(ទីក្រុងហ្សឺណែវ)៖ លោកបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកស្រី ខេង សំវ៉ាដា អនុប្រធាន​គណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មការអចិន្ត្រៃយ៍ស្តីពី សន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាព​អន្តរសភា (IPU149th) អំពី «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ។

អង្គប្រជុំបានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការ​ប្រើប្រាស់ភាសាបារាំង និងឥទ្ធិពល​នៃបញ្ញាសប្បនិម្មិត​មកលើប្រទេសកំពុង​អភិវឌ្ឍន៍ និងប្រទេស ដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ប្រទេស​វៀតណាម ក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំរបស់ «ក្រុមសភា​និយាយ​ភាសាបារំាង APF» ដែលគ្រោងនឹងធ្វើឡើងនៅ ខែមករា ឆ្នាំ២០២៥ ខាងមុខ​នេះ​ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានធ្វើបទអន្តរាគមន៍លើប្រធានបទ​ស្តីអំ​ពី «តួនាទីសភាពាក់ព័ន្ធនឹងសន្តិសុខនុយក្លេអ៊ែរ» ដោយលោកបានលើក​ឡើង​​ពីបញ្ហាប្រឈមនៃការគំរាមកំហែងឥទ្ធិពលនុយក្លេអ៊ែរ ប៉ះពាល់​មកលើ​ពិភពលោក។ លោកបណ្ឌិត បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងតួនាទី​សំខាន់​របស់សមាជិកសភា ក្នុងការអនុម័តច្បាប់ ហើយប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក៏បានចុះហត្ថលេខា ផ្តល់សច្ចាប័នលើលិខិតូបករណ៍/ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិជាច្រើន ដើម្បីគាំទ្រយ៉ាងពេញទំហឹង ហាមឃាត់​ការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដើម្បីចូលរួម​ក្នុងការ​ធានាបានសុវត្ថិភាព សន្តិសុខ និងការការពារប្រជាពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោក៕