(កំពង់ចាម)៖ តាមរយៈបណ្ដាញសង្គម បានបង្ហោះចែកចាយថា ស្ថិតក្នុងទីតាំងចំការស្វាយចន្ទីរ ចំណុចអូរស្ងួត រវាងឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មានការលួចបើកលេងល្បែងជល់មាន់ខុសច្បាប់។
ក្រោយទទួលបានព័ត៌មានភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃអធិដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងដូចដែលបានចុះផ្សាយ។
តាមការពិនិត្យជាក់ស្ដែងឃើញថា ទីតាំងនោះ គឺមិនស្ថិតនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាមឡើយគឺ ស្ថិតនៅចំណុចចំការស្វាយចន្ទី តំបន់អូរកែងទាត់ ស្ថិតក្នុងភូមិជាយក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយជាង៣គីឡូម៉ែត្រ ពីព្រំប្រទល់ភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម។ ទីតាំងនេះ មានការលេងល្បែងជល់មាន់រយៈពេលពីរ ទៅបីថ្ងៃមុននេះ ប៉ុន្តែបច្ចុប្បន្នមិនមានសកម្មភាពលេងនោះទេ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអះអាងថា រៀងរាល់កិច្ចប្រជុំប្រចាំខែ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាប្រចាំ និងតែងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចនៅមូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តការផ្សព្វផ្សាយ ការធ្វើវេទិកាសាធារណៈ ជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យនគរបាលនឹងប្រជាពលរដ្ឋ ស្ថិតនៅជិតគ្នា ដើម្បីទទួល ព័ត៌មាន សំណើ និងសំណូមពរនានា បញ្ចូនមកជំនាញដើម្បីដោះស្រាយ និងមានវិធានការបានទាន់ពេលវេលា៕