(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ដំណើរកម្សាន្តជូនជនចាស់ជរា នៅអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ទៅកាន់ភ្នំគូលែន តាមសំណើ ហើយដំណើរកម្សាន្តនេះនឹងធ្វើឡើងនៅក្រោយពិធីបុណ្យអុំទូក ពោលគឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ការសម្រេចផ្តល់ដំណើរកម្សាន្តជូនដូនចាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនចាស់ជរា នូវបំណងប្រាថ្នារបស់ពួកគាត់ ដែលជាផ្នែកមួយជួយសម្រាលភាពសោកសៅនៅវ័យជរារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានការលំបាក និងគ្មានលទ្ធភាពដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ។
ការសម្រេចផ្តល់ដំណើរលេងកម្សាន្តនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ «សំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា៖ «ជូនតាមសំណូមពរ ឥឡូវដោយសារតែខែនេះភ្លៀង ខ្ញុំថាចាំក្រោយបុណ្យអុំទូក មេឃរាំងភ្លៀងទើបល្អ ប្រហែលចុងខែ១១ អីចឹងចាំរៀបចំទៅលោកយាយ អត់អីទេលោកយាយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ការរៀបចំដំណើរកម្សាន្តដល់លោកយាយ ទៅភ្នំគូលែននេះ គឺនឹងរៀបចំរថយន្តជូនលោកយាយ ដល់លើភ្នំគូលែន តែម្តង ដើម្បីជួួយសម្រាលការលំបាកលោកយាយ ឱ្យបានលេងកម្សាន្តសប្បាយនៅលើភ្នំនេះតែម្តង នៅក្រោយពិធីបុណ្យអុំទូក៕