(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ជួបសំណេះសំណាលកីឡាករទូកសែនសេរីមានជ័យ ជាអំណោយរបស់លោកបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី១រដ្ឋសភានារសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៤ នៅភូមិសែនសេរី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របពេលដែលខេត្តកំពង់ធំប្រារព្ធពិធីអុំទូកនៅថ្ងៃទី១៦ និង១៧ ខែតុលា នេះ។
លោកបានបញ្ជាក់ថា ទូក ង ឈ្មោះសែនសេរីមានជ័យ ត្រូវបានលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ ឧបត្ថម្ភកសាងតាំងពីលោកនៅមានព្រះជន្មនៅឡើយ តែពេលនេះលោកបានអនិច្ចកម្មទៅហើយ ហើយរូបខ្ញុំបាទជាកូនក៏មកទទួលនិងជួយឧបត្ថម្ភគាំទ្របន្តដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានអ៊ុំកំសាន្តសប្បាយរីករាយ។
លោកបន្តថា ការប្រណាំងទូកនានេះផ្ដើមចេញពីសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅបានសុខសាន្តមានឱកាសបានជួបជុំគ្នាសប្បាយរីករាយក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចនិងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា ពិសេសបានថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែង និងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់ និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរយើង ដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
លោកបញ្ជាក់ថា កីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ ពិសេសត្រូវខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលយកនូវជ័យជំនះលើគូប្រកួត។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងសប្បុរសជនដែលបានជួយឧបត្ថម្ភារៈ និងថវិកាមួយចំនួន។ លោក ងួន រាសី បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