(កំពង់ធំ)៖ ក្នុងពេលនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនទៅប្រគល់ជូនកីឡាករទូក ក្នុងខេត្តថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់កីឡាករទូកត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន។
លោកបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាក្រោយពីឆ្លងផុតនៅសង្គ្រាមស៊ីវិលជាយូរ ហើយពេលនេះគឺប្រទេសមានសន្តិភាពបានធ្វើឲ្យពលរដ្ឋមានភាពសប្បាយរីករាយ ហើយការអុំទូកថ្ងៃនេះគឺជាការចូលរួមចំណែករក្សាវប្បធម៌ប្រពៃណី បានបន្សល់ទុកពីដូនតាដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់ និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកម្សាន្ត សប្បាយរីករាយក្រោមម្លប់សន្តិភាព។
លោកបញ្ជាក់ថា កីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ ពិសេសត្រូវខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលយកនូវជ័យ ជំនះលើគូប្រកួត ប៉ុន្តែគិតគូរពីសុខភាព និងសុវត្ថិភាព ការឈ្នះចាញ់គឺជារឿងធម្មតាធ្វើយ៉ាងណាត្រូវសប្បាយរីករាយទាំងអស់គ្នា មិនប្រកាន់ឈ្លោះទាស់ទែងនោះឡើយ។
ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូកងនៅក្នុងខេត្តកំពង់ធំនេះក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» នារសៀលម៉ោង២នេះ ឲ្យបានច្រើនកុះករដើម្បីញ៉ាំងបរិយាកាសពិធីឲ្យសប្បាយរីករាយ ។
នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោក នួន ផារ័ត្ន បាននាំយកគ្រឿងឧបភោគបរិភោគដល់កីឡាករទូក ដែលមានបួនទីតាំងដោយឧបត្ថម្ភកីឡាករទូកក្នុងម្នាក់ថវិកា២ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា ប្រភេទទូកដែលត្រូវប្រណាំងរយ:ពេល២ថ្ងៃនេះ មានទូក៣ប្រភេទ សរុបទូកចំនួន៦៦ទូក ក្នុងនោះមានទូកផ្កាចារមានចំនួន១៦ទូក ទូកខ្នាតអន្តរជាតិមានចំនួន៤១ទូក និងទូកវែងចំនួន៩ទូក ដែលមានកីឡាករសរុបចំនួន២០៨០នាក់៕