(បាត់ដំបង)៖ លោក សុខ លូអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងពិធីបុណ្យអុំទូក និងចាប់ផ្តើមនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តសប្បាយ ក្នុងពិធីបុណ្យអុំទូកត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។
តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក សុខ លូ បានបង្ហាញការកត់សម្គាល់ថា មិនទាន់ដល់ថ្ងៃអុំទូកផងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកដើរកម្សាន្តយ៉ាងសប្បាយរីករាយ ដែលនេះហើយជាផ្លែផ្កានៃសុខសន្តិភាពបន្សល់ទុកដោយសម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តខិតខំថែរក្សានូវសុខសន្តិភាពនេះបានយ៉ាងល្អប្រសើរ។
លោក សុខ លូ ថ្លែងបន្តថា ការរៀបចំពិធីបុណ្យអុំទូកនេះពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន រដ្ឋបាលខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋជាអ្នកខេត្តបាត់ដំបង។
លោកអភិបាលខេត្តបញ្ជាក់ថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះមានលក្ខណៈប្លែក និងទាក់ទាញជាងឆ្នាំមុនៗ តាំងពីការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈ ជាពិសេសការរៀបចំតាំងបង្ហាញប្រទីបខ្នាតធំចំនួន៧ នៅតាមបណ្ដោយដងស្ទឹងសង្កែ។
លោក សុខ លូ បានបន្តថា កងកម្លាំង និងក្រុមគ្រូពេទ្យបានត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងជួយសង្រ្គោះពលរដ្ឋដែលមានបញ្ហាសុខភាពអំឡុងពិធីបុណ្យអុំទូក រយៈពេល២ថ្ងៃនេះ។
អភិបាលខេត្តបានបន្ថែមថា ការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះ ក៏ដើម្បីជ្រើសរើសយកទូកដែលមានជាប់ចំណាត់ថ្នាក់ ដើម្បីបន្តទៅចូលរួមប្រណាំងថ្នាក់ជាតិនៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជា
ពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះមានការប្រណាំងទូកងខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ ដោយមានទូកចូលរួមប្រណាំងសរុបចំនួន៤២ទូក។ នៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។
ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