(ភ្នំពេញ)៖ ២៦ឆ្នាំមុននេះ ដើម្បីការបញ្ចប់សង្គ្រាម និងការស្វែងរកសន្តិភាពរវាងខ្មែរ និងខ្មែរសាឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលមានចំណុច៣ធំសំខាន់។ Fresh Exclusive បានធ្វើដំណើរចម្ងាយជាង១,៥០០គីឡូម៉ែត្រ រយៈពេល៥យប់ និង៦ថ្ងៃ ដើម្បីការចង់ដឹងថាតើ ពាក្យសន្យា៣ចំណុចដាក់ចេញដោយរាជរដ្ឋាភិបាល បានអនុវត្តខ្ជាប់ខ្ជួនដែរ ឬទេ?
២៦ឆ្នាំបានកន្លងផុត សន្តិភាពដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានផ្តល់នូវជីវិតថ្មីដល់ពលរដ្ឋក្នុងអតីតតំបន់ខ្មែរក្រហមឡើយ, សន្តិភាពនេះ កាន់តែចាក់ឫសយ៉ាងជ្រៅ ក្នុងស្រទាប់បេះដូង របស់ក្រុមគ្រួសារគេថែមទៀត។
២៦ឆ្នាំមុននេះ ដើម្បីការបញ្ចប់សង្គ្រាម និងការស្វែងរកសន្តិភាពរវាងខ្មែរនិងខ្មែរសាឡើងវិញ បន្ទាប់ពីបេសកកម្មអង្គការសហប្រជាជាតិ UNTAC បានដកចេញពីកម្ពុជា ប៉ុន្តែសង្គ្រាមនៅតែ មិនទាន់អាចបញ្ចប់បាននោះ, នយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានពន្លត់ភ្លើងសង្គ្រាមស៊ីវិលបានទាំងស្រុង។ ចំណុចធំបីនៃនយោបាយឈ្នះ-ឈ្នះ ដែលពន្លត់ភ្លើងសង្គ្រាមស៊ីវិលអស់ទាំងស្រុងគឺ ទី១៖ ការរក្សាសុវត្ថិភាពអាយុជីវិត, ទី២ ការរក្សាអាជីពនិងមុខរបរ និងទី៣ ការរក្សាទ្រព្យសម្បត្តិ អ្នកដែលបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាល។
ខ្លឹមសារនៃយុទ្ធសាស្ត្របំបាត់សង្គ្រាមស៊ីវិលនេះ ត្រូវបានចាប់ផ្តើមអនុវត្តមុនគេបំផុតចំពោះអតីតកងពលខ្មែរក្រហមលេខ១៨ ដឹកនាំដោយលោក កែវ ពង្ស ដែលមានទីតាំងនៅតំបន់ភ្នំឱរ៉ាល់។ លោក កែវ ពង្ស នៃបញ្ជាការកងពលលេខ១៨ របស់ក្រុមទ័ពព្រៃខ្មែរក្រេហម ជាមួយនឹងចំណុចធំទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ បានដឹកនាំកងកម្លាំង និងអតីតពលរដ្ឋខ្មែរក្រហម ធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី១១កុម្ភៈឆ្នាំ១៩៩៦ និងក្រោយមកក្នុងឆ្នាំ ដដែលនោះអតីតតំបន់គ្រប់គ្រងដោយក្រុមខ្មែរក្រហមនៅសំឡូត, សំពៅលូន, ម៉ាល័យ, កំរៀង, ភ្នំព្រឹក និងប៉ៃលិន បានធ្វើសមាហរណកម្មជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាល និងនៅចុងឆ្នាំ១៩៩៨ ការធ្វើសមាហរណកម្មចុងក្រោយ បានធ្វើនៅតំបន់អន្លង់វែង ដែលជាអតីតតំបន់សំបុកធំចុងក្រោយរបស់ក្រុមខ្មែរក្រហម។
ក្នុងដំណើរចម្ងាយជាង១,៥០០គីឡូម៉ែត្រ រយៈពេល៥យប់និង៦ថ្ងៃ, ក្រុមការងារ Fresh Exclusive នៃបណ្ដាញព័ត៌មាន Fresh News បានធ្វើដំណើរឆ្លងកាត់អតីតតំបន់គ្រប់គ្រងដោយខ្មែរក្រហមទាំងនោះ ដើម្បីចង់ដឹងថាតើ ចំណុចធំទាំង៣នៃនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានគេអនុវត្តត្រឹមត្រូវដែរ ឬទេ?
Fresh Exclusive ក្នុងការធ្វើដំណើរលើផ្លូវជាតិលេខ៥៩ ពីបន្ទាយមានជ័យ ឡើងមកកាន់ក្រុង ប៉ៃលិន បានធ្វើដំណើរឆ្លងកាត់ស្រុកម៉ាឡៃ៖
«ទីនេះពីដើម ជាកន្លែងព្រៃមានផ្លូវចល័ត ធ្វើដំណើរសម្រាប់កងទ័ពដឹកជញ្ជូន ជាកន្លែងសមរភូមិ ដែលមានការវាយប្រហារគ្នាកាលពីមុន ប៉ុន្តែការធ្វើសមាហរណកម្មប៉ុន្តែ២៦ឆ្នាំកន្លងមកនេះ អ្វីៗបានប្រែប្រួលទាំងអស់។ យើងឃើញថា មានកន្លែងដែលលក់មាស កន្លែងដែលលក់ឧបករណ៍ផ្សេងៗដទៃ មានលក់ស្បែកជើង មានលក់គ្រឿងសង្ហារឹម មានលក់អ្វីៗដទៃថែមទៀត ដែលកន្លែងនេះគឺឈ្មោះហៅថាផ្សារម៉ាឡៃ។
ពីដើមកន្លែងនេះ គឺសុទ្ធតែជាព្រៃទេ នេះជាការបង្ហាញអោយឃើញថា ២៦ឆ្នាំកន្លងមកនេះក្រោមការធ្វីសមារណកម្មរួចមក គឺក ន្លែងព្រៃនៅម្តុំម៉ាឡៃ ក៏ក្លាយទៅជាផ្សារ កន្លែងដែលវាលកប់ខ្មោច ក៏បានក្លាយទៅជាកន្លែងដែលអ៊ូរអ៊រសាឡើងវិញ កន្លែងដែលមានគ្រាប់មីន បែរជាអស់រលីងទៅហើយ គឺក្លាយទៅជាវាលស្រែ វាលស្រូវ ហើយក៏ជាកន្លែងប្រកបនូវអាជីវកម្មរបស់ប្រជាពលរដ្ឋ។
យើងឃើញទឹកមុខប្រជាពលរដ្ឋ គាត់សប្បាយរីករាយ យើងឃើញប្រជាពលរដ្ឋនាំគ្នាលក់ដូរដោយគ្មានការភិតភ័យចំពោះសង្រ្គាមដែលធ្លាប់កើតមាននៅក្នុងអតីតកាលទៀតនោះហើយ នោះក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ ដែលចេញដោយសម្តេចតេជោ ហ៊ុន សែន»។
ស្រុកម៉ាឡៃ ដែលមានផ្ទៃដីទំហំ ៥,០៥៨ហិកតា គឺជាអតីតសមរភូមិប្រយុទ្ធដ៏ក្តៅគគុក។ ក្រោយការធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល កំណត់ត្រាបានបង្ហាញថា ទំហំដីដែលមានគ្រាប់មីនបង្កប់មានទំហំប្រមាណ ៣,៥០០ហិកតាដែលស្មើនឹងប្រមាណ៧% នៃផ្ទៃសរុបទាំងមូលរបស់ស្រុក។ យោងតាមមន្ត្រីស៊ីម៉ាក់ គិតត្រឹមខែសីហា ឆ្នាំ២០១៩ នៅក្នុងស្រុកម៉ាឡៃនោះ មានមនុស្សគ្រោះថ្នាក់ដោយសារគ្រាប់មីនចំនួន ៧៦៧នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ១៥២នាក់ និងមានស្ត្រីរងគ្រោះថ្នាក់ដោយសារគ្រាប់មីនចំនួន ៨២នាក់ ប៉ុន្តែបច្ចុប្បន្នមីន និងគ្រាប់បង្កៃក្នុងដី ត្រូវបានដោះស្ទើរអស់រលីងទៅហើយ។
នៅក្នុងស្រុកម៉ាឡៃនោះ Fresh Exclusive បានជួបលោក មាស ជ័យ ដែលជាអតីតអ្នកនាំពាក្យរដ្ឋបាលរបស់កងកម្លាំងប្រជាធិបតេយ្យ ដែលគេស្គាល់ថាជាក្រុមខ្មែរក្រហម។ លោក មាស ជ័យ ដែលមានអាយុប្រមាណ៧០ឆ្នាំទៅហើយ បច្ចុប្បន្នបានលាលែងចេញពីជីវភាពអ្នកនាំពាក្យរដ្ឋបាល របស់កងកម្លាំងប្រជាធិបតេយ្យហើយ ហើយលោកបានរស់នៅជាពលរដ្ឋសាមញ្ញម្នាក់នៅក្នុងស្រុកម៉ាឡៃនោះ៖
«ខ្ញុំនៅទីនេះជាង២០ឆ្នាំហើយ ក្រោយពីសមាហរណកម្មមក ខ្ញុំចេះតែនៅកន្លែងផ្សេងៗទៀត ប៉ុន្តែចេះតែដើរចុះឡើងៗ អញ្ចឹងក៏នៅកន្លែងនេះតែម្តង។ មិនដែលមានទេពី ជំនាន់២០ឆ្នាំជាងមុន គឺវាមានតែសមរភូមិ ហើយនិងមានផ្លូវថ្មើរជើងធម្មតាកាត់ថ្លុកព្រៃ មានព្រៃភ្នំ មានដើមឬស្សី ព្រៃឈើវល្លិ៍ ដែលយើងដើរទៅវាលំបាកដែរ ដើរឆ្លងកាត់ផ្លូវតូចតាច វាលំបាកណាស់។ ប៉ុន្តែគេរស់នៅបានហើយជំនាន់នោះមានកងទ័ព មានសិស្សសាលាដែលគេនៅតំបន់នោះមានសាលារៀនតិចតួច។
ពីមុនមានមីន ជំនាន់សង្រ្គាមមានមីន តែមកដល់រហូតមកដល់ពេលនេះ វាប្រហែលជា៩៨% ទៅ៩៩%អស់ទៅហើយ។ គេហៅថាភូមិកងទ័ព ភូមិនោះមិនធំទេតូចៗ សម្រាប់កងទ័ពរស់នៅ។ បើអ្នកណាគេមានគ្រួសារ គេនៅមួយគ្រួសារអញ្ចឹងទៅ ផ្ទះប្រហែលជា៤ម៉ែត្រ៤ជ្រុង អញ្ចឹងផ្ទះខ្លះក៏ ៣ម៉ែត្រ៤ជ្រុងអញ្ចឹងទៅ ហើយមានប្រក់ស្លឹកប្រក់ស្បូវ តែគេមានលទ្ធភាពរកស្បូវ រកស្លឹកអញ្ចឹងទៅ។
ការពិតទៅ វាគ្មានអ្វីលំអៀងទេ។ ក្រោយការធ្វើសមាហរណកម្មមក យើងឃើញថាកងទ័ព គេមានតំណែងប៉ុនណា គេរក្សាដំណែងគេប៉ុនហ្នឹង ឯខាងកូនទ័ពដែលនៅក្រោមគេមានដំណែងគេប៉ុនណា គេរក្សាប៉ុណ្ណឹង រហូតមមដល់ឥឡូវ អ្នកខ្លះគេមានឡើងឋានៈរបស់គេអញ្ចឹងទៅ»។
Fresh Exclusive បានបន្តដំណើរមកស្រុកសំពៅលូននិងបានជួបជាមួយលោកស្រី អ៊ុំ វ៉ាត អតីតប្រធានកងនារីផ្នែកដឹកជញ្ជួនគ្រាប់កាំភ្លើង។ លោកស្រី គឺជាភរិយារបស់ប្រធានរណសិរ្ស ២៥០ ខ្មែរក្រហមលោក ហ៊ឹម ពុធ។ លោកស្រីបានរៀបរាប់នូវប្រវត្តិធ្វើជាយុទ្ធនារីខ្មែរក្រហម៖
«នាងខ្ញុំពីមុនមក ជាប្រធាននារីដឹកជញ្ជូន ពីមុនមកខ្ញុំនៅអង្គភាពដឹកជញ្ជូន៧៥ ក្រោយមកខ្ញុំក៏ទៅនៅលោក នី កន។ ខ្ញុំធ្វើនៅអង្គភាព២០៩ តែក្នុងអង្គភាព២០៩នេះ គឺដឹកជញ្ជូនផង ធ្វើកងទ័ពផង ហើយចំពោះខ្ញុំ ជំនាន់នោះគឺខ្ញុំកាន់M79 ក្រោយមកខ្ញុំត្រូវបានខាងខ្មែរក្រហមចាត់តាំងខ្ញុំអោយមើលខាងកាំភ្លើងធំ១២០ទៅ១០០លី បន្ទាប់មកសែងយកទៅសមរភូមិជាពិសេសតំបន់ សាយ សំអន និងវ៉ៃនៅទីនោះ។
ស្លាប់អស់ច្រើនហើយនៅតិចតួចអីទេ។ នៅភ្នំ៣២ព្រំដែននេះ នៅក្នុងស្រុកសំពៅលូន នៅឆ្នាំ៩៦។ គ្មានការដកហូតអ្វីនោះទេ របស់យើងទាំងប៉ុន្មានគឺយើងធ្វើប៉ុណ្ណឹង ពោលគឺរបស់យើងកាន់កាប់ប៉ុណ្ណា កាលពេលនោះ គឺគ្មានការដកហូតបានទេអត់មានបញ្ហាអី្វនោះទេ»។
