បានយល់ព្រមទម្លាក់អាវុធចុះចាញ់បញ្ឈប់ចលនាបះបោរ និងថ្នាក់ដឹកនាំជួរគណៈរដ្ឋមន្ត្រីខ្មែរក្រហមទាំងមូល គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បានធ្វើដំណើរទៅចុះចូលដល់គេហស្ថានសម្តេចតេជោ ហ៊ុន សែន នៅគេហស្ថានក្រុងតាខ្មៅ ខេត្តកណ្តាល។
Fresh Exclusive បានធ្វើដំណើរពិនិត្យភាពជាក់ស្តែង ដើម្បីការចង់ដឹងថាតើ ២៦ឆ្នាំកន្លងមកនេះ យុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះ-ឈ្នះមានអ្វីកើតឡើងខ្លះនៅអតីតតំបន់ នៃទីតាំងសំបុកដ៏ធំរបស់ក្រហមនៅទីនោះ?
«ឥឡូវនេះគឺយើងកំពុងធ្វើដំណើរ ចូលទៅក្នុងតំបន់អន្លង់វែងនៅប្រមាណតែ ៦០គីឡូទៀតនោះទេ គឺយើងទៅដល់ហើយ។ ហើយតំបន់នេះពីដើម គឺផ្លូវមិនមែនផ្លូវល្អដូចនេះទេ គឺជាផ្លូវដែលកាត់ផ្តាច់ហើយមានមីនដាក់បង្កប់ផង ហើយនៅតាមផ្លូវអស់នេះមិនមែនជាផ្លូវធ្វើដំណើរដោយស្រួលនោះទេ គឺមានការបារម្ភនូវការវាយប្រហារនិយាយឱ្យចំទៅ គឺមិនអាចនរណាធ្វើដំណើរបានដោយស្រួលនោះទេ។ គឺនៅតាមផ្លូវនេះ គឺជាកន្លែងដែលកំពុងប្រទាញប្រទង់ គឺកន្លែងសមរភូមិ ហើយមានមនុស្សស្លាប់ ហើយមានវាលកប់ខ្មោចផងដែរ ប៉ុន្តែឥឡូវនេះយើងឃើញការធ្វើដំណើរ ចូលទៅកាន់តំបន់អន្លង់វែងនោះគឺមានសភាពជាធម្មតា។ យើងធ្វើដំណើរដោយស្រួលទៅតែម្តង ផ្លូវអត់មានរលាក់ អត់មានមីនដូចពីមុននោះទេ»។
ក្នុងសម័យសង្គ្រាមស៊ីវិល ដើម្បីធ្វើដំណើរទៅកាន់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ គឺគេត្រូវដេកតាមផ្លូវយ៉ាងហោច៣ទៅ៤យប់ ប៉ុន្តែក្រោយប្រទេសមានសន្តិភាពពិតប្រាកដជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវដ៏ត្រឹមត្រូវក្រោមនយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន តាំងពីជាង២០ឆ្នាំមុនមកនោះ ការធ្វើដំណើរដោយរថយន្តតាមផ្លូវថ្នល់កៅ ស៊ូដ៏រលោងក្នុងសម័យសន្តិភាពបច្ចុប្បន្ននេះ គឺមានរយៈពេលតែប្រមាណ៧ម៉ោងតែប៉ុណ្ណោះ។
• អន្លង់វែង ក្នុងសម័យសន្តិភាព
ក្នុងសម័យសង្គ្រាម, អន្លង់វែងគ្មានផ្ទះច្រើនស្អេកស្កះដូចបច្ចុប្បន្ននេះឡើយ។ អន្លង់វែង គឺជាតំបន់ព្រៃ មានតែផ្លូវលំ, គ្មានភ្លើងអគ្គីសនី, គ្មានផ្លូវចាក់ក្រាលកៅស៊ូ, គ្មានអាជីវកម្មលក់ដូរដូច បច្ចុប្បន្ននេះឡើយ។ អ្នកស្រុកបានរៀបរាប់ថា តំបន់អន្លង់វែង ក្នុងសម័យសង្គ្រាម គឺជាតំបន់អសន្តិសុខ, តំបន់ដែលអ្នកស្រុកតែងភ័យនឹងការបាញ់គ្រាប់ផ្លោង, ជាតំបន់ដែលតែងមានគ្រោះថ្នាក់ដោយសារការដាក់ពង្រាយគ្រាប់មីន, តំបន់ដែលខ្វះអាហារទទួលទានគ្រប់គ្រាន់ ដោយសារជាតំបន់កាត់ផ្តាច់ផ្លូវសេដ្ឋកិច្ច និងជាតំបន់ដែលពលរដ្ឋមិនអាចមានស្នាមញញឹមបានឡើយ ដោយសារតែក្តីបារម្ភនឹងការវាយប្រហារពីគូបដិបក្ខគ្រប់ពេលវេលានោះ។ ប៉ុន្តែក្រោយការធ្វើសមាហរណកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាមួយនឹងរាជរដ្ឋាភិបាលរួច តំបន់អន្លង់វែងបានប្រែប្រួលយ៉ាងខ្លាំង។
