(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អ្នកស្ម័គ្រចិត្ដផ្ដល់ឈាមម្នាក់ មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺម្នាក់ដែលត្រូវការឈាមជាចាំបាច់នោះទេ តែអាចជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់ ៣នាក់ ដោយមនុស្សម្នាក់ដែលយើងជួយសង្គ្រោះ អាចផ្ដល់ជាកំណើតដល់កូន ហើយកូននោះអាចបន្ដកំណើតបានជាចៅបន្ថែមទៀត។ ដូច្នេះការផ្ដល់ឈាមនេះ គឺស្មើនឹងជួយគ្រួសាររបស់អ្នកជំងឺទាំងមូល។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្រ្ដីបានថ្លែងបន្ដថា ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។ លើសពីនោះអ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា «សូមចងចាំថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ»។
«តាមរយៈសកម្មភាពផ្ដល់ឈាមរបស់មន្ដ្រីសុខាភិបាលយើងថ្ងៃនេះ ក៏បង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា ដែលជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។ ពិសេសត្រូវចងចាំផងដែរថា អ្នកស្ម័គ្រចិត្ដផ្ដល់ឈាមម្នាក់ គឺអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើននាក់យ៉ាងហោចណាស់៣នាក់ ហើយស្មើនឹងជួយគ្រួសារអ្នកជំងឺទាំងមូល»។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្តុះ អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំពិធីនេះឡើង និងសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។
ក្នុងថ្ងៃនេះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួន ២០២រូប មានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣រូប ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន ៣រូប និងមេដាយការងារថ្នាក់សំរិទ្ធ ចំនួន ១៩៦រូប ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត។ បន្ទាប់មកលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។
តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងបន្តប្រារព្ធកម្មវិធីបរិច្ចាគឈាមនៅឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត។ លោកបានថ្លែងទៀតថា ការបរិច្ចាគឈាម គឺជាអំពើសប្បុរសធម៌ដ៏សំខាន់ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ជារៀងរាល់ថ្ងៃ។ នេះគឺជាមធ្យោបាយដ៏សាមញ្ញមួយ ប៉ុន្តែស៊ីជម្រៅក្នុងការរួមចំណែករបស់បុគ្គលិកសុខាភិលដល់សហគមន៍របស់យើង៕