អតីតប្រធានកងនារីផ្នែកដឹកជញ្ជួនគ្រាប់កាំភ្លើងរបស់ក្រុមខ្មែរក្រហមដដែលបានថ្លែងថាលោក ស្រីដឹងគុណណាស់ ចំពោះនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងលោកស្រីបញ្ជាក់ថា ដោយសារតែនយោបាយនេះហើយ បានធ្វើឱ្យលោកស្រី ក៏ដូចជាពលរដ្ឋដទៃក្នុងស្រុកសំពៅលូន និងអតីតតំបន់ខ្មែរក្រហមដទៃទៀត បានរស់នៅក្នុងភាពសុខសប្បាយ និងមានជីរភាពល្អប្រសើរ។
Fresh Exclusive បានបន្តដំណើរមកដល់ខេត្តប៉ៃលិន ដែលជាខេត្តស្ថិតភាគខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចកម្ពុជា។ ខេត្តប៉ៃលិន គឺជាអតីតទីតាំងដ៏ធំមួយរបស់លោក អៀង សារី ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហម។ កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមនៅប៉ៃលិន ក្រោមការបញ្ជារបស់លោក អៀង សារី បានធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងឆ្នាំ១៩៩៦។
Fresh Exclusive បានជួបជាមួយលោក គង់ ដួង ដែលជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប។ លោក គង់ ដួង គឺជាអ្នកនិយាយវិទ្យុចល័ត របស់សម្លេងកងទ័ពជាតិប្រជាធិបតេយ្យខ្មែរក្រហម ដែលផ្សាយតែអំពីដំណឹងប្រយុទ្ធនៅលើសមរភូមិនោះ បានរៀបរាប់ជុំវិញការចង់ដឹងថាតើ គោលនយោបាយបីចំណុចដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីការផ្សះផ្សាជាតិ និងការរកសន្តិភាព ក្នុងអតីតតំបន់ខ្មែរក្រហម បានទទួលលទ្ធផលយ៉ាងណា?
«ហើយគោលការណ៍៣ខ ដែលនាំឱ្យបងប្អូនអ្នកផ្តាច់ខ្លួន រួមទាំងខ្ញុំផងពេញចិត្ត ហើយទទួលយកនោះ គឺទី១ ធានាអាយុជីវិត មិនចាប់ចងមិនកាប់សម្លាប់, ទី២ធានាតួនាទីមុខតំណែង ដែលបងប្អូនមានអី្វឋានៈអី្វនៅទីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ឋានៈហ្នឹង ឱ្យប្រហាក់ប្រហែលដូចដើមនោះវិញ, ទីបីកម្មសិទ្ធិ។ នេះជាបញ្ហាសំខាន់ជាអាយុជីវិតបងប្អូនដែលខំតស៊ូមកដើម្បី ៣ចំណុច។
អញ្ចឹងសម្តេចលោកសម្បទានទាំង៣ចំណុច ដែលជាចំណុចស្នូល ធ្វើឱ្យនយោបាយឈ្នះ-ឈ្នះនេះ ទទួលបានជ័យជំនះពេញលេញ។ ខ្ញុំនិងប្រជាពលរដ្ឋនៅទៅនេះ គឺពេញចិត្តនូវនយោបាយឈ្នះ-ឈ្នះនេះ ទើបព្រមទទួលយកគ្រប់យ៉ាងមកដល់ថ្ងៃនេះ។
ឥឡូវសំនួរសួរថាតើថ្ងៃនេះ លទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ នៅប៉ៃលិននេះយ៉ាងម៉េច? កូនខ្ញុំ ចៅខ្ញុំ បានទៅរៀន បានទៅធ្វើការនៅភ្នំពេញ នៅរាជរដ្ឋាភិបាល កូនអ្នកប៉ៃលិន ច្រើនណាស់ឥឡូវនេះ មានការងារសំខាន់ៗ ក្នុងជួរមន្ត្រីរាជការមិនមែនតែនៅប៉ៃលិនទេ នៅក្រសួង នៅរាជធានីភ្នំពេញ ច្រើនមែនទែន។
