(ព្រះវិហារ)៖ មន្ត្រីស្រុកប្រតិបត្តិត្បែងមានជ័យ មណ្ឌលសុខភាពចំរើន នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការជាមួយមេភូមិ និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឡើងទៅលើកំពូលភ្នំត្បែងមានជ័យ (វត្តរអាងថ្មបីដុំ) ស្ថិតក្នុងភូមិក្តីលើ ឃុំរអាង ស្រុកសង្គមថ្មី ដើម្បីធ្វើការអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះថា ដោយទទួលបានព័ត៍មានថាបងប្អូនប្រជាពលរដ្ឋមួយចំនួន រស់នៅលើកំពូលភ្នំត្បែងមានជ័យមានបញ្ហាសុខភាព លោកក៏បានណែនាំដល់មណ្ឌលសុខភាពចម្រើន រៀបចំក្រុមការងារសម្ភារដើម្បីឡើងទៅពិនិត្យព្យាបាលជម្ងឺ និងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅលើកំពូលភ្នំត្បែងមានជ័យ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បញ្ជាក់ទៀតថា ចំពោះបញ្ហាការចាក់វ៉ាក់សាំងដល់កូនចៅប្រជាពលរដ្ឋតូចៗរស់នៅលើកំពូលភ្នំត្បែងមានជ័យ គឺក្រុមការងារមានកាលវិភាគច្បាស់លាស់ ថាតើពេលណាត្រូវចាក់ជូនគាត់?
លោកថា ក្នុងឱកាសដែលក្រុមការងារឡើងទៅពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋរស់នៅលើកំពូលភ្នំត្បែងមានជ័យនាពេលនេះ គឺបានពិនិត្យព្យាបាលជំងឺរលាកផ្លូវដង្ហើម និងក្រពះ ជូនប្រជាពលរដ្ឋចំនួន៣០នាក់ បានផ្តល់វ៉ាក់សាំងដល់ស្ត្រី និងកុមារ ចំនួន៤នាក់ និងផ្តល់ថ្នាំជីវជាតិអាបានចំនួន១៤នាក់ផងដែរ។
ក្នុងនាមមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋរស់នៅលើកំពូលភ្នំត្បែងមានជ័យទាំងអស់ សូមបន្តថែរក្សាអនាម័យដោយត្រូវលាងដៃនិងសាប៊ូ ឬអាល់កុលមុនញាំអាហារ និងក្រោយបន្ទោបង់រួច ដើម្បីការពារពីជម្ងឺឆ្លងនានា ត្រូវគេងក្នុងមុងការពារពីជម្ងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈិះ និងត្រូវធ្វើអនាម័យផ្ទះសំបែងឱ្យបានស្អាត ត្រូវប្រុងប្រយ័ត្នចំពោះការបរិភោគជាពិសេសផ្សិតដែលមិនស្គាល់ច្បាស់ និងមិនធ្លាប់ហូបពីមុនមក ត្រូវប្រុងប្រយ័ត្នពីសត្វពស់ ពិសេសតំបន់ដែលគិតថាមានសត្វពស់ បើអាចគឺកុំទៅក្បែ បើទៅត្រូវពាក់ស្បែកជើងកវែង ខោក្រាស់ៗដើម្បីការពារពស់ចឹក៕