(ព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា អ្នកចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ជួយសង្រ្គោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាម គឺជាវិរៈជនពិតប្រាកដ។
ការថ្លែងរបស់លោកអភិបាលរងខេត្តព្រះវិហារ បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គឹម រិទ្ធី អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តចាន់និមិត្ត ហៅវត្តរវៀង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ទទួលបន្ទុកប្រតិបត្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ យុវជន ស្រុករវៀង ជាច្រើនរូបទៀត។
នាឱកាសនោះលោក គឹម ចាន់បញ្ញា បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ចំណុះរដ្ឋបាលស្រុករវៀង និងប្អូនៗជាយុវជន ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»។
លោក គឹម ចាន់បញ្ញា បានបន្តថា ការរៀបចំពិធីបរិច្ចាកឈាមនៅស្រុករវៀងនាឱកាសនេះ គឺជាលើកទី៩ហើយ នៅក្នុងឆ្នាំ២០២៤ ដោយគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ហើយក៏បានរៀបចំកម្មវិធីបរិច្ចាកឈាមនេះចំនួន៨លើកកន្លងមក ដោយទទួលបានឈាមសរុប៤១១សាក់។
លោកអភិបាលរងខេត្តព្រះវិហារ បានលលើកឡើងថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើនដែលពួកគាត់មានតម្រូវការឈាម។
ជាមួយយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់ទាំងអស់គ្នា និងមានគោលបំណបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឱ្យយុវជនប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់ មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម លោកថែមទាំងចាត់ទុកអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្តគឺជាវិរៈជនដ៍អស្ចារ្យថែមទៀតផង។
លោក គឹម ចាន់បញ្ញា ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់អ្នក ដែលជាអ្នកបរិច្ចាគឈាមផងដែរ។ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជាច្រើនទៀត ហើយក៏ទទួល បាននូវការសរសើរ និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួនត្រូវការឈាមបន្ទាន់។ លោកក៏អំពាវនាវឱ្យបន្តចូលរួមបរិច្ចាកឈាម ដើម្បីជួយគាំទ្រការផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។
សូមបញ្ជាក់ថាអ្នកចូលរួមស្ម័គ្រចិត្តផ្តល់ឈាមនាពេលនេះមានចំនួន១០២នាក់ ក្នុងនោះអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន៤៩នាក់។ដោយឡែកឈាមដែលបូមបានចំនួន ៥៣នាក់ (ស្រី១៥នាក់)ក្នុងនោះ៖
*ក្រុមឈាម O+ ចំនួន ២២សាក់
*ក្រុមឈាម AB+ ចំនួន ១សាក់
*ក្រុមឈាម A+ ចំនួន ១៤សាក់
*ក្រុមឈាម B+ ចំនួន ១៦សាក់៕