Fresh Exclusive បានធ្វើដំណើរដល់ផ្សារអន្លង់វែង នាពេលរសៀល៖
«កន្លែងនេះគឺជាអតីតសមរភូមិ ជាវាលកប់ខ្មោច ជាកន្លែងប្រយុទ្ធគ្នា ជាកន្លែងចំការមីន តែពេលនេះ គឺខុសប្លែកពីមុនទាំងអស់ គឺ២៦ឆ្នាំក្រោយមក ក្រោយពីការធ្វើសមាហរណកម្មមក ទីកន្លែងនេះក៏ក្លាយទៅជាទីផ្សារ គឺជាផ្សារអន្លង់វែង ផ្សារដ៏ធំ ដែលពីមុនកន្លែងនេះមិនមែនផ្សារអ៊ូរអរដូច្នេះទេ។
នៅកន្លែងនេះមានឈ្មោះថាស្រុកអន្លង់វែង ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ហើយទីតាំងដែលឈរផ្ទាល់នេះគឺផ្សារអន្លង់វែង។ កាលពីមុនមកទីនេះគឺជាតំបន់ដែលមានសង្គ្រាម ទើបតែមានការអភិវឌ្ឍន៏មានសន្តិភាពទើបបានរីកចម្រើនដូចសព្វថ្ងៃនេះ។ កាលពីមុនមកកន្លែងនេះគឺជាវាលស្រែទេ ទើបតែមានការអភិវឌ្ឍក្រោយមកបញ្ចប់សង្គ្រាមមក មានសន្តិភាពទើបមានការអភិវឌ្ឍផ្សារនេះ ដែលទើបកើតឡើងនៅក្រោយសម័យសមាហរណកម្ម។ អញ្ចឹងអាចចាប់ពីឆ្នាំ១៩៩៨មក ដែលប្រជាជនមករស់នៅរហូតដល់សព្វថ្ងៃនេះ»។
អន្លង់វែងបច្ចុប្បន្ន បានប្រែមុខមាត់ ពីតំបន់ដែលធ្លាប់តែស្ងាត់ជ្រងំ និងជាកន្លែងដែលដាច់សង្វែងមិនសូវមានមនុស្សមកដល់នោះ ពេលនេះបានក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តំបន់នេះដោយពុំមានការភ័យខ្លាចអ្វីទៀតឡើយ៖
«ខ្ញុំសុំផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាទូទាំងប្រទេស ជួយអញ្ជើញមកលេងកំសាន្តនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផង ព្រោះនៅទីនេះឥឡូវគឺផ្លាស់ប្តូរ៣៦០ដឺក្រេហើយ គឺមានការរីកចម្រើនទាំងផ្លូវថ្នល់ ទាំងរមណីយដ្ឋានផ្សេងៗអាចអញ្ជើញមកលេងបានដូចជា អូរទឹកខៀវហើយផ្ទះតាម៉ុក ផ្សារអន្លុងវែង និងកន្លែងផ្សេងៗជាច្រើនទៀត ហើយអាជីវករលក់ដូរនៅក្នុងស្រុកក៏មានការច្រាលឡើង ហើយប្រជាជនក៏មានការសាងសង់អគារថ្មីៗជាច្រើនទៀតអញ្ជឹងខុសប្លែកពីមុនច្រើន គឺមានសន្តិភាពអត់ភ័យខ្លាចរឿងថាមានមីនមានអ្វីទេ ដោយសារតែគេបានបោសសម្អាតមីនរួចរាល់អស់ហើយ។ មានតែសន្តិភាពធ្វើឱ្យយើងមានរហូតដល់ថ្ងៃនេះ ប្រជាជនទាំងអស់គ្នាគឺខ្លាចសង្រ្គាមអញ្ជឹងយើងត្រូវការតែពាក្យថា សន្តិភាព ទើបមានការរីកចម្រើនដូចថ្ងៃហ្នឹង»។
