(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានប្រគល់ថវិកា៥លានរៀល ជូនព្រះគ្រូចៅអធិការវត្តករណីដើម ដែលជាអ្នកតំណាងអ្នកគ្រប់គ្រងចាត់ចែងទូកអាមាន់ហើរ និងអារាប សម្រាប់ប្រកួតនៅខេត្តកំពង់ធំ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រៀមប្រកួតនៅទីរួមខេត្តកំពង់ធំនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។
លោកបានណែនាំកីឡាករគ្រប់រូបត្រូវមានវិន័យល្អ មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ រក្សាសុខភាពឱ្យបានល្អ និងមានរបបអាហារឲ្យបានត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ ដើម្បីមានកម្លាំង និងថាមពលខ្លាំងក្លាក្នុងការប្រកួតប្រជែង ដើម្បីទទួលបាននូវជ័យជម្នះ និងពានជាកិត្តិយសរួមទាំងអស់គ្នាសម្រាប់ទូកស្រុកស្ទោងទាំងមូល។
លោកបានថ្លែងអំណរព្រះគុណ និងអរគុណក្រៃលែងព្រះគ្រូចៅអធិការនិងលោកអាចារ្យគណៈកម្មការវត្តករណីដើម ដែលតែងតែដឹកនាំផ្គត់ផ្គង់ទូកទាំងពីរខាងលើក្នុងការប្រកួតកម្សាន្តសប្បាយ នៅស្រុកស្ទោងក៏ដូចជា នៅក្នុងខេត្តកំពង់ធំកន្លងមក និងទទួលបានជ័យជម្នះព្រមទាំងឈ្នះពានផងដែរ។
សូមបញ្ជាក់ថា ទូកអាមាន់ហើយនិងអារាប ជាទូកដែលស្ថិតនៅក្នុងវត្តករណីដើម ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ៕