(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាពដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានជាងពាក់កណ្តាលនៃសេចក្តីសម្រេចសរុបចំនួន ១៨៨វិធានការ។
ការថ្លែងសាទររបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។
ឆ្លៀតក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងរំលឹកថា វេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាវេទិកាមួយដែលវិស័យឯកជន និងរដ្ឋាភិបាលសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់បរិយាកាសធុរកិច្ច។
អ្នកឧកញ៉ា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំវេទិកា G-PSF លើកទី ១៩ និងបានរំលឹកសារជាថ្មីអំពីសារៈសំខាន់ នៃការបន្តភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់បន្តកិច្ចសន្ទនាជាមួយវិស័យឯកជន។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេទិការ G-PSF លើកទី ១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ចម្បងៗចំនួន ១១ ក្នុងនោះរួមមាន៖ (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិង ការវិនិយោគ, (២) ការសម្រាលបន្ទុកលើអនុលោមភាព, (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ, (៤) កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែន សមត្ថកិច្ចគយ, (៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ, (៦) ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍, (៧) ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, (៨) វិស័យធនាគារ និងហិរញ្ញវត្ថុ, (៩) វិស័យរ៉ែ និងថាមពល, (១០) វិស័យសំណង់និងអចលនទ្រព្យ និង (១១) បញ្ហាផ្សេងៗ។
វិធានការដែលបានដាក់ចេញទាំងនេះត្រូវបានបំបែកជាវិធានការលម្អិតតូចៗចំនួន ១៨៨ ហើយវឌ្ឍនភាពនៃការ អនុវត្តវិធានការលម្អិតខាងលើ ត្រូវបានបែងចែកជា ៣ប្រភេទ គឺ (១)សម្រេចបានពេញលេញ (២) កំពុងត្រូវបានអនុវត្ត និង (៣) មិនទាន់ត្រូវបានអនុវត្ត។ ក្នុងចំណោមវិធានការទាំង ១៨៨ មានវិធានការចំនួន ១០៨ (ស្មើនឹង ៥៧%) សម្រេចបានពេញលេញ។ ជាមួយគ្នានេះ វិធានការដែល កំពុងត្រូវបានអនុវត្ត មានចំនួន ៨០វិធានការ (ស្មើនឹង ៤៣%) ដែ ភាគច្រើនជាវិធានការដែលមានលក្ខណៈជាចរន្ត តម្រូវឱ្យមានការ អនុវត្តជាបន្តបន្ទាប់ រីឯវិធានការខ្លះទៀត គឺពុំទាន់ដល់ពេលវេលា កំណត់ត្រូវបញ្ចប់ការអនុវត្តនៅឡើយ។
ជាមួយការសម្រេចបានលទ្ធផលគួរជាទីមោទននេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា៖ «នេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏ធំធេងនៅក្នុងវិស័យសំខាន់ៗសម្រាប់វិស័យឯកជន ដូចជាការបន្ធូរបន្ថយបន្ទុកអនុលោមភាព ការសម្របសម្រួលពាណិជ្ជកម្ម កំណែទម្រង់ពន្ធ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ»។
អ្នកឧកញ៉ា ចាត់ទុកការរីកចម្រើនគួរឲ្យកត់សម្គាល់នេះ គឺជាលទ្ធផលផ្ទាល់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ទោះជាយ៉ាងណាក៏ដោយ អ្នកឧកញ៉ា បានលើកឡើងទៀតថា យើងក៏ត្រូវតែទទួលស្គាល់ថាបញ្ហាប្រឈមនៅតែមាន ដែលក្នុងនោះ ៤៣% នៃវិធានការនៅតែដំណើរការ ហើយវាចាំបាច់ណាស់ដែលយើងត្រូវដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា វិស័យឯកជនត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្ររដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធត្រួតពិនិត្យតាមដានវេទិការ G-PSF ហើយយើងស្នើឱ្យមានការរួមបញ្ចូលឧបករណ៍ឌីជីថល ដែលនឹងអនុញ្ញាតឱ្យមានការអាប់ដេតជាបន្តបន្ទាប់ និងមតិកែលម្អពីភាគីពាក់ព័ន្ធ។
បន្ថែមពីនេះអ្នកឧកញ៉ា ប្រធាន បានថ្លែងថា ក្នុងងស្មារតីនេះ សភាពាណិជ្ជកម្មកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ចសម្រាប់ G-PSF ថ្មីមួយ កំពុងធ្វើការដោយផ្ទាល់ជាមួយលេខាធិ ការដ្ឋាន G-PSF CCC ដើម្បីធ្វើឱ្យវាកាន់តែបើកចំហចំពោះភាគីពាក់ព័ន្ធ និងតម្រង់ទិសទៅរកលទ្ធផលបន្ថែមទៀត ដែលកំពុងតែទទួលបានផលផ្លែផ្កា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួម សកម្មភាព និងប្តេជ្ញាចិត្តចំពោះគោលដៅរួមរបស់យើងក្នុងការបង្កើតសេដ្ឋកិច្ចកម្ពុជាដែលមានការប្រកួតប្រជែង ភាពធន់ និងថាមវន្ត។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានប្រសាសន៍ថា ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។ វិធានការជាងពាក់កណ្តាល ត្រូវបានសម្រេចពេញលេញត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ដែលតួលេខនេះបង្ហាញថា ការអនុវត្តវិធានការមានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សម្គាល់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាក់ស្តែង យើងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management-cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់វិនិយោគិនដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថលផងដែរ។
ឯកឧត្តមបន្តថា របាយការណ៍នេះ គឺជាឯកសារមូលដ្ឋានសម្រាប់ជូនរាជរដ្ឋាភិបាលពិនិត្យ ពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើង។
ឯកឧត្តមបន្ថែមថា របាយការណ៍នេះ ក៏នឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ជាសក្ខីភាពដ៏រឹងមាំមួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលបង្ហាញពី តម្លាភាព គណនេយ្យភាព និងការប្រាស្រ័យទាក់ទងបើកចំហគឺមានសារៈសំខាន់បំផុត ពង្រឹងការជឿទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាលថែមមួយកម្រិតទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងទទួលបានការយល់ឃើញរួមគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលមុខ៕