អន្លង់វែងកាលពីអតីតកាល ជាតំបន់ដែលគ្មានភ្ញៀវជាតិ និងអន្តរជាតិបានធ្វើដំណើរឆ្លងកាត់ឡើយ ប៉ុន្តែក្រោមភាពវៃឆ្លាតនៃការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន អតីតតំបន់ដែលគេស្ទើរតែបោះបង់ចោលនោះ ត្រូវបានកែប្រែមុខមាត់ឱ្យក្លាយជាតំបន់គេចង់ដឹង និងចង់ស្គាល់ទៅវិញក្នុងនោះសូម្បីតែផ្នូរ ឬអតីតផ្ទះរបស់មេដឹកនាំខ្មែរក្រហមរស់នៅក្នុងតំបន់នោះ ក៏បានក្លាយជាកន្លែងរៀបចំរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រជាសក្ខីកម្មនៃប្រវត្តិសាស្ត្ររបស់ខ្មែរថែមទៀត។
អតីតយុទ្ធជនដែលធ្លាប់ប្រយុទ្ធនៅតំបន់អន្លង់វែង លោក សៀង សុខហេង បានប្រាប់ Fresh Exclusive នៅផ្ទះតាម៉ុក យ៉ាងដូច្នេះ៖
«នៅក្នុងស្រុកអន្លង់វែងយើងនេះ គឺមានតំបន់ប្រវត្តិសាស្រ្តចំនួន១៤កន្លែង….រមណីយដ្ឋាននៃតំបន់ប្រវត្តិសាស្ត្ររបស់តាម៉ុកនេះ គឺជាចំណែកមួយនៅក្នុង១៤កន្លែងហ្នឹងដែរ……នៅក្នុងស្រុកអន្លង់វែង យើងមើលឃើញថា ពីមុនមកដែលខ្ញុំរស់នៅ គឺមិនមានអ្វីសោះទេ…មានតែព្រៃហើយស្ងាត់ស្ងៀម ហើយដូចជាផ្លូវអ្វីហ្នឹង គឺយើងមិនមានទេ។ កាលជំនាន់នោះគឺយើងធ្វើដំណើរតាមផ្លូវរទះ ឬផ្លូវដើរបន្តិចបន្តួចប៉ុណ្ណោះទេ ប៉ុន្តែដល់ឥឡូវនេះ គឺនៅក្នុងស្រុកអន្លង់វែង យើងមានកន្លែងកំសាន្ត ដូចនៅកន្លែងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តទាំងដប់បួនចំណុចនេះក៏ការអភិវឌ្ឍហើយនឹងរក្សាបានល្អប្រសើរ។
កាលពីជំនាន់អតីតកាលនោះ គឺនៅពេលបើកភ្នែកមក ប្រជាពលរដ្ឋគឺដឹងតែភ័យខ្លាចរឿងគ្រាប់ផ្លោង ហើយដាក់មីន ដាក់ធ្វើចម្រូងប៉ុណ្ណោះ។ ដល់សព្វថ្ងៃនេះ គឺប្រជាពលរដ្ឋសប្បាយចិត្តដោយសារអ្វី?…ដោយសារនៅក្នុងស្រុកអន្លង់វែងយើងនេះ គឺមានការអភិវឌ្ឍតាំងពីផ្លូវថ្នល់។ យើងមើលឃើញថាតាំងពីសាលារៀន តាំងពីវត្តអារាមគឺនៅក្នុងស្រុកអន្លង់វែងនេះ រីកចម្រើនច្រើនចាប់តាំងពីសមាហរណកម្ម ហើយមកដល់ឥឡូវនេះក៏កាន់តែរីករាលដាលល្អ…តាមភូមិនិមួយៗនឹងគឺយើងធ្វើផ្លូលចូលដល់សុទ្ធតែចាក់បេតុងទាំងអស់….កាលពីមុនគឺអត់មានទេ យើងដើរតាមតែគន្លងផ្លូវបន្តិចៗប៉ុណ្ណោះ។ កាលពីមុននោះ គឺយើងបារម្ភរឿងមីន…ដល់ឥឡូវនេះ គឺអស់បារម្ភរឿងមីនហើយ ពីព្រោះនៅតំបន់នេះគឺយើងមានខាងស៊ីម៉ាក់ មានកន្លែងណាដែរប្រជាពលរដ្ឋឃើញមីន គឺត្រូវទៅប្រាប់គេដើម្បីដោះចេញ»។
តំបន់អន្លង់វែង ដែលពីអតីតកាលមិនធ្លាប់មានផ្លូវចាក់ក្រាលកៅស៊ូចូលទៅដល់ ប៉ុន្តែពេលនេះគេអាចធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូដ៏រលោងចេញពីខេត្តសៀមរាបទៅក៏បាន ចេញពីខេត្តព្រះវិហារទៅក៏បាន ឬពីក្រុងសំរោង ក៏បានបើសិនជាចង់ធ្វើដំណើរទៅកាន់ស្រុកអន្លង់វែង ដែលភាពរីកចំរើនទាំងនេះ គឺខុសគ្នាទាំងស្រុងពីអតីតកាល។
