(ក្រចេះ)៖ ប្រជាកសិករដែលរងផលប៉ះពាល់ពីរបបទឹកទន្លេមេគង្គ និងការជោរជន់លិចដោយសាររបបទឹកភ្លៀង នាពេលថ្មីៗកន្លងមកនេះ បានរូតរះម្នីម្នារសម្រុកដាំដំណាំស្រូវឡើងវិញ ដើម្បីស្តារជីវភាពគ្រួសារ ក្រោយរដូវទឹកសម្រក និងបន្ទាប់ពីទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តក្រចេះនោះមក។
ប្រជាកសិករជាង ៥០ភាគរយនៃគ្រួសារ ដែលទទួលបានគ្រាប់ពូជពី រាជរដ្ឋាភិបាល ត្រូវគេឃើញ បាននិងកំពុងសស្រាកសស្រាំនៅក្នុងការភ្ជួររាស់ ដកស្ទូង ដើម្បីពន្លឿនឱ្យទាន់រដូវវស្សា និងបន្ទាប់ពីរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅក្នុងខេត្តក្រចេះ។
យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានបង្ហាញឱ្យដឹងនៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៤នេះថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ប្រជាកសិករបានធ្វើការស្ដារឡើងវិញ នូវដំណាំស្រូវបានចំនួន ៥១ភាគរយ នៃចំនួន៦០៥៧ គ្រួសារ ដែលទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល។
របាយការណ៍ដដែលបានបញ្ជាក់ថា ផ្ទៃដីដែលត្រូវធ្វើការស្ដារឡើងវិញ នៅក្នុងខេត្តក្រចេះមានចំនួន ៥,៨៧២ហិកតា និងនៅពេលនេះក្នុងការស្ដារឡើងវិញបានចំនួន ៤៩ភាគរយ នៃផ្ទៃដីដែលត្រូវស្ដារ និងផ្ទៃដីដែលមិនទាន់បានស្ដារឡើងវិញ ដោយសារទឹកមិនទាន់ស្រក់ផុត។
របាយការណ៍ក៏បានបង្ហាញពីចំនួនគ្រួសារ ដែលទទួលបានគ្រាប់ពូជស្រូវពី រាជរដ្ឋាភិបាល ដើម្បីស្ដារឡើងវិញ នៅតាមបណ្ដាក្រុង ស្រុកក្នុងខេត្តក្រចេះ រួមមាន៖ ក្រុងក្រចេះ បានទទួល ១៨៣គ្រួសារ, ស្រុកឆ្លូង បានទទួល ១៣២៥គ្រួសារ, ស្រុកព្រែកប្រសព្វ បានទទួល ២០៨៨គ្រួសារ, ស្រុកចិត្របុរី បានទទួល ២៣៦៩គ្រួសារ និងស្រុកសំបូរ បានទទួល ៩២គ្រួសារផងដែរ៕