(កែប)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិទទួលបានអាហារដើម្បីជីវិត និងអនាគតកាន់តែប្រសើរ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអតិបរមា ក្នុងការចូលរួមជាគណៈអធិបតីក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ដែលប្រារព្ធនៅក្នុងខេត្តកែប។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកអភិបាលរង អបអរសាទរចំពោះកម្មវិធីនេះ ដែលជាសក្ខីភាពនៃការចូលរួមចំណែករបស់រាជរដ្ឋាភិបាលគាំទ្រដល់សកម្មភាពនៃចលនាអង្គការស្បៀង និងកសិកម្មពិភពលោក ដែលមានកាតព្វកិច្ចលើការងារចលនាអោយមានការគិតគូរពីសន្តិសុខ និងសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋ និងមនុស្សជាតិទាំងមូល។
ក្នុងឱកាសនេះ លោក អេះសាន់ ខាបៀរ និងលោកម៉េង ចាន់ធឿន តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានកិត្តិយសក្រៃលែង និងថ្លែងអំណរគុណក្រសួងកសិកម្ម ដែលបានដឹកនាំរៀបចំ ផ្តល់ការណែនាំការប្រារព្ធពិធីសម្រាប់ឆ្នាំនេះផងដែរ។
លោកបានបន្ថែមថា ការយកចិត្តទុកដាក់របស់ក្រសួងក្នុងការពង្រឹងវិស័យស្បៀង និងកសិកម្មរបស់កម្ពុជា ជាយុទ្ធសាស្ត្រសំខាន់ មួយដោយធានាថាចក្ខុវិស័យរួមស្តីពីបញ្ហាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព បន្តរីកចម្រេីន និងឆ្ពោះទៅមុខជាដរាប។ បេីតាមលោកទាំងពីរ ខាងលេី ទិវាស្បៀងអាហារពិភពលោក ប្តេជ្ញាកសាងប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន រួមគ្នាសម្រេចឱ្យបាននូវភាពប្រសេីរទាំង៤ គឺ ផលិតកម្មកាន់តែប្រសេីរ អាហារូបត្ថម្ភកាន់តែប្រសេីរ បរិស្ថានកាន់តែប្រសេីរ និងជីវិតរស់នៅប្រសេីរសម្រាប់មនុស្សគ្រប់រូប។
នៅចំពោះមុខអង្គពិធី លោក តូច ប៊ុនហួរ តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្តកែប ព្រមទាំងអង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំទិវានេះ ឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសមួយប្រកបដោយភាតរភាពពោរពេញដោយអត្ថន័យជាប្រវត្តិសាស្រ្ត នៅលើទឹកដី ដ៏ស្រស់បំព្រងនៃខេត្តកែប។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផលកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ។
លោករដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ត្រូវបន្តយកចិត្តទុកដាក់ បំផុស និងជំរុញការផលិតកសិកម្មសម្រាប់ពាណិជ្ជកម្ម តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ការចូលរួមការពារ ស្តារ និង អនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន និងបន្តប្រឹងប្រែង ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើតគំនិតថ្មីៗក្នុងការបង្កើនផលិតភាពកសិកម្ម និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការបរិភាគ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនសំដៅប្រយុទ្ធប្រឆាំងនឹងភាពអត់ឃា្លន ការបង្កើតការងារ សុវត្ថិភាពស្បៀងអាហារូបត្ថម្ភ និងកំណើនសេដ្ឋកិច្ចជាតិ៕