(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក ក្នុងកិច្ចការងារមនុស្សធម៌ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការ ចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកាប្រគល់ដល់អាជ្ញាធរខណ្ឌសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ រងគ្រោះដោយគ្រោះធម្មជាតិ។

ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និងថវិកានេះបានធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងវត្តកំសាន្ត នៃសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ។

បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និងថវិកា, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណអរគុណនូវទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៌ ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកាដល់អាជ្ញាធរខណ្ឌ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានសន្យាថានឹងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្តអោយចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះ បែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