នៅទីនេះ ពីដើមជាទីរហោដ្ឋាន កន្លែងមានគ្រាប់ធ្លាក់ គ្មានស្ពាន គ្រាន់តែឆ្លងអូរមួយ ត្រូវដេក២យប់ ឥឡូវគ្រប់កន្លែង មានផ្លូវមានស្ពានបេតុង មានវត្តអារាម មានសាលារៀន សូម្បីតែអាគាររដ្ឋបាលសាលាខេត្ត យើងមើលទិដ្ឋភាពប៉ៃលិន ថ្ងៃនេះខុសឆ្ងាយណាស់។ ទម្រាំបានមកដល់ថ្ងៃនេះ យើងក៏មានឧបសគ្គខ្លះដែរ ពួកចាក់រុក ពួកឆ្កឹះឆ្គៀល ពួកបក្ខប្រឆាំងមួយចំនួន នៅឆ្នាំ១៩៩៨ គឺពួកនេះអូសទាញបងប្អូនយើងអ្នកតស៊ូនៅទីនេះ ឱ្យឆាំងរាជរដ្ឋាភិបាលវិញ ដោយយករឿងយួន អាយ៉ងយួនមកធ្វី។
ពួកនោះនិយាយថា យី! ខំតស៊ូ រឿងអីត្រលប់មកវិញទៅចូលធ្វើការបម្រើអាយ៉ងយួន? ពាក្យចាក់ដោតទាំងអស់ហ្នឹង ឥឡូវនេះ ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ខ្ញុំហ៊ានធានាបានថា ទាំងអស់គ្នាយល់បញ្ហានេះច្បាស់ ថាអាហ្នឹងសុទ្ធតែជារឿងបោកប្រាស់ ពីព្រោះសង្រ្គាមយើងឆ្លងមកហើយ អ្នកប៉ៃលិនឆ្លងមកហើយព្រាត់ប្រាស់ នរាស ស្លាប់ របួស ពិការ របៀបម៉េច ជូរចត់របៀបម៉េច ពួកខ្ញុំស្គាល់រសជាតិអស់ហើយ អញ្ចឹងពួកខ្ញុំត្រឡប់ទៅសង្គ្រាមវិញ អាហ្នឹងរឿងមួយ តែរឿងមួយទៀត រឿងខ្សែចក្ខុ រឿងដ៏ត្រឹមត្រូវនេះ មានន័យថា ពីបញ្ចប់សង្រ្គាមមកដល់ថ្ងៃនេះ ពួកខ្ញុំរស់សុខស្រួលណាស់។
ថ្វីត្បិតតែទៅតាមកម្រិត ទៅតាមលទ្ធភាពរៀងៗខ្លួនមែន តែពួកខ្ញុំរស់ស្រួល រស់នៅបានជួបជុំតម្លៃនៃសន្តិភាព ពួកខ្ញុំលែងទៅមុខ ទៅក្រោយ លែងចាក់ចម្រូង លែងរបួស លែងពិការ។ ប៉ៃលិនមុននេះ ម៉ោងនេះ កំពុងមានគ្រាប់ផ្លោងធ្លាក់គ្រាំងៗ។ ឥឡូវនេះ ខ្ញុំលែងឮហើយ ឮតែចម្រៀង…ឮបទភ្លេងការ ឮតែភ្លេងបុណ្យទៀន ខ្ញុំរស់បានជួបជុំ ខ្ញុំមានឱកាសបានរកស៊ីចញ្ចឹមជីវិត កូនខ្ញុំបានរៀន មិនត្រឹមតែនៅប៉ៃលិន នៅកម្ពុជា ពួកគេបានទៅរៀននៅក្រៅប្រទេស ទៅច្រើនប្រទេស កូនអ្នកប៉ៃលិនច្រើនណាស់ អញ្ចឹងនេះ គឺជាលទ្ធផលពិតប្រាកដនៃនយោបាយឈ្នះ-ឈ្នះ។
លទ្ធផលពិតប្រាកដនៃសន្តិភាព ហើយដែលពួកខ្ញុំនៅទីនេះគឺ និយាយមួយម៉ាត់ណា ក៏ដឹងគុណសម្តេចពុកតេជោដែរ។ បើគ្មាននយោបាយឈ្នះ-ឈ្នះ សម្តេចពុកតេជោទេ ប៉ៃលិនក៏គ្មានថ្ងៃនេះ កម្ពុជាក៏គ្មានថ្ងៃនេះ ហើយអ្នកដែលដឹងគុណខ្លាំង គឺអ្នកប៉ៃលិននេះហើយ ប៉ៃលិនមិនបាច់មានអ្នកណាមកផ្លុំត្រចៀក បញ្ចុះបញ្ចូលរឿងយួនរឿងអីគឺអត់ចូលទេ នៅកន្លែងនេះគឺទៅចំណុចដល់រឹងមាំមួយរបស់ជាតិព្រោះកន្លែងនេះជាកន្លែងដែលជូរចត់ ហើយជាកន្លែងរីកចម្រើនបំផុតចុងក្រោយគេ ដូចបង ម៉ារ យ៉ារិទ្ធិ ឃើញហើយគ្រប់យ៉ាង ទោះបីជាជីវភាព មិនសម្បូរសប្បាយ មិនហ៊ឺហារ ក៏ប៉ុន្តែពួកយើង រស់នៅក្នុងភាពសុខដុមរមនា សាមគ្គីគ្នា អញ្ចឹងតាមរយៈហ្នឹងសូមអរគុណដល់សម្តេចតេជោ ក្នុងនាមជាប្រជាពលរដ្ឋទាំងអស់គ្នា»។
នៅក្នុងខេត្តប៉ៃលិននោះដែរ Fresh Exclusive បានជួបជាមួយអតីតអ្នកប្រយុទ្ធខ្មែរក្រហមម្នាក់ គឺ លោក ជឹម ចំណាន ដែលបានកាន់កាំភ្លើងចូលព្រៃប្រយុទ្ធតាំងពីអាយុ១៣ឆ្នាំ បានថ្លែងថាក្រោមគោលការណ៍៣ចំណុច នៃនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន រូបលោកផ្ទាល់និងយុទ្ធមិត្តកាន់អាវុធដទៃទៀត បានទទួលសេចក្តីសុខ និងដឹងគុណចំពោះគោលការណ៍៣ចំណុច ដែលរាជរដ្ឋាភិបាលបានសន្យាមកទល់បច្ចុប្បន្ន៖
«ឃើញថា ពេលដែលសម្តេច លើកបញ្ហាអស់ហ្នឹងមកដល់ខាងពួកខ្មែរក្រហមយើងខ្ញុំនេះ ឃើញថាអ្វីៗបានដើរទៅតាមការដែលគាត់លើកយកមកដើម្បីសន្តិភាព លើកយកមកដើម្បីប្រជាពលរដ្ឋទាំងសងខាង ឃើញថាល្អទាំងអស់ ហើយការរក្សានូវអាយុជីវិតក៏ធ្វើតាមការកំណត់របស់សម្តេចបញ្ហាទី១ ទី២ ទី៣ កន្លែងណាដែលជាទ្រព្យសម្បត្តិរបស់ខ្លួន មួយទៀតអ្នកណាដែលធ្វើអ្វី គឺធ្វើហ្នឹងវិញទាំងអស់ គឺគាត់ប្រកាន់នូវពាក្យសច្ចៈរបស់គាត់ ហើយដែលគាត់ធ្វើបានមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋ និងកងកម្លាំងរបស់ពួកខ្មែរក្រហមទាំងអស់ គឺជឿជាក់លើគាត់ម៉ាត់ណា គឺម៉ាត់ហ្នឹង»។
Fresh Exclusive បានបន្តដំណើរមកកាន់ស្រុកសំឡូត ដែលជាអតីតទីតាំងសំបុកដ៏រឹងមាំមួយ របស់កងកម្លាំងខ្មែរក្រហមកាលពីអតីតកាល។ ស្រុកសំឡូត ដែលមានចំនួន៧ឃុំ គឺជាស្រុកមួយស្ថិតនៅក្នុងខេត្តបាត់ដំបងទេ ប៉ុន្តែស្រុកសំឡូត ដែលមានព្រៃក្រាស់ និងធ្លាប់ជាអតីតសំបុក នៃចលនាតស៊ូនានាគ្រប់ជំនាន់ បានធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល ក្នុងឆ្នាំ១៩៩៦។ យើងបានធ្វើដំណើរមកដល់ឃុំតាសាញ់ និងបានជួបលោកមេឃុំ ជុំ ហន៖
«តាមគោលនយោបាយរបស់សម្តេចប្រមុខដឹកនាំ ដែលលោកបង្រួបបង្រួមជាតិ ផ្សះផ្សាបញ្ចប់សង្រ្គាមតាមគោលនយោបាយ៣ចំណុចនេះ គឺមានសារៈសំខាន់ដល់អតីតកងទ័ព ដែលទី១ ការរស់នៅ, ទី២ សក្តិអំណាច ដែលធ្លាប់ធ្វើអ្វីនៅសម័យនោះ គឺលោកឱ្យធ្វើវិញទាំងអស់ ឱ្យតែអតីត (ខ្មែរក្រហម)។ អញ្ចឹង អស់លោកមួយចំនួនគិតតាមសក្តិតាមធំ តាមតូចទៅ អ្នកណាទទួលភូមិបាន អ្នកណាទទួលឃុំបាន ទៅតាមរចនាសម្ព័ន្ធរបស់គោលការណ៍របស់ថ្នាក់លើ។