អតីតអភិបាលស្រុកអន្លង់វែង លោក ហោ ជិនវិរយុទ្ធ បច្ចុប្បន្នលោកជាអភិបាលរងខេត្តឧត្តរមានជ័យ បានរៀបរាប់នូវភាពវិវត្តន៍របស់ស្រុកអន្លង់វែង បន្ទាប់ពីរយៈពេល២៦ឆ្នាំក្រោយការធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល៖
«សូមអរគុណលោក ម៉ា យ៉ារិទ្ធ ដែលបានឆ្លៀតឱកាសមកដល់រដ្ឋខេត្តឧត្តរមានជ័យ ក្នុងការយកព័ត៌មានអំពីខេត្តឧត្តរមានជ័យ ជាពិសេសគឺស្រុកអន្លង់វែង ដែលខ្ញុំជាអតីតអភិបាលស្រុកនៅទីនោះ។ សូមជម្រាបផងដែរថាស្រុកអន្លង់វែង គឺជាស្រុកមួយដែលអនុវត្តនយោបាយឈ្នះ-ឈ្នះ ហើយជាទីតាំងតស៊ូចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ហើយមេដឹកនាំកំពូលរបស់ខ្មែរក្រហមបានស្លាប់ និងមេដឹកនាំ ដែលជាប្រមុខកងទ័ពរបស់ខ្មែរក្រហម ក៏ត្រូវបានចាប់ខ្លួន ហើយកាត់ក្តីដាក់ទោសទណ្ឌនៅសាលាក្តីខ្មែរក្រហម។
ដោយឡែកតាមរយៈនៃគោលនយោបាយឈ្នះ-ឈ្នះនោះ គឺសម្តេចតេជោដែរជាស្ថាបនិកបិតាសន្តិភាព បានដាក់ចេញនូវយុទ្ធវិធីនៃការយកសមានចិត្តពីប្រជាពលរដ្ឋ និងមេដឹកនាំរបស់ខ្មែរក្រហមដែលដាក់ចេញនូវគោលការណ៍បីយ៉ាង ដែរដូចសំនួរលើកឡើងខាងដើមអញ្ជឹង គឺថាការធានានូវអាយុជីវិត ការធានា នូវអាជីពមុខរបរ និងការធានាកម្មសិទ្ធិ។ ចំពោះការធានាទាំងបីនេះ រដ្ឋាភិបាលគឺរក្សាបានយ៉ាងខ្ជាប់ខ្ជួនហើយបានបន្តរហូតដល់បច្ចុប្បន្ន។
ខ្ញុំសូមគូសបញ្ជាក់បន្ថែម ដូចជាការធានានូវអាយុជីវិត បច្ចុប្បន្នប្រជាពលរដ្ឋនៅស្រុកអន្លង់វែង បានរស់នៅប្រកបដោយភាពសុខដុមរមនា មានការបង្កបង្កើនជីវភាពរស់នៅដូចប្រជាជនទូទាំងប្រទេស ហើយមិនមានសតិអារម្មណ៍ថ្នាំងថ្នាក់ណាមួយ រវាងប្រជាជនអតីតខ្មែរក្រហម ឬក៏ប្រជាជនមកពីក្នុងឬក្រៅទេ ដោយសារយើងបានធ្វើការផ្សះផ្សា និងដោះស្រាយបញ្ហាសតិអារម្មណ៍បាន តាមរយៈការអភិវឌ្ឍតំបន់ព្រំដែនដែលជាទីតាំងតស៊ូចុងក្រោយរបស់គាត់។
ទីពីរ គឺការធានានូវកម្មសិទ្ធិ ដូចជាបញ្ហាដីធ្លីប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ក្រោយសមាហរណកម្ម គឺបានទទួលនូវកម្មសិទ្ធដែលគាត់ធ្លាប់មានកន្លងមក ហើយអ្នកដែលមិនធ្លាប់មាន ក៏បានទទួលនូវកម្មសិទ្ធិនៅតំបន់អន្លង់វែងផងដែរ។ អញ្ចឹងបានជាស្រុកអន្លង់វែងយើង មានប្រជាពលរដ្ឋដែលបានរស់នៅរួមគ្នាដែលចិញ្ចឹមជីវិតដល់ថ្ងៃនេះ គឺថា មានកម្មសិទ្ធិ ដូចបងប្អូនប្រជាពលរដ្ឋដទៃដែរ។
