(ហ្សឺណែវ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយលោក Fatafehi Fakafanua ប្រធានសភានីតិបញ្ញាត្តិនៃប្រទេសតុងហ្គា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យប្រទេសតុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ព្រមទាំងបានរំលឹកអំពីសារៈសំខាន់នៃការចូលរួមជារដ្ឋភាគីអនុសញ្ញារបស់តុងហ្គា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ សន្តិភាព និងសន្តិសុខសកល។
លោកបណ្ឌិត លី ធុជ ក៏បានលើកទឹកចិត្តប្រទេសតុងហ្គា រួមជាមួយប្រទេសប្រជុំកោះម៉ាស្សល និងមីក្រូនេស៊ី ចូលរួមក្នុងអនុសញ្ញានេះ និងការលើកកម្ពស់ឱ្យតំបន់ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ដេីម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខសកល។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានសម្តែងនូវការគាំទ្រចំពោះយុទ្ធសាស្រ្តប៉ាស៊ីហ្វិកព៌ណខៀវរបស់ប្រទេសតុងហ្គា (Blue Pacific Strategy) ដែលយុទ្ធសាស្រ្តនេះបានបង្ហាញពីការគាំទ្រដល់ផែនការសកម្មភាពសៀមរាប-អង្គរ និងបញ្ហាបរិស្ថាន។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, លោកបណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រតិភូតុងហ្គា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងថ្លែងនូវសេចក្តីថ្លែងការណ៍អំពីចេតនារបស់តុងហ្គា ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលការចូលរួមនេះមានការគាំទ្រពីសហភាពអ៊ឺរ៉ុប។
លោក Fatafehi Fakafanua ប្រធានសភានីតិបញ្ញាត្តិនៃប្រទេសតុងហ្គា បានសម្តែងការគាំទ្រចំពោះចក្ខុវិស័យតំបន់ប៉ាស៊ីហ្វិកសន្តិភាព។ ជាមួយគ្នានោះ ប្រធានសភាតុងហ្គា បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ជាមួយនឹងសេចក្តីថ្លែងការណ៍វិជ្ជមានអំពីចេតនារបស់តុងហ្គា ចូលរួមជារដ្ឋភាគីអនុសញ្ញា។ ប្រទេសតុងហ្គានឹងពិចារណាផ្តល់អាទិភាពលើសំណើសុំចូលរួមជាមួយប្រទេសប្រជុំកោះម៉ាស្សល និងមីក្រូនេស៊ី ក្នុងអនុសញ្ញាតាមរយៈក្រុមសភាកោះប៉ាស៊ីហ្វិក ដែលក្នុងនោះប្រទេសតុងហ្គាជាសមាជិក៕