បើរឿងកម្មសិទ្ធិ នៅក្នុងស្រុកសំឡូតរបស់ខ្ញុំ ជាពិសេសឃុំទាំងមូល គឺថាតាំងនាមខ្ញុំជាមេឃុំ អាណត្តិទី៥ ពីមុនខ្ញុំនៅចៅសង្កាត់រង…ក្រោយមកលោកមេឃុំគាត់ស្លាប់ទៅ ក៏រដ្ឋាភិបាលផ្ទេរសិទ្ធិឱ្យខ្ញុំមកជាមេឃុំ…ដល់អញ្ចឹងគិតថា ដីលំនៅដ្ឋានបច្ចុប្បន្ន ដែលស្ថិតនៅស្រុកនេះ គឺអត់មានបញ្ហាអ្វីប្រែប្រួលទេ អត់អ្នកណារំលោភលើអ្នកណាទេ ព្រោះដីទាំងហ្នឹង មានគោលការណ៍ គេចែកពីអង្គភាពដូចថា អង្គភាពទី១ ជាអង្គភាពខ្ញុំ បើគេចែកមុខព្រួញទៅណា មេជំនាន់ហ្នឹងអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេច, សម្ដេចលោកឱ្យគណៈអភិបាលស្រុក រៀបចំគណៈកម្មាការចែកដីសម្រាប់បងប្អូន។
កន្លងមកបងប្អូនធ្វើតាមហ្នឹងដែរ និយាយទៅបើសិនណាជាគ្មានគោលនយោបាយរបស់សម្តេចទេ គឺថានៅទីនេះ គឺសុទ្ធតែព្រៃខ្មោចហើយអត់មានអ្នកណាហ៊ានមកបានទេ ព្រោះតំបន់នេះមីន ខ្មែរក្រហមដាក់មីន សង្រ្គាមអត់ចប់ មីនក៏វាសម្បូរដែរ ដល់អញ្ជឹងយើងឃើញថា ក្រោយសមាហរណកម្មមកសម្តេចលោកមានអនុសាសន៍ ដើម្បីជួយប្រជាពលរដ្ឋជាមួយគោលនយោបាយរៀបចំស៊ីម៉ាក់ ដោះមីនទូទាំងស្រុកសំឡូត និងទាំងឃុំរបស់ខ្ញុំផ្ទាល់»។
ស្រុកសំឡូត ស្រុកសំពៅលូន, ម៉ាល័យ, កំរៀង, ភ្នំព្រឹក និងខេត្តប៉ៃលិន គឺជាតំបន់ដែលបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦។ ប៉ុន្តែសង្គ្រាមនៅពេលនោះមិនទាន់ បានបញ្ចប់នៅឡើយទេ រហូតដល់ខែធ្នូឆ្នាំ១៩៩៨ នៅពេលដែលមានការធ្វើសមាហរណកម្ម នៅតំបន់អន្លង់វែង នៃខេត្តឧត្តរមានជ័យ ទើបសង្គ្រាមបានបញ្ចប់ជាស្ថាពរក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមាន៣ចំណុចសំខាន់នោះ។
នៅក្នុងស្រុកអន្លង់វែងនោះ អតីតអភិបាលស្រុកអន្លង់វែង លោក ហោ ជិនវិរយុទ្ធ បច្ចុប្បន្នដែលលោកជាអភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថាគោលនយោបាយ៣ចំណុច ត្រូវបានរាជរដ្ឋាភិបាលរក្សាយ៉ាងខ្ជាប់ខ្ជួន ទាំងផ្នែកស៊ីវិល និងយោធា។
អតីតមេបញ្ជាការខ្មែរក្រហមលោក នាក់ វង្ស ដែលកម្លាំងកងពលរបស់លោកសុទ្ធសឹងជា អតីតកម្លាំងរបស់កងទ័ពខ្មែរក្រហម នៅក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាក់បន្ថែមលើគោលនយោបាយ៣ចំណុច ដែល អតីតយុទ្ធជន និងពលរដ្ឋខ្មែរក្រហមទទួលបានការរក្សាសន្យាពីរាជរដ្ឋាភិបាល៖
«អញ្ជឹងក្រោយពីសមាហរណកម្មមកនេះ ការធានាការសន្យារបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន លោកបានធានា៣យ៉ាង។ ក្នុងបីយ៉ាងនេះ គឺរហូតមកដល់សព្វថ្ងៃនេះ គឺខ្ញុំនៅតែទទួលបាននូវការធានានោះ បានទាំងស្រុង ទីមួយគឺការធានាអាយុជីវិត។ កងពលរបស់ខ្ញុំនេះទាំងអស់គ្នាគឺ សុខសប្បាយ។ ទី២ គឺការធានាតួនាទី ខ្ញុំបាទកាលនោះ គឺជាសមាជិកកងពលក្រោយសមាហរណកម្ម ខ្ញុំជានាយសេនាធិការរបស់កងពល គឺនៅឆ្នាំកៅសិបប្រាំមួយមកដល់បច្ចុប្បន្ននេះ។ ទី៣ ការធានាទ្រព្យសម្បត្តិ គឺខ្ញុំទទួលបានដដែល អត់មានអ្វីខុសពីការធានារបស់សម្តេចទេ ហើយបច្ចុប្បន្ននេះទៀត អង្គភាពរបស់ខ្ញុំនេះ ពីមុនខ្ញុំជានាយសេនាធិការ។
ឆ្នាំ១៩៩៦ ខ្ញុំជានាយសេនាធិការ ដែលមានឯកឧត្តមប្រធានគឺឯកឧត្តម ប៉ែន វ៉ូយ ហើយបច្ចុប្បន្ននេះ គាត់បានទៅជាអនុរដ្ឋលេខាធិការ ហើយបន្តដឹកនាំដោយខ្ញុំដែលជាអតីតកម្ពុជាប្រជាធិបតេយ្យដែរ។ អញ្ចឹង អត់មានអង្គភាពណា អត់មានខាងណាមកចូលទេ គឺខ្ញុំទទួលបន្តពីឯកឧត្តម ប៉ែន វ៉ូយ ។ ឥឡូវនេះ គឺថាសម័យខ្ញុំនេះអាយុសរុបមកគឺ ហក់ឡើងលើអស់ហើយ អញ្ចឹងការជ្រើសរើសបំពេញរបស់ខាងខ្ញុំនេះ មានការបំពេញថ្មី តែអង្គភាពបំពេញដោយខ្លួនឯង យើងជ្រើសរើសខ្លួនឯង ហើយក្នុងការជ្រើសរើសនេះគឺថារាជរដ្ឋាភិបាលលោកឱ្យយើងជ្រើសរើសដោយផ្ទាល់ ហើយការជ្រើសរើសរបស់ខ្ញុំនេះ ភាគច្រើនឥឡូវនេះ គឺថាបំពេញទ័ពថ្មីក្រោយពីចូលសោធននិវត្តន៍ទៅ យើងមានការបំពេញថ្មីតែការបំពេញថ្មីនេះយើងជ្រើសរើសអតីតរបស់កងទ័ពដដែល បានន័យថាកូនចៅរបស់កងទ័ពមុន»។
អតីតអ្នកស្រុកក្នុងតំបន់ខ្មែរក្រហមទាំងក្នុងស្រុកសំឡូត ស្រុកសំពៅលូន, ម៉ាល័យ, កំរៀង, ភ្នំព្រឹក និងខេត្តប៉ៃលិន បានថ្លែងថា ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់អំពីអត្ថន័យ នៃគោលនយោបាយឈ្នះ -ឈ្នះ ៣ចំណុច ដែលបញ្ចប់សង្គ្រាមស៊ីវិល និងការមានសន្តិភាពដូចបច្ចុប្បន្ននេះ គេតែងធ្វើសិក្ខាសាលា ឬតែងនិយាយប្រាប់កូនចៅជំនាន់ក្រោយរបស់គេឱ្យដឹង និងយល់អំពីគុណបំណាច់ នៃនយោបាយបញ្ចប់សង្គ្រាមស៊ីវិល ដែលគ្មានអ្នកណាអាចធ្វើបានឡើយ ក្រៅតែពីការដឹងគុណដ៏ជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយបញ្ចប់សង្គ្រាមស៊ីវិល និងការធ្វើឱ្យប្រទេសមានឯកភាពទឹក ដី ទាំងស្រុងដែលមិនធ្លាប់កើតមានឡើយក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ៕