(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភា​តំណាងប្រជាជនទូទាំងប្រទេសចិន គណៈប្រតិភូគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ និងមិត្តភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅ​សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា បានជួបពិភាក្សាការងារជាមួយលោក ស៊ែវ ជៀ (Xiao Jie) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភា​តំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួប​នោះ ភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីរឹតចំណងមិត្តភាព​ជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែស៊ីជម្រៅ និងធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យ​ថ្មី​ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក៏ដូចជាចូលរួមចំណែក​ជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

ក្នុងថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៦ បានជួបពិភាក្សាការងារជាមួយលោក យ៉ាង ស៊ែវ ឆាវ (Yang Xiaochao) ប្រធានគណៈកម្មាធិការ​អធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជួបពិភាក្សា​ការងារជាមួយតុលាការកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងបានជួបពិក្សា​ការងារជាមួយក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្ដូរ និងចែករំលែកនូវបទពិសោធ​នៃ​ការអនុវត្តការងារក្នុងវិស័យច្បាប់ តុលាការ និងការរៀបចំសេចក្តីព្រាងច្បាប់ ដាក់ជូនរដ្ឋសភាអនុម័តដើម្បីការដឹកនាំគ្រប់គ្រងប្រទេសរៀងៗខ្លួន។

បន្ទាប់ពីទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នឹងបន្តដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅសភាតំណាង​ប្រជាជ​នចិន នៅខេត្តសានស៊ី (Shanxi) និងសភាតំណាងប្រជាជនចិន ​ខេត្ត​ក្វាងទុង (Guangdong)៕