(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់ អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនេះ បានលើករបៀបវារៈ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត, ២-ពិនិត្យ និងអនុមត័ របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត, ៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្តពោធិ៍សាត់ និងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត, ៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី១ អាណត្តិទី៤, ៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៦-បញ្ហាផ្សេងៗ។
លោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកសាលាខេត្ត ត្រូវធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ និងតួលេខនៅក្នុងរបាយការណ៍។ លោកបានសង្កត់ធ្ងន់ទៅលើ បញ្ហាការសំណង់អណាធិបតេយ្យ ដែលបានសាងសង់ ទៅលើដីចំណីផ្លូវ តាមដងផ្លូវជាតិលេខ៥៥ ជាពិសេសចំណុចផ្លូវអន្ទង់អាំង និងផ្លូវជាតិលេខ១០ ក្នុងឃុំអូរសោមជាដើម។ បន្តធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ម៉្យាងទៀតរាល់អត្តសញ្ញាណបណ្ណ ដែលក្រសួងបានធ្វើរួច គឺត្រូវចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា មិនត្រូវយកទុកនៅប៉ុស្តិ៍ ហើយឆ្លើយទៅពួកគាត់ថា មិនទាន់ធ្លាក់មកពីក្រសួង ដែលជាល្បិចកលដ៏អាក្រក់ ដើមី្បទាមទារលាភសក្ការៈពីប្រជាពលរដ្ឋ នៅពេលពួកគាត់មកសួរនាំនោះឡើយ។ លោកបានបន្តថា ទង្វើរទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេវាសាធារណៈ និងរាជរដ្ឋាភិបាល ដោយអាជ្ញាធរមូលដ្ឋាន។ ដើមី្បធ្វើការលុបបំបាត់ករណីទាំងនេះ លោកក៏បានធ្វើការជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត សូមឱ្យបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាត់ឱ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យនូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភណ្ឌភាព នៅតាមទីប្រជុំជនប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។
លោកបានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ គ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរអង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