(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យ និងរៀបចំមណ្ឌលប្រឡង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជូនក្រុមការងារជំនាញបច្ចេកទេស តាមផ្នែកនីមួយៗ ស្តីពីដំណើរការប្រឡង ប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។

កិច្ចប្រជុំបានជំរុញ ឲ្យក្រុមការងារបច្ចេកទេសត្រូវបំពេញការងាររបស់ខ្លួន ឲ្យបានម៉ឹងម៉ាត់ច្បាស់លាស់ ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ ជាពិសេសឲ្យស្របតាមគោលការណ៍ដឹកនាំ របស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា កាលបរិច្ឆេទការផ្តល់ពាក្យប្រឡង គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងការទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមទំនាក់ទំនងព័ត៌មានបន្ថែម នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥៕