(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការក្នុងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានធ្វើពិធីក្រុងពាលីបួងសួងនៅមុខរូបសំណាកលោកតាអី និងលោកតាក្រហមក ដើម្បីសុំសេចក្តីសុខក្នុងឱកាសពេលបុណ្យអុំទូក បណ្តែតប្រទីប ក្នុងថ្ងៃចេញព្រះវស្សា ដែលមានរយ:ពេល២ថ្ងៃ គឺទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។
លោក នួន ផារ័ត្ន បានសំណេះសំណាលប្រាប់កីឡាករអុំទូកទាំងអស់ថា ឈ្នះចាញ់ជារឿងមួយតែរឿងសំខាន់នោះគឺការគោរពវិន័យកិត្តិយស សេចក្តីថ្លៃថ្នូកិត្តិយសនិងបានសប្បាយរីករាយទាំងអស់គ្នា ក្រោមម្លប់សន្តិភាព ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូកងនៅក្នុងខេត្តកំពង់ធំនេះ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូកង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តអំពាវនាវប្រជាពលរដ្ឋទាំងអស់ទាំងទីជិតទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូកង នារសៀលម៉ោង២នេះឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងបរិយាកាសពិធីឲ្យសប្បាយរីករាយ។
សូមបញ្ជាក់ថា ប្រភេទទូកដែលត្រូវប្រណាំងរយ:ពេល២ថ្ងៃនេះ មានទូក៣ប្រភេទ សរុបទូកចំនួន៦៦ទូកក្នុងនោះទូកផ្កាចារមានចំនួន១៦ទូក ទូកខ្នាតអន្តរជាតិមានចំនួន៤១ទូក និងទូកវែងចំនួន៩ទូក ដែលមានកីឡាករសរុបចំនួន២០៨០នាក់៕