(ព្រៃវែង)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកស្រី នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូកងនៅខេត្តព្រៃវែង ដើម្បីអបអរក្នុងឱកាសចេញព្រះវស្សា និងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ពិធីនេះមានការចូលរួមពីលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងលោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ មកលើកទឹកចិត្តទូកមកពីបណ្តាក្រុង ស្រុករបស់ខ្លូនផងដែរ។
ក្នុងនោះឱកាសនោះ លោក ជា សុមេធី បានថ្លែងជំរុញដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន។
លោកបានបន្តថា កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងប្រទេសមានសុខសន្តិភាព ដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាព និងសមិទ្ធផលដែលមានស្រាប់ ព្រមទាំងបន្តកសាងនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតផងដែរ។
សូមបញ្ជាក់ថា ទូកងខ្នាតអន្តរជាតិទាំងអស់ចំនួន៤៧ទូក ក្នុងនោះចំណុះពិត១,០៣៤នាក់ ចំណុះត្រៀម២៨២នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន១៦ទូក ដែលមានចំណុះពិត១,១៩៣នាក់ ចំណុះត្រៀម២៣០នាក់។ ទូកងសរុបទាំងខ្នាតវែងនិងខ្នាតអន្តរជាតិមានចំនួន៦៣ទូក ដែលមានចំណុះពិត និងចំណុះត្រៀមសរុបទាំងអស់ចំនួន២,៧៤៩នាក់។
ជាមួយគ្នានេះ ចំពោះដំណើរការនៃការប្រណាំងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១ អុំចំនួន៤ជើង។ ព្រឹកអុំចំនួន២ជើងប្ដូរខ្សែទឹក និងពេលរសៀលអុំចំនួន២ជើងប្ដូរខ្សែទឹកដូចគ្នា នឹងថ្ងៃទី១៧ខែតុលា គឺអុំចំនួន១ជើង និងពេលរសៀលអុំមួយជើងទៀត ដោយប្ដូរខ្សែទឹក វគ្គផ្ដាច់ព្រ័ត្របិទកម្មវិធី។ នៅពេលរាត្រីក៏មានការតាំងពិព័រណ៍លក់ផលិតផល បាញ់កាំជ្រួច និងមានការប្រគុំតន្រ្តី បង្កភាពសប្បាយរីករាយផងដែរ៕