(នូវ៉ែលហ្សេឡង់)៖ ឆ្លៀតឱកាសក្នុងដំណើរបំពេញបេសកកម្ម នៅប្រទេសនូវ៉ែលហ្សេឡង់, រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងជំនួបនេះ, លោកបណ្ឌិត បានស្នើសុំឱ្យបងប្អូនចែករំលែកបទពិសោធន៍អាជីវកម្ម​ និងបង្ហាញអំពីបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនយើងកំពុងជួបប្រទៈក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

យកឱកាសនោះ, លោកបណ្ឌិត បានជម្រាបដល់បងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ អំពីភាពរីកចំរើន, ការរក្សាបានសុខសន្តិភាព, ស្ថិរភាពនយោបាយ​, ​ស្ថិរភាពម៉ក្រូសេដ្ឋកិច្ច​ ការរក្សាបាននូវកំណើនសេដ្ឋកិច្ច តាមឆ្នាំជាបន្តបន្ទាប់ និងអំពីសក្តានុពលទីផ្សារនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ, បណ្ឌិតបានអញ្ជើញ និងចង់ឃើញបងប្អូនពាណិជ្ជករខ្មែរ នៅនូវ៉ែលហ្សេឡង់ ទៅធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងជំរុញសេដ្ឋកិច្ចកម្ពុជា អោយមានកំណើនបន្ថែមទៀត៕