(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្វះខាត និងសំណូមពររបស់មន្ទីរទេសចរណ៍ ក្នុងគោលដៅពង្រឹងវិស័យទេសចរណ៍នៅក្នុងខេត្ត។
ខេត្តកំពង់ចាម កំពុងទទួលបាននូវជ័យលាភីទីក្រុងស្អាតចំនួន៣លើកមកហើយ ជាពិសេស ក្រុងកំពង់ចាម ទើបតែប្រកាសជាផ្លូវការ «ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលជាផ្នែកដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ប្រកបដោយសុខដុមនីយកម្ម និងសក្តានុពលខ្ពស់ចំពោះការអភិវឌ្ឍឱ្យមានភាពលេចធ្លោអមដោយបរិយាកាសល្អបរិសុទ្ធ បរិស្ថានអនាម័យល្អ និងសុខសុវត្ថិភាពក្នុងតំបន់បន្ថែមទៀត៕