(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនកីឡាករទូក និងបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
លោកអភិបាលខេត្ត បានណែនាំដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ ពិធីប្រណាំងទូកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបន្តថា មន្ត្រីពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដោយរៀបចំទុកដាក់រថយន្តឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឱ្យមាន ការកកស្ទះ ក្នុងនោះកម្លាំងឈរជើងនៅ តាមគោលដៅ ត្រូវយល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ច និងអនុវត្តនូវកិច្ចអន្តរាគមន៍នានានៅពេលមានបទបញ្ជា។
ក្រៅពីនោះត្រូវ យកចិត្តទុកដាក់លើបញ្ហាកន្លែងស្នាក់នៅរបស់កីឡាករអុំទូក ចៀសវាងមានជនឆ្លៀតឱកាសចូលបង្កបញ្ហា ពោលគឺត្រូវរៀបចំផែនការការពារសន្តិសុខ ធ្វើយ៉ាងណាឱ្យបងប្អូនចំណុះទូកទាំងអស់មាន សុវត្ថិភាព និងស្នាក់នៅបានសមរម្យ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះកម្លាំងល្បាត ត្រូវប្រើប្រាស់កម្លាំងអាវុធហត្ថ និងនគរបាលអន្តរាគមន៍ ដោយប្រើប្រាស់ចិត្តសាស្ត្រក្នុងការដើរល្បាត ធ្វើយ៉ាងណាត្រូវក្ដាប់មុខសញ្ញាឱ្យបានកុំឱ្យមានករណីលួច ករណីលូកហោប៉ៅ ឬករណីចោរកម្មផ្សេងៗកើតឡើង។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ ក្នុងការបង្កើតទីតាំងប្រមូលផ្តុំព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងករណីបាត់ ក្មេង ឬបាត់របស់របរផ្សេងៗ បន្ទាប់ពីមានប្រជាពលរដ្ឋ បានរាយការណ៍ដល់សមត្ថកិច្ចនោះផងដែរ។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានប្រាប់ដល់មន្ត្រីពាក់ព័ន្ធ ឱ្យធ្វើការផ្សព្វផ្សាយ ណែនាំដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវគោរពវិន័យដោយស្តាប់តាមការរៀបចំរបស់គណៈកម្មការបច្ចេកទេស និងគោរពម៉ោងពេលវេលា ព្រមទាំងស្លៀកពាក់ ឯកសណ្ឋានឱ្យបានស្អាតត្រឹមត្រូវគ្រប់ៗគ្នាផងដែរ៕