(សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់លោកស្រី Josephine Teo រដ្ឋមន្ត្រីអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងរដ្ឋមន្ត្រីទទួលបន្ទុកជាតិវៃឆ្លាយ និងសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត របស់សិង្ហបុរី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត (AMMCC) លើកទី៩ នៅប្រទេសសិង្ហបុរី។
ហើយនៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤, អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថា ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត លើកទី៩។ នៅក្នុងឱកាសនោះលោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតយន្តការថ្នាក់តំបន់ដែលមានភាពស្វាហាប់ ដែលរៀបចំគោលនយោបាយបង្រួបបង្រួមគ្នា នៅទូទាំងអាស៊ាន ខណៈធ្វើការរួមគ្នាជាមួយដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន ដើម្បីបង្កើតប្រព័ន្ធបរិស្ថានឌីជីថលមួយដែលមានសុវត្ថិភាព និងមានភាពធន់។
សម្រាប់ដដែលលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត (AMMCC) លើកទី៩ ព្រមទាំងសម័យប្រជុំពិសេស ជាមួយដៃគូសន្ទនា។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺរណែតដែលកំពុងលេចឡើង ស្របពេលដែលរិះរកវិធីដើម្បីពង្រឹងសណ្តាប់ធ្នាប់ពហុភាគីដែលផ្អែកលើច្បាប់ នៅក្នុងលំហតាមប្រព័ន្ធអ៉ីនធឺរណែត។ បន្ថែមលើនេះកិច្ចប្រជុំក៏បានពិភាក្សាជុំវិញវិធីសាស្ត្រនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមប្រព័ន្ធអ៉ីនធឺរណែតថ្នាក់តំបន់របស់អាស៊ាន ជាមួយដៃគូសន្ទនា ដើម្បីឆ្លើយតបនឹងការប្រឈមសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែតរួមគ្នា។
ដោយឡែកនៅរសៀលថ្ងៃទី១៦ ខែតុលា, អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Gobind Singh Deo រដ្ឋមន្ត្រីឌីជីថលរបស់ម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបវារៈអាទិភាពឌីជីថលសំខាន់ៗ នៅពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៥ ខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាស៍ជាមួយកាសែត Manager Online របស់ថៃ។ នៅក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន បានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់អាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺរណែតដែលកំពុងកើនឡើង បង្រួមគម្លាតឌីជីថល និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ជាពិសេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ។
នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Ernst Noorman ឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត របស់ប្រទេសហូឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសកម្មភាពសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីជំរុញអាទិភាពទៅវិញទៅមក ស្តីពីសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត នៅក្នុងក្របខណ្ឌភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន ជាមួយហូឡង់។
ហើតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤, លោកបណ្ឌិត កៅ គឹមហួន បានពិសាបាយការងារជាមួយលោកស្រី Josephine Teo រដ្ឋមន្ត្រីអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងរដ្ឋមន្ត្រីទទួលបន្ទុកជាតិវៃឆ្លាយ និងសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែតរបស់សិង្ហបុរី នាឱកាសនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែត (AMMCC) លើកទី៩។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីរបៀបវារៈសេដ្ឋកិច្ចឌីជីថលអាស៊ាន និងបរិវត្តកម្មឌីជីថល រួមទាំងគំនិតផ្តួចផ្តើមសំខាន់ៗស្តីពី សន្តិសុខតាមប្រព័ន្ធអ៉ីនធឺរណែតជាដើម៕