បញ្ហាចំណុចទីបី គឺធានាអាជីព ចំណុចនេះខ្ញុំសូមគូសបញ្ជាក់ជូនលោកអ្នកនាងទស្សនិកជនផងដែរថា អាជីពបច្ចុប្បន្ននេះខ្ញុំសូមនិយាយអាជីពផ្នែកកងទ័ព គឺអតីតអតីតកងទ័ពខ្មែរក្រហមត្រូវសមាហរណកម្ម ប្តូរអាវពីឯកសណ្ឋានកងទ័ពខ្មែរក្រហម មកជាឯកសណ្ឋានកងយោធពលខេមរភូមិន្ទក្រោមការធ្វើសមាហរណកម្មអធិបតីភាពសម្តេចពិជ័យសេនា ដែលគាត់ជាអតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។
យើងឃើញហើយថា អតីតកងទ័ពទាំងអស់នោះបច្ចុប្បន្នកំពុងតែមានតួនាទីនៅក្នុងកងយោធពលខេមរភូមិន្ទ ដែលសូមបញ្ជាក់ដែរថាជាមេដឹកនាំកងពលដូចជា ឧត្តមសេនីយ៍ត្រី ចាន់ សុឃុន បច្ចុប្បន្នជាមេកងពលលេខប្រាំបី ដែលគាត់ត្រូវបងប្អូនជនរួមជាតិស្គាល់គាត់ថា ឈ្មោះ«ការេពីរ» ដែលអតីតជាមេបញ្ជាការខ្មែរក្រហម និងមេញ្ជាការមួយទៀតគឺ ឯកឧត្តម នាក់ វង្ស និងឯកឧត្តម ប៉ែន វ៉ូយ ដែលជាអតីតមេបញ្ជាការកងពលលេខ៤២… ហើយបច្ចុប្បន្នឯកឧត្តម ប៉ែន វ៉ូយ បន្តវេនពីគ្នាគាត់ គឺមាន័យថាអតីតខ្មែរក្រហមដូចគ្នា បានបន្តវេនគ្នា ដោយមិនមានឱ្យទៅកងទ័ពខាងក្នុង ឬខាងក្រៅអ្វីទេ មានន័យថា គាត់ទទួលបន្ត នៃការដឹកនាំកងពលតាមអ្វីដែលជាស្នាដៃតាមអ្វីដែលជាគុណសម្បត្តិ និងវីរភាព ជាពិសេសសមត្ថភាពរបស់គាត់ដែលមាន ហើយបានការពារបូរណភាពដែនដីដល់បច្ចុប្បន្ននេះ។
ដោយឡែកផ្នែករដ្ឋបាលស៊ីវិល គឺយើងនៅមានអតីតជាអតីតបងប្អូនខ្មែរក្រហម ដែលកាន់តួនាទីជាមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ដែលមាននៅស្រុកត្រពាំងប្រាសាទ និងអន្លង់វែង ដែលបច្ចុប្បនេះ ជម្រាបដោយត្រង់តាមរយៈគោលនយោបាយលើកទឹកចិត្តនិងគាំទ្រ គឺស្រុកត្រពាំងប្រាសាទបច្ចុប្បន្ន គឺកូនរបស់អតីតខ្មែរក្រហមត្រូវបានធ្វើជាប្រធានក្រុមប្រឹក្សា ដែលឳពុកត្រូវបានលាលែង ហើយមកកាន់ជាក្រុមប្រឹក្សាខេត្ត។ អញ្ចឹងគឺមានន័យថាស្រុកទាំងពីរនេះ គឺនៅមានអនុវត្តគោលនយោបាយជាដដែល។
ដោយឡែកក្នុងអន្លង់វែង គឺមេឃុំទាំងប្រាំឃុំ ក្នុងនោះ៤ឃុំ គឺជាអតីតខ្មែរក្រហមតែម្តង គឹឃុំអន្លង់វែង ឃុំត្រពាំងតាវ ឃុំលំទង និងឃុំត្រពាំងព្រៃ ដែលសុទ្ធតែអតីតមេដឹកនាំខ្មែរក្រហម ហើយឃុំធ្លាតក៏ជាបងប្អូនសមាហរណកម្មដែរ ប៉ុន្តែគាត់មកពីតំបន់ផ្សេង។ អញ្ចឹងយើងឃើញថា ការដឹកនាំនៅក្នុងស្រុកអន្លង់វែងនៅតាំងពីអតីត រហូតដល់បច្ចុប្បន្ននេះ គឺយើងរក្សាបាននូវក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ដែលភាគរយបច្ចុប្បន្ននៅប្រមាណ៧០%នៅជាអតីតខ្មែរក្រហមនៅឡើយ»។
