(ភ្នំពេញ)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ នៅព្រះវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji (Royal Grand Hall of Buddhism) នៃទីក្រុងកាតុ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។
ពិធីនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការព្រះវិហារព្រះពុទ្ធសាសនា Nenbutshu Sampozan Muryojuji និងមានអ្នកចូលរួមសរុបចំនួន ៣០០ អង្គ/នាក់ រួមមាន ព្រះសង្ឃជប៉ុនជាង ២០០អង្គ និងពុទ្ធសាសនិកជាជនជាតិជប៉ុនជាច្រើនរូប។
ក្នុងជំនួបសម្តែងការគួរសមជាមួយ ព្រះតេជគុណបណ្ឌិត Shinkai Kori, ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងការរៀបចំប្រារព្ធពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជារៀងរាល់ឆ្នាំ និងដែលឆ្នាំនេះគឺជាលើកទី១២ ពីសំណាក់ព្រះចៅអធិការ និងគណៈកម្មាធិការនៃព្រះវិហារ Nenbutsushu។
លោក ទុយ រី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងវិស័យព្រះពុទ្ធសាសនា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងជប៉ុន និងបានកត់សំគាល់ផងដែរថា ការថ្វាយព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្រេចដោយកិច្ចប្រជុំកំពូលពុទ្ធសាសនាលើកទី២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ប្រទានថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រមទាំងព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសជប៉ុន និងព្រះវិហារ Nenbutsushu ក៏ដូចជាការនិមន្តចូលរួមរបស់សម្តេចសង្ឃកម្ពុជាទាំងពីរនិកាយ ក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូល នៃពុទ្ធសាសនិកពិភពលោក ជាការបង្ហាញនូវការផ្សាភ្ជាប់ទំនាក់ទំនងនេះក្នុងវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ ព្រះតេជគុណបណ្ឌិត Shinkai Kori ក៏បានរំលឹកផងដែរអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងកាផ្សព្វផ្សាយ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោក ដែលពិតជាសក្តិសមនឹងការថ្វាយនូវព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយកិច្ចប្រជុំកំពូលនៃព្រះពុទ្ធសាសនិកពិភពលោក។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានគូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ខណៈដែលឆ្នាំនោះប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