ពលរដ្ឋស្រុកអន្លង់វែងបានថ្លែងថា រយៈពេល២៦ឆ្នាំកន្លងមកនេះ អតីតទីសមរភូមិប្រយុទ្ធដ៏ក្តៅគគុក ត្រូវបានប្រែក្លាយជាតំបន់កំសាន្តរបស់មនុស្សជាច្រើន តំបន់ដែលធ្លាប់តែស្ងាត់ជ្រងំ គ្មានឮសម្លេងអ៊ូអរ បានក្លាយជាកន្លែងនៃស្នូរសំណើចសើចក្អាកក្អាយ ជាកន្លែងនៃរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់ជាតិ និងជាកន្លែងដែលប្រមូលផ្តុំនូវមនុស្សចម្រុះពីមជ្ឈដ្ឋាននានាមករស់នៅនាពេលនេះ។ យោងតាមស្ថិតិរបស់ខេត្ត គិតត្រឹមឆ្នាំ២០២៣ ចំនួនពលរដ្ឋដែលបានមករស់នៅក្នុងស្រុកអន្លង់វែងនេះ មានចំនួន៥៧,០០០នាក់។
ប្រវត្តិសាស្ត្របានបង្ហាញថា ខេត្តឧត្តរមានជ័យ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងចំនួន៣លើករួចមកហើយ ដោយបង្កើតលើកទី១ ដោយព្រះរាជក្រមថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤ បង្កើតលើកទី២ដោយព្រះរាជក្រមថ្ងៃទី១ ខែមីនា ឆ្នាំ១៩៦៦ នៅសម័យសង្គមរាស្ត្រនិយមដោយព្រះ នរោត្តម សីហនុ ប៉ុន្តែក្រោយឆ្នាំ១៩៧០ សង្គ្រាមបានឆាបឆេះឡើង រាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវលើកទីតាំងដាក់នៅខេត្តសៀមរាបវិញ។ ក្រោយមកការបង្កើតលើកទី៣ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ដោយផ្តាច់ចេញពីខេត្តសៀមរាបវិញ។
អភិបាលបច្ចុប្បន្នរបស់ខេត្តឧត្តរមានជ័យ គឺឯកឧត្តម មាន ចាន់ យ៉ាដា ដែលបានមានប្រសាសន៍ប្រាប់ Fresh Exclusive នូវបច្ចុប្បន្នភាពនិងសក្តានុពលនៅក្នុងក្រុងសំរោង និងស្រុកទាំងបួន នៅក្នុងខេត្តរបស់លោកជាពិសេសស្រុកអន្លង់វែង៖
«ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយដែលស្ថិតនៅប៉ែកខាងជើង ឆៀងខាងលិច នៃប្រទេសកម្ពុជា ហើយយើងមានព្រំប្រទល់ ជាប់ជាមួយនឹងប្រទេសថៃដែលមាន៣ខេត្តគឺខេត្តបុរីរាំ ខេត្តសូរិន និងខេត្តស៊ីសូកេត។ យើងមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃប្រវែង ២២៤គីឡូម៉ែត្រ…ខេត្តឧត្តរមានជ័យរបស់យើង គឺយើងមានផ្ទៃដីសរុបចំនួន ៦,១៥៨គីឡូម៉ែត្រក្រឡា ហើយមានប្រជាពលរដ្ឋសរុបប្រមាណជា២៧ម៉ឺននាក់។ ហើយយើងមានដង់ស៊ីតេ ប្រជាពលរដ្ឋប្រមាណ ៣៩នាក់នៅក្នុង១គីឡូម៉ែត្រក្រឡា។ ខេត្តឧត្តរមានជ័យរបស់យើងមានស្រុកចំនួន៤ ក្រុងចំនួន១ ហើយនិងឃុំចំនួន១៩ និងសង្កាត់ចំនួន៥។
ខេត្តរបស់យើង គឺយើងសក្តានុពលច្រើនសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែសក្តានុពល ដែលលេចធ្លោខ្លាំង គឺមាន២ធំ គឺទីមួយសក្តានុពលផ្នែកខាងកសិកម្ម។ សក្តានុពលផ្នែកកសិកម្ម ដូចខ្ញុំបានជម្រាបជូនថា ផ្ទៃដីខេត្តឧត្តរមានជ័យរបស់យើង បើយើងប្រៀបធៀបជាមួយនឹង២៥រាជធានីខេត្ត គឺយើងស្ថិតនៅខេត្តលេខរៀងទី១០ មានផ្ទៃដីកសិកម្មធំ គឺយើងរហូតទៅដល់៩ម៉ឺនហិចតាជាង ដែលអាចដាំដំណាំស្រូវ និងដំណាំកសិឧស្សាហកម្មមួយចំនួនធំទៀត ។
ទីមួយយើងនៅទីនេះសម្រាប់កសិកម្ម គឺយើងអាចដាំដុះដូចជាស្វាយចន្ទី ស្វាយកែវរមៀត ហើយនិងកសិឧស្សាហកម្ម ដូចជាចម្ការកៅស៊ូ ហើយនិងដំឡូងមីជាដើម នេះគឺជាសក្តានុពលផ្នែកកសិកម្ម។ ដោយឡែកសម្រាប់ផ្នែកទេសចរណ៍ យើងមានទេសចណ៍សម្រាប់ប្រវត្តិសាស្ត្រ ទេសចរណ៍ជារបៀប អេកូទេសចរណ៍ ជាមួយនឹងទេសចរណ៍វប្បធម៌។
ទេសចរណ៍ប្រវត្តិសាស្ត្រហ្នឹង គឺយើងមាន១៤ទីតាំង ដែលជារមណីយដ្ឋាន ឬជាកន្លែងដែលពាក់ព័ន្ធជាមួយនឹងអតីតមេទ័ពរបស់ខ្មែរក្រហម ដែលយើងនិយាយថា តំបន់នេះភាគច្រើនគឺនៅតំបន់អន្លង់វែង ដូចជាមានៅផ្ទះតាម៉ុក ផ្ទះប៉ុលពត ឬក៏នៅបឹងតាម៉ុកជាដើម ហើយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ យើងមានស្ពានទ័ព ដែលជាស្ពានមួយមានប្រវែងធំជាប្រវត្តិសាស្រ្តមួយ ហើយទន្ទឹមនឹងនោះ ផ្នែកអេកូទេសចរណ៍ គឺយើងមានព្រៃសហគមន៍ដែលយើងហៅថា ព្រៃសង្ឃរូបវ័ន្ត ដែលផ្ទៃដីជាង៣ម៉ឺនហិចតា។
នេះគឺជាសក្តានុពលរបស់ខេត្តឧត្តរមានជ័យ… ក្រៅពីនោះ គឺជាច្រកទ្វាអន្តរជាតិចំនួន៣ ដែលកំពុងបើកឱ្យដំណើរការ គឺទីច្រកអន្តរជាតិអូរស្មាច់ ហើយទី២ ច្រកអន្តជាតិជាំ ហើយនិងទី៣ ច្រកជប់គគីរ ដែលច្រកជប់គគីរនេះ យើងនឹងចុះអនុស្សារណៈជាមួយនឹងខេត្តបុរីរាំ ដើម្បីអនុញ្ញាតប្រែក្លាយច្រកនេះ ទៅជាច្រកតំបន់ នេះគឺជាសក្តារនុពល ខេត្តឧត្តរមានជ័យយើងខ្ញុំ»។
ស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ ទម្រាំបានក្លាយជាស្រុកដែលមានសន្តិភាព និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បានល្អដូចបច្ចុប្បន្ន បានរងពលិកម្មនូវជីវិតមនុស្សជាច្រើនដោយសារតែសង្គ្រាមពីអតីតកាល។ ពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេសស្រុកអន្លង់វែង បានថ្លែងថាគេប្តេជ្ញាថានឹងមិនឱ្យស្រុកទេសរបស់គេ ក្លាយជាតំបន់អសន្តិសុខដូចពីអតីតកាលឡើយ។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយក្តាប់តូច នៃក្រុមជ្រុលនិយមដែលតែងនិយាយឆ្កឹះឆ្កៀល ញុះញង់ ចង់នាំប្រទេសកម្ពុជាដែលពលរដ្ឋកំពុងរស់នៅ ក្នុងសុខសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ។
អតីតមេបញ្ជាការខ្មែរ ក្រហមលោក នាក់ វង្ស ដែលជាមេទ័ពម្នាក់ក្នុងចំណោមបណ្តាមេទ័ពឆ្នើមទាំងឡាយរបស់ខេត្តឧត្តរមានជ័យ និងដែលមានភារកិច្ចការពារព្រំដែន និងសន្តិសុខ នៅក្នុងខេត្តដែលជាប់នឹងព្រំដែនថៃនេះបានថ្លែងថា អតីតយុទ្ធជនខ្មែរក្រហមបានឆ្អែតឆ្អន់ នឹងសង្គ្រាម និងនយោបាយប្រជាភិថុតិនានាអស់ហើយ។ លោកបានប្តេជ្ញាការថែរក្សាសន្តិភាព ពីព្រោះមានតែសន្តិភាពនោះទេ ដែលជាពន្លឺនាំប្រទេស ជាតិនិងពលរដ្ឋទូទាំងប្រទេសរួមទាំងខេត្តឧត្តរមានជ័យរបស់លោក ដើម្បីឈានទៅរកការអភិវឌ្ឍ៖
«ខ្ញុំគឺជាអតីតកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាខ្មែរក្រហម។ ខ្ញុំមិននឹកស្មានថា ក្រោយការចូលរួមរស់ហើយ បានទទួលសេចក្តីសុខបានសប្បាយអញ្ចឹងទេ… ហើយមិននឹកស្មានថាមានការប្រែប្រួលអញ្ចឹងដែរ… ទាំងក្នុងខេត្ត…ទាំងក្នុងស្រុក ទាំងផ្ទាល់ខ្លួនរបស់គ្រួសារខ្ញុំ គឺខ្ញុំមានការលំបាកណាស់…ខ្ញុំធ្លាប់ខ្វះមុខ ខ្វះក្រោយ ប៉ុន្តែឃើញថា បច្ចុបន្ននេះមានការរីកចម្រើនអស់ហើយ ពីដើមយើងគ្មានស្អីទេ កងទ័ពខ្ញុំ ខ្លួនខ្ញុំផ្ទាល់ក៏គ្មានស្អីដែរ ខោមួយចង្កេះ ប៉ុន្តែបច្ចុបន្ននេះ ខ្ញុំចង់និយាយថា មានគ្រប់អស់ហើយ…អត់មានខ្វះអ្វីទេ…បើនិយាយពីជីវភាពក្នុងគ្រួសារគឺសមរម្យហើយ…ហើយកងទ័ពខ្ញុំទាំងមូលយុទ្ធជនខ្ញុំទាំងមូល គឺសមរម្យអស់ហើយ ហើយឥឡូវហ្នឹងមានដីស្រែ មានដីចម្ការ មានឡានជិះ មានម៉ូតូ សព្វគ្រប់អស់ហើយ។
អញ្ចឹងគឺអត់មានអីលំបាកអ្វីទេ។ ដូច្នេះយើងត្រូវតែការពារសន្តិភាពឱ្យបាន យើងមានសន្តិភាព ទើបយើងមានថ្ងៃនេះ បើគ្មានសន្តិភាពទេ យើងមិនអាចអភិវឌ្ឍបានទេ អភិវឌ្ឍជាតិក្តី អភិវឌ្ឍផ្ទាល់ខ្លួនក្តី បើគ្មានសន្តិភាពទេ យើងមិនអាចវិវត្តន៍ឈានទៅមុខបានទេ អញ្ចឹងយើងមិនត្រូវការសង្គ្រាមដាច់ខាត»។
នៅក្នុងតំបន់អន្លង់វែងនោះផងដែរ ដើម្បីការរក្សានូវនិមិត្តរូបសន្តិភាព និងជាតឹកតាងប្រវត្តិសាស្ត្រនៃនយោបាយឈ្នះឥឈ្នះ បំបាត់សង្គ្រាមស៊ីវិល គេបានកសាងស្តូបអនុស្សាវរីយ៍មួយ ដែលជានិមិត្តរួបការអស់សង្គ្រាមស៊ីវិលតាមរយៈនយោបាយឈ្នះ-ឈ្នះ៖
«អន្លង់វែង គឺជាអតតីសំបុកចុងក្រោយ របស់កងទ័ពខ្មែរក្រហម ហើយអន្លង់វែង គឺជាកន្លែងដែលបង្កប់នូវរឿងរ៉ាវអតតីកាលជាច្រើន។ ដើម្បីរំលឹកទៅដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យដឹងថាតើតំបន់អន្លង់វែងបានទទួលសន្តិភាពពិតប្រាកដដោយសារអ្វីនោះ គេក៏បានកសាងនូវស្តូបអនុស្សារីយ៍មួយនៃវិមានឈ្នះ-ឈ្នះ គឺនៅក្នុងបន់អន្លង់វែងនេះតែម្តង … ស្តូបនេះគឺនៅមិនទាន់ធ្វើហើយក៏ដោយ ប៉ុន្តែនឹងបញ្ចប់នាពេលអនាគត…ហើយស្តូបនេះ គឺមានតម្លៃណាស់ តម្លៃជាប្រវត្តិសាស្ត្រ ដែលគេមិនអាចកាត់ថ្លៃបានឡើយ»